RFI
អន្តរជាតិ
សភា​បារាំង អនុ​ម័ត​​ច្បាប់​អន្តោប្រវេសន៍​ថ្មី ដ៏ចម្រូងចម្រាសបំផុត
21, Dec 2023 , 4:30 pm        
រូបភាព
សភាបារាំងបោះឆ្នោតអនុម័ត លើច្បាប់អន្តោប្រវេសន៍ថ្មី ដែលត្រូវបានតាក់តែងឡើង ដោយគណៈកម្មការចម្រុះសភា។ ប៉ារីស ថ្ងៃទី១៩ធ្នូ២០២៣ REUTERS
សភាបារាំងបោះឆ្នោតអនុម័ត លើច្បាប់អន្តោប្រវេសន៍ថ្មី ដែលត្រូវបានតាក់តែងឡើង ដោយគណៈកម្មការចម្រុះសភា។ ប៉ារីស ថ្ងៃទី១៩ធ្នូ២០២៣ REUTERS
ដោយ៖ម៉ម ពិសី
 
កាលពីយប់ថ្ងៃអង្គារ​ ទី​១៩ធ្នូ សភាបារាំង បាន​បោះឆ្នោត​អនុម័ត ច្បាប់អន្តោប្រវេសន៍ថ្មីមួយ។ ជាច្បាប់ដ៏ចម្រូងចម្រាស ធ្វើឲ្យ​ក្រុម​បក្សនយោបាយបារាំង ទាំងឆ្វេងនិយម និងស្តាំនិយម ឈ្លោះប្រកែកគ្នា។ រដ្ឋាភិបាល​បារាំង ដែល​មានសំឡេងភាគច្រើនតិចតួចស្តួចស្តើងក្នុងសភា បានបង្ខំចិត្ត​កែប្រែខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ដើម្បីបំពេញចិត្ត​បក្ស​ស្តាំនិយម។ ដោយឡែក​​បក្សឆ្វេងនិយមវិញ បានបរិហារថា​ ច្បាប់អន្តោប្រវេសន៍​ថ្មីនេះ គឺជាការ​បោះជំហាន​ចូល​ក្នុងគោលនយោបាយគ្រប់គ្រងអន្តោប្រវេសន៍​​ ដែល​មានលក្ខណៈតឹងតែងជ្រុលហួសហេតុ ​និងអយុត្តិធម៌​។

 
តើច្បាប់អន្តោប្រវេសន៍ថ្មី​របស់​បារាំងនេះ មានខ្លឹមសារយ៉ាងណាខ្លះ?
 
ជំនួយហិរញ្ញវត្ថុ​គ្រួសារ និងការជួយ​ចេញថ្លៃស្នាក់នៅ​

យោងតាម​ច្បាប់អន្តោប្រវេសន៍​ថ្មី​ ដែល​គណៈកម្មការចម្រុះសភា និង​ព្រឹទ្ធសភាបារាំងបានតាក់តែង​ គឺការទទួលបានជំនួយថវិកាពីរដ្ឋបារាំង លែងមានលក្ខណៈជាស្វ័យប្រវត្តិទៀតហើយ សម្រាប់​ជនបរទេសដែល​មាន​ដើមកំណើតអឺរ៉ុប​។ ជាមួយច្បាប់ថ្មីនេះ គេបែងចែកជនបរទេសជា២ប្រភេទ ទីមួយគឺអ្នកមានការងារធ្វើ ទី​២គឺអ្នកគ្មានការងារធ្វើ។ ជនបរទេសដែលមិនធ្វើ​ការ អាចទទួល​បានជំនួយហិរញ្ញវត្ថុគ្រួសារពីរដ្ឋ ឬអាចប្រើប្រាស់សិទ្ធិ​ទាមទារ​ផ្ទះស្នាក់នៅបាន ល្គឹកណា​អ្នកនោះ ​បានរស់​នៅដោយស្របច្បាប់​ លើទឹកដី​បារាំង​រយៈពេល​យ៉ាងហោច​៥ឆ្នាំ។ តែចំពោះអ្នកដែលមាន​ការងារ​ធ្វើវិញ គឺមានរយៈពេលរងចាំ​​តែ​៣០ខែទេ។
 
ទាក់ទិននឹង​សិទ្ធិទទួល​បានជំនួយថវិការដ្ឋជួយចេញថ្លៃផ្ទះស្នាក់នៅ (APL) វិញ គឺ​អ្នកដែលគ្មានការងារធ្វើ អាចសុំបាន​តែត្រូវស្នាក់នៅដោយស្របច្បាប់ ចំនួន​៥ឆ្នាំសិន​។ ចំពោះអ្នកមាន​ការងារធ្វើវិញ គឺអាចសុំបានដោយបន្ទាប់ពីបានស្នាក់នៅស្របច្បាប់ ចំនួន​៣ខែ​។ ដោយឡែក លក្ខខណ្ឌថ្មីនេះ នឹងមិនអនុវត្តទៅលើ និស្សិតបរទេសទេ។ អ្នក​ដែលមានក្រដាសស្នាមក្នុងនាមជាជនភៀសខ្លួន និង​អ្នកដែល​បានបណ្ណស្នាក់​នៅអចិន្ត្រៃយ៍ (Carte de résidence) ក៏​មិនជាប់ពាក់​ព័ន្ធ​នឹងមាត្រានេះដែរ​។
 
ការប្រគល់សិទ្ធិស្នាក់នៅ ដល់អ្នកដែលគ្មានក្រដាសស្នាមស្របច្បាប់

យោងតាមច្បាប់ថ្មី គឺអភិបាលតំបន់ (Préfet) នីមួយៗ ដែលនឹងមានសិទ្ធិសម្រេច​ជាឯកច្ឆ័ន្ទ ក្នុង​ការផ្តល់​បណ្ណស្នាក់នៅ​ស្របច្បាប់ ដល់​អ្នកដែលគ្មានក្រដាសស្នាម​ ដោយ​ផ្អែក​លើ​វិស័យ​ការងារ​មួយចំនួន ដែល​ខ្វះបុគ្គលិកធ្វើការ​​។​ បណ្ណស្នាក់​នៅរយៈពេល​១ឆ្នាំ (Titre de séjour) អាចត្រូវបាន​ប្រគល់​ឲ្យ​អ្នកគ្មាន​ក្រដាសស្នា​ម​ ប្រសិនបើអ្នកនោះបានស្នាក់នៅ​លើទឹកដីបារាំងរយៈពេល​យ៉ាងហោច​៣ឆ្នាំ ហើយ​បានធ្វើ​ការ​ទាំងគ្មានក្រដាសស្នាម​ រយៈពេយយ៉ាងហោច១២ខែក្នុងរវាង​២៤ខែចុងក្រោយ​។ ចំណុចមួយទៀត គឺជនបរទេសដែលគ្មានក្រដាសស្នាម តែមានការងារធ្វើ អាចដាក់ពាក្យ​សុំ​បណ្ណស្នាក់នៅ ដោយ​មិនចាំបាចមានការយល់ព្រមជាមុន ពីថៅកែ ឬពី​នយោជកឡើយ​។
 
ការកំណត់ចំនួនអតិបរមា​នៃ​ជនអន្តោប្រវេសន៍​
យោងតាមច្បាប់ថ្មី ចំនួន​អតិ​បរមានៃជនអន្តោប្រវេស៍​ ឬហៅថាកូតាជនអន្តោប្រវេសន៍ នឹងត្រូវកំណត់​រៀងរាល់៣ឆ្នាំម្តង ដោយរដ្ឋសភា។ សភាបារាំងនឹងជជែក​គ្នា ៣ឆ្នាំម្តង អំពីចំនួន​អតិបរមានៃជនអន្តោប្រវេសន៍ ដែលបារាំងអាចទទួលបាន​ តែដោយ​មិនរាប់បញ្ចូល​ អ្នកដែលសុំសិទ្ធិជ្រកកោន ក្នុងនាម​ជា​ជនភៀសខ្លួនឡើយ​។ ទាក់ទិននឹងចំណុចនេះ រដ្ឋាភិបាលបារាំង បានលើកឡើងថា តុលាការធម្មនុញ្ញបារាំងអាចនឹង​សម្រេចច្រានមាត្រានេះ ព្រោះវាផ្ទុយពី​រដ្ឋធម្មនុញ្ញ។ ដូច្នេះ​ខ្លឹមសារខ្លះ នៃច្បាប់អន្តោប្រវេសន៍​ថ្មីនេះ អាចនឹងមានការប្រែប្រួលបន្ថែមទៀត។
 
ការផ្តល់ និងការ​ដក​សញ្ជាតិបារាំង

ច្បាប់អន្តោប្រវេសន៍​ថ្មី បានកំណត់ផងដែរ អំពី​លទ្ធភាព​នៃការដកសញ្ជាតិបារាំង ចេញពីអ្នកដែល​មាន​សញ្ជាតិ២ ប្រសិនបើអ្នកនោះបានប្រព្រឹត្ត​អំពើឧក្រិដ្ឋ “មនុស្សឃាតដោយចេតនា” ធ្វើទៅលើមនុស្សដែល​មាន​អំណាចអាជ្ញាសាធារណៈ តួយ៉ាងដូចជា​មន្ត្រីនគរបាល​ជាដើម​។
 
ចំពោះអ្នកដែល​បានកើតនៅលើទឹកដីបារាំង តែមាន​ឪពុកម្តាយ​ជាជនបរទេស គឺអាចសុំសញ្ជាតិបារាំងបាន នៅរវាង​អាយុ ចន្លោះពី​១៦ ដល់​១៨ឆ្នាំ។ ផុតពីនេះ គឺមិនអាចទាមទារសិទ្ធិ​មានសញ្ជាតិ​បារាំង ដោយ​អះអាងថាខ្លួនកើត​លើទឹកដីបារាំងបានឡើយ​។ មួយវិញទៀត ចំពោះជនបរទេស​​​ដែលត្រូវបាន​តុលាការបារាំង ផ្តន្ទាទោសពីបទឧក្រិដ្ឋ គឺជននោះមិនអាចសុំសញ្ជាតិបារាំង​បានទេ ទោះបី​ជាកើតនៅលើទឹកដីបារាំងក៏ដោយ​។
 
ច្បាប់អន្តោប្រវេសន៍ថ្មី ក៏បាន​កំណត់​ទោសផងដែរ ចំពោះអ្នកដែល​ស្នាក់នៅលើទឹកដីបារាំងដោយ​ខុសច្បាប់។ ជាទោសពិន័យ​ជាប្រាក់ តែមិនមែនជាទោសដាក់ពន្ធនាគារទេ។ បន្ថែមពីនេះ ជនបរទេសជាអនីតិជន ដែលគ្មានក្រដាសស្នាមស្របច្បាប់​​ មិនអាចត្រូវបាន​គេចាប់​យកទៅដាក់ នៅក្នុងមន្ទីរឃុំឃាំង​រដ្ឋបាល​បានទេ​។
 
សិទ្ធិ​ប្រមូល​ផ្តុំគ្រួសារ​
ទាក់ទិននឹងសិទ្ធិប្រមូលផ្តុំគ្រួសារ (Regroupement familial) ច្បាប់អន្តោប្រវេសន៍ថ្មី មានខ្លឹមសារ​តឹងតែងជាងមុន។ ​ពីមុនជនបរទេសម្នាក់ អាចយក​ប្តីឬប្រពន្ធមករស់​នៅលើទឹកដីបារាំង គឺទាល់តែ​ជនបរទេសនោះ បាន​ស្នាក់​នៅដោយ​ស្របច្បាប់ លើទឹកដីបារាំង រយៈពេល១៨ខែ ហើយ​ប្តីឬប្រពន្ធជនបរទេសនោះ ត្រូវមានអាយុ​ចាប់​ពី១៨ឆ្នាំឡើងទៅ​។ តែយោងតាមច្បាប់ថ្មី ជនបរទេសនោះត្រូវស្នាក់​នៅស្របច្បាប់​យ៉ាងហោច​ ២៤ខែ មានប្រាក់ចំណូលថេរ ទៀងទាត់ គ្រប់គ្រាន់អាចទទួលបន្ទុកបាន និង​មានបណ្ណធានារ៉ាប់រងសុខភាព​។ ចំពោះ​ប្តីឬប្រពន្ធ​ដែលជនបរទេសនោះចង់យកមករស់នៅលើទឹកដីបារាំង ត្រូវមានអាយុ​យ៉ាងហោច​២១ឆ្នាំ។
 
លក្ខខណ្ឌធានាហិរញ្ញវត្ថុ ចំពោះនិស្សិតបរទេ

ទាក់ទិននឹងនិស្សិតបរទេស ដែលចង់​មកសិក្សានៅបារាំង ច្បាប់ថ្មីបានកំណត់ ថាត្រូវតែ​បង្ហាញ​ការធានាផ្នែកហិរញ្ញវត្ថុ​គ្រប់គ្រាន់ ដើម្បី​អាច​ទទួលបានបណ្ណស្នាក់នៅក្នុងនាមនិស្សិត​។​ ការធានាផ្នែកហិរញ្ញវត្ថុនេះ គឺដើម្បី​បញ្ជាក់ថានិស្សិតបរទេសនោះ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចំណាយ​ផ្សេងៗទាំងការស្នាក់នៅហូបចុក។
 
លក្ខខណ្ឌនេះ ត្រូវបាន​ក្រុមសមាជិកសភាមកពីបក្សសំឡេងភាគច្រើនរដ្ឋាភិបាល ព្យាយាម​រារាំងដែរ ដោយ​លើកហេតុផលថា វា​នឹង​បង្កើតឲ្យ​មាន​អវិសមភាព រវាងនិស្សិតជនជាតិបារាំង និង​និស្សិតបរទេស ហើយធ្វើឲ្យ​និស្សិតបរទេសកាន់តែមានបន្ទុក​ ជួបការលំបាក​។
 
ជំនួយរដ្ឋផ្នែក​សុខភាព (Aide médicale d’Etat)

ចំពោះ ​ជំនួយរដ្ឋបារាំងក្នុងការជួយព្យាបាលជំងឺជនបរទេស ដែលគ្មានក្រដាសស្នាមស្របច្បាប់វិញ ក្រុមបក្សស្តាំនិយម បានទាមទារថាត្រូវតែលុបចោល ព្រោះរដ្ឋបារាំងត្រូវតែសន្សំសំចៃប្រាក់។ តែទីបំផុត ក្រុម​សមាជិកសភាបក្សស្តាំនិយម បានសុខចិត្ត​ថាមិនលុបចោលទេ ជាថ្នូរនឹងការ​សន្យា​របស់​រដ្ឋាភិបាល​បារាំង ក្នុងការធ្វើកំណែទម្រង់ រឹតបន្តឹងលើបញ្ហានេះ នៅរវាងដើមឆ្នាំ​២០២៤។
 
ជាចុងក្រោយ​ ច្បាប់អន្តោប្រវេសន៍​ថ្មី បានកំណត់​លក្ខខណ្ឌតឹងតែងបន្ថែម ទាក់ទិននឹង​ការប្រគល់​បណ្ណស្នាក់នៅ ក្រោមហេតុផលសុខភាព​។ យោងតាមច្បាប់ថ្មី លើកលែងតែករណីពិសេសមួយចំនួន​ គឺជនបរទេសដែលមានជំងឺ អាចទទួលបាន​បណ្ណស្នាក់នៅប្រភេទនេះបាន ល្គឹកណាទាល់តែជននោះ អាចបង្ហាញថាខ្លួនមិនអាចទទួលបាន​​​ “ការព្យាបាល​ដ៏ត្រឹមត្រូវ​” នៅក្នុងប្រទេសកំណើត​។ បន្ថែមពី​នេះ​ ប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់រដ្ឋបារាំង មិនអាចចេញថ្លៃការចំណាយ​ ដោយស្វ័យប្រវត្តិបានឡើយ។ ជនបរទេសដែល​​មានជំងឺនោះ ត្រូវបង់ថ្លៃចំណាយ​សេវាសុខភាព​ដោយ​ខ្លួនឯង ប្រសិន​បើរកឃើញថា ជននោះមានប្រាក់ចំ​ណូល​គ្រប់គ្រាន់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com