អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនព្រមានហ្វីលីពីនពីការគណនាខុសនៅក្នុងសមុទ្រចិនខាងត្បូង
21, Dec 2023 , 8:29 pm        
រូបភាព
លោក វ៉ាង យី ប្រមុខការទូតចិន ។ រូបភាព​ ៖ CCTV
លោក វ៉ាង យី ប្រមុខការទូតចិន ។ រូបភាព​ ៖ CCTV
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់ហ្វីលីពីនឱ្យដោះស្រាយបញ្ហាធ្ងន់ធ្ងរ នៅក្នុងទំនាក់ទំនងទ្វេភាគី  ជុំវិញសមុទ្រចិនខាងត្បូង។ ប្រមុខការទូតចិន បានព្រមានថា ការគិតខុសលើរឿងណាមួយរបស់ហ្វីលីពីន អាចនឹងជំរុញឱ្យទីក្រុងប៉េកាំងចាត់វិធានការការពារខ្លួន និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់។

 
នាប៉ុន្មានខែថ្មីៗនេះ ទីក្រុងប៉េកាំង និងម៉ានីលបានចោទគ្នាទៅវិញទៅមក ជុំវិញបញ្ហាចម្រូងចម្រាសជាបន្តបន្ទាប់នៅសមុទ្រចិនខាងត្បូង។ ហ្វីលីពីនបានចោទប្រកាន់ឆ្មាំសមុទ្ររបស់ចិនថា មានចេតនាបុកកប៉ាល់របស់ខ្លួន និងប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីប្រឆាំងនឹងពួកគេ ខណៈដែលចិនបានចោទហ្វីលីពីនវិញថា បានរំលោភបំពានលើទឹករបស់ខ្លួន។
 
ទាក់ទិននឹងបញ្ហារកាំរកូសក្នុងទំនាក់ទំនងទ្វេភាគីរវាងចិន និងហ្វីលីពីននៅឆ្នាំប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងម៉ានីល បានងាកទៅជំរុញទំនាក់ទំនងយោធាជាមួយជប៉ុន និងអាម៉េរិកឡើងវិញ ដែលជាអតីតមហាអំណាចអាណានិគម និងសម្ព័ន្ធមិត្តការពារជាតិដែលមានរយៈពេល៧ ទសវត្សរ៍។
 
«ទំនាក់ទំនងចិន-ហ្វីលីពីន ស្ថិតលើការសម្រេចចិត្តដ៏សំខាន់» ។ លោក វ៉ាង បានប្រាប់សមភាគីហ្វីលីពីនលោក Enrique Manalo បែបនេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃទី២០ ខែធ្នូ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
 
លោក វ៉ាង បានបញ្ជាក់ថា ក្នុងនាមជាប្រទេសជិតខាងទាំងចិន និងហ្វីលីពីនចាំបាច់ត្រូវពិភាក្សាអំពីជម្លោះណាមួយដែលជាកិច្ចការបន្ទាន់បំផុត ដើម្បីដោះស្រាយ និងគ្រប់គ្រងស្ថានភាពដែនសមុទ្រនាពេលបច្ចុប្បន្ន។
 
ប្រមុខការទូតចិនរូបនេះបន្ថែមថា ភាពលំបាកនៅក្នុងទំនាក់ទំនងទ្វេភាគីបច្ចុប្បន្ន ដោយសារតែហ្វីលីពីនផ្លាស់ប្តូរគោលជំហរគោលនយោបាយ និងបោះបង់ការប្តេជ្ញាចិត្តរបស់ខ្លួន។ លោកបានប្រាប់​ឲ្យ​ភាគី​ហ្វីលីពីន វិល​មក​រក​ផ្លូវ​ត្រឹមត្រូវ​វិញ​ ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។
 
ជុំវិញបញ្ហាចម្រូងចម្រាសពាក្យសម្តីនេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងទាំងពីរទទួលស្គាល់ពីសារៈសំខាន់នៃការសន្ទនាដើម្បីដោះស្រាយបញ្ហាទាំងនេះ។  
 
ទំនាក់ទំនងរវាងហ្វីលីពីន និងចិននាពេលថ្មីៗនេះកាន់តែយ៉ាប់យ៉ឺន ដោយសារតែការសម្រេចចិត្តរបស់ប្រធានាធិបតីហ្វីលីពីន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយអាម៉េរិក រួមទាំងការអនុញ្ញាតឱ្យអាម៉េរិកចូលទៅកាន់មូលដ្ឋានយោធាបន្ថែមទៀត។
 
នៅថ្ងៃទី២៣ ខែវិច្ឆិកា យោធាចិននិយាយថា ហ្វីលីពីនបានចូលរួមជាមួយកងកម្លាំងខាងក្រៅដើម្បីល្បាតនៅសមុទ្រចិនខាងត្បូង ដែលបង្កបញ្ហាបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ បើតាមសារព័ត៌មាន Reuters កម្លាំងខាងក្រៅដែលយោធាចិនលើកឡើងនោះ គឺជាអាម៉េរិក ពីព្រោះសេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំង ត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នាដែលយោធាហ្វីលីពីន និងអាម៉េរិក បានធ្វើការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូង៕ 

Tag:
 ចិន
  ហ្វីលីពីន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com