កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ីនឹងក្លាយជាប្រទេសទី២ បន្ទាប់សិង្ហបុរីដែលរៀបចំការប្រកួត M-Serie ២លើក
22, Dec 2023 , 9:29 am        
រូបភាព
ម៉ាឡេស៊ី ត្រូវបានប្រកាសថានឹងជាប្រទេសដែលត្រូវ​រៀបចំការប្រកួតពានរង្វាន់ពិភពលោកកីឡាអេឡិចត្រូនិក M6 World Championship ដោយការប្រកួតនឹងធ្វើឡើងចន្លោះពីខែវិច្ឆិកា ដល់ខែធ្នូ ចុងឆ្នាំ ២០២៤។ នេះបើតាមការប្រកាស អំឡុងការប្រកួតពានរង្វាន់ M5 World Championship នៅក្នុងប្រទេសហ្វីលីពីន។



មុនការប្រកួតពានរង្វាន់ M5 World Championship វគ្គផ្តាច់ព្រ័ត្រ ដែលជាការប្រកួតរបស់ក្រុម AP Bren ក្រុមម្ចាស់ផ្ទះផ្ទាល់បានយកឈ្នះលើក្រុម ONIC Esports មកពីឥណ្ឌូណេស៊ីក្នុងលទ្ធផលវគ្គ ៤-៣ ក្នុងកម្មវិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ ក៏បានប្រកាសអំពីបេក្ខភាពដែលនឹងរៀបចំការប្រកួតពានរង្វាន់ពិភពលោក M-Series របស់កីឡាអេឡិចត្រូនិក Mobile Legends ដោយជាប្រទេសម៉ាឡេស៊ី។ 
 
ប្រទេសម៉ាឡេស៊ី ជាទីតាំងដំបូងគេបំផុតដែលបានរៀបចំការប្រកួតពានរង្វាន់លំដាប់ពិភពលោក M-Series ដោយកាលនោះធ្វើឡើងពីថ្ងៃទី១០ ដល់ទី១៧ ខែវិច្ឆិកា​ នៅក្នុងឆ្នាំ ២០១៩ ហើយការប្រកួតត្រូវបានគេដាក់ឈ្មោះថា M1 World Championship។ ក្រុមគ្រងជើងឯកដំបូងគេបង្អស់ជាក្រុមមកពីប្រទេសឥណ្ឌូណេស៊ី EVOS Esports ហើយក្រុមរងជើងឯក ​RRQ មកពីឥណ្ឌូណេស៊ីដូចគ្នា ហើយក្រុមជើងឯកកាលនោះទទួលបានប្រាក់រង្វាន់ចំនួន ៨ម៉ឺនដុល្លារ។
  


ឈានចូលដល់ពិភពលោកជួបវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ-១៩ នៅក្នុងឆ្នាំ ២០២១ ការប្រកួត M2 និង M3 World Championship ត្រូវបានធ្វើឡើងក្នុងឆ្នាំតែមួយ ដោយប្រទេសសិង្ហបុរីត្រូវបានជ្រើសរើសសម្រាប់រៀបចំការប្រកួត ដោយផ្អែកលើសុវត្ថិភាពផ្នែកសុខភាពជាសំខាន់។ ការប្រកួតដោយបិទទ្វារមិនឱ្យមានអ្នកចូលទស្សនាពានរង្វាន់ M​2 ក្រុមមកពីហ្វីលីពីន Bren Esports ក្លាយជាជើងឯក កាលនោះពួកគេជាជើងឯកលើកទីមួយ ហើយនៅ M3 ក្រុម Blacklist International របស់ហ្វីលីពីនជាជើងឯក។ 
 
ក្រោយពីធូស្រាលជំងឺរាតត្បាតកូវីដ-១៩ ពានរង្វាន់ M4 World Championship ត្រូវបានធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាការប្រកួតបើកទ្វារអនុញ្ញាតឱ្យមានអ្នកចូលទស្សនាច្រើនឡើងវីញ ហើយក្រុមមកពីហ្វីលីពីន ECHO បានឈ្នះជើងឯក​ ហើយក្រុម Blacklist International ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ២។ M5 World Championship បានធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីនលើកដំបូង ហើយក្រុម AP Bren ដោយប្តូរពីឈ្មោះ Bren Esports ឈ្នះជើងឯកជាលើកទីពីរ។ 
 
ប្រទេសម៉ាឡេស៊ី ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលសម្បូរទៅដោយប្រជាជនពេញនិយមក្នុងការលេងកីឡាអេឡិចត្រូនិកលើវិញ្ញាសារ Mobile Legends ដោយមកដល់បច្ចុប្បន្នលីគអាជីពស្ថិតក្នុងប្រទេសដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានធ្វើដំណើរដល់រដូវកាលទី១២ ហើយដូចទៅនឹងប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី។ ក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់លំដាប់ពិភពលោក M5 World Championship គឺជាលើកទីពីរសម្រាប់ប្រទេសម៉ាឡេស៊ីដែលនឹងរៀបចំការប្រកួតបាន ២លើក ដូចទៅនឹងប្រទេសសិង្ហបុរី៕

Tag:
 កីឡាអេឡិចត្រូនិក
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com