អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ថាក់ស៊ីន អាច​ជាប់​ទោស​នៅ​ក្រៅ​ពន្ធនាគារ
21, Dec 2023 , 5:59 pm        
រូបភាព
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាអតីតនាយករដ្ឋមន្រ្តីថៃ ។ រូបភាព​ ៖ AFP
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាអតីតនាយករដ្ឋមន្រ្តីថៃ ។ រូបភាព​ ៖ AFP
ក្រោមបទប្បញ្ញត្តិថ្មីរបស់នាយកដ្ឋានកែប្រែថៃ អតីត​នាយក​រដ្ឋមន្ត្រីលោក ​ថាក់ស៊ីន ស៊ីណាវ៉ាត់ មាន​សិទ្ធិ​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារ។ នេះបើតាមឧបនាយករដ្ឋមន្ត្រីថៃទទួលបន្ទុកកិច្ចការច្បាប់លោក Somsak Thepsutin ។

 
ឧបនាយករដ្ឋមន្ត្រីថៃលោក Somsak Thepsutin បាននិយាយនៅថ្ងៃទី២០ ខែធ្នូ ថា ទោសជាប់ពន្ធនាគាររបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានតិចជាង៤ឆ្នាំ ដូច្នេះអតីតនាយករដ្ឋមន្ត្រីរូបនេះ មិនត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ដល់សង្គមឡើយ។ លោកសង្កត់ធ្ងន់ថា លោក ថាក់ស៊ីន មានសិទ្ធិត្រូវបានឃុំខ្លួននៅខាងក្រៅពន្ធនាគារ ហើយទោសដែលនៅសេសសល់មានរយៈពេលខ្លីណាស់។
 
នាយកដ្ឋានកែប្រែថៃបានចេញបទប្បញ្ញត្តិថ្មីកាលពីដើមខែធ្នូ ដោយអនុញ្ញាតឲ្យអ្នកទោសទទួលទោសនៅខាងក្រៅពន្ធនាគារ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌកំណត់។ កាសែត Bangkok Post បានដកស្រង់សម្តីលោក Somsak ដែលធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌អណត្តិមុនដោយជឿជាក់​ថា អតីត​នាយក​រដ្ឋមន្ត្រីលោក ថាក់ស៊ីន បានបំពេញ​គ្រប់លក្ខខណ្ឌ​កំណត់ទាំងនេះ។
 
លោក ថាក់ស៊ីន ដែលមានអាយុ៧៤ឆ្នាំ បាន​ត្រឡប់​ចូលស្រុក​ថៃ​វិញ​នៅ​ថ្ងៃ​ទី២២ ខែ​សីហា បន្ទាប់​ពី​និរទេស​ខ្លួន​អស់១៥ឆ្នាំ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗនៅព្រលានយន្តហោះ។ តុលាការបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ក្រោមការចោទប្រកាន់ពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍អំឡុងពេលដែលលោកកាន់អំណាច ប៉ុន្តែព្រះមហាក្សត្រថៃបានបន្ថយការកាត់ទោសមកត្រឹម១ឆ្នាំ។ លោកអាច​នឹង​ត្រូវ​បាន​លើក​លែង​ទោស​បន្ថែម​ទៀត និង​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នា​ចុង​ខែ​កុម្ភៈ ឆ្នាំ២០២៤។
 
ប៉ុន្មានម៉ោងបន្ទាប់ពីត្រូវបានបញ្ជូនទៅពន្ធនាគារនៅទីក្រុងបាងកកកាលពីថ្ងៃទី ២២ ខែសីហា លោក ថាក់ស៊ីន ត្រូវបានផ្ទេរទៅមន្ទីរពេទ្យរបស់ប៉ូលីសដោយសារតែបញ្ហាសុខភាព ហើយនៅតែត្រូវបានព្យាបាលនៅទីនេះអស់រយៈពេល ១២០ថ្ងៃមកទល់ពេលនេះ។
 
ជុំវិញសំណួរថាតើ លោក ថាក់ស៊ីន នឹងស្នាក់នៅក្នុងមន្ទីរពេទ្យ ឬត្រូវបញ្ជូនទៅផ្ទះដើម្បីទទួលទោសនោះ លោក Somsak បាននិយាយថា នាយកដ្ឋានកែតម្រូវនឹងកំណត់ទីតាំងសមរម្យសម្រាប់អ្នកទោសម្នាក់ៗ និងមានវិធានការត្រួតពិនិត្យ និងគ្រប់គ្រងលើអ្នកទោស ។
 
គួរបញ្ជាក់ថា លោក ថាក់ស៊ីន បានកាន់តំណែងជានាយករដ្ឋមន្ត្រីថៃតាំងពីឆ្នាំ២០០១ ប៉ុន្តែត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធានៅឆ្នាំ២០០៦ បន្ទាប់មកលោកបានចាកចេញពីប្រទេសដោយរស់នៅនិរទេសខ្លួនតាំងពីឆ្នាំ ២០០៨ ដើម្បីគេចពីពន្ធនាគារទាក់ទងនឹងការចោទប្រកាន់អំពើពុករលួយ៕ 

Tag:
 ថាក់ស៊ីន
  ថៃ
  ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com