កីឡាអន្តរជាតិ
អន្តរជាតិ
សហភាពបាល់ទាត់រុស្ស៊ីបោះឆ្នោតប្រឆាំងការប្តូរទៅចូលរួមសហព័ន្ធបាល់ទាត់អាស៊ី​
21, Dec 2023 , 6:29 pm        
រូបភាព
សហភាពកីឡាបាល់ទាត់រុស្ស៊ី (RFU) បានបោះឆ្នោតប្រឆាំងចំពោះបំណងផ្លាស់ប្តូររបស់បាល់ទាត់រុស្ស៊ីចេញពីតំបន់អឺរ៉ុប (UEFA) ទៅចូលរួមបាល់ទាត់ទ្វីបអាស៊ី (AFC)។ សមាជិក RFU ទាំងអស់ទាមទារឱ្យជ្រើសរើសបន្តនៅក្នុងអឺរ៉ុប ខណៈដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូ កំពុងសម្លឹងមើលទំនាក់ទំនងល្អជាមួយ UEFA ឡើងវិញ។



ចាប់តាំងពីពេលដែលប្រទេសរុស្ស៊ីបានវាយលុក ចូលប្រទេសអ៊ុយក្រែន​ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានសម្រេចចិត្តដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយមិនអនុញ្ញាតឱ្យមានការប្រកួតអន្តរជាតិ ឬ ការប្រកួតក្នុងតំបន់អឺរ៉ុបទាំងអស់ រហូតដល់ពេលនេះ។
 
ដោយសារររងទណ្ឌកម្ម កាលពីចុងឆ្នាំ ២០២២ ប្រធានសហភាពបាល់ទាត់រុស្ស៊ីលោក Alexander Dyukov ធ្លាប់បានននិយាយថា រុស្ស៊ីសម្លឹងមើលឱកាសចូលរួមជាមួយនឹងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC)។
 
«សំណួរអំពីការផ្លាស់ទៅកាន់ AFC ត្រូវបានពិភាក្សា យើងបានបោះឆ្នោតជាឯកច្ឆ័ន្ទប្រឆាំង ព្រោះមិនមានការធានាពី FIFA។ យើងត្រូវតែសម្រេចចិត្តបន្តទំនាក់ទំនងជាមួយ​ UEFA ជាពិសេសរឿងនេះកំពុងតែដំណើរការ យើងនឹងចាំមើលថាកាលៈទេសៈនៅឆ្នាំបន្ទាប់និងវិវត្តិបែបណាទៀត។»។ នេះបើតាមសម្តីរបស់សមាជិកនៃគណៈកម្មាធិការ RFU លោក Mikhail Gershkovich ប្រាប់ទៅទីភ្នាក់ងារព័ត៌មាន RIA។
 
​កាលពីប៉ុន្មានខែមុន FIFA និង UEFA ហាក់បង្ហាញសញ្ញានៃការបន្ធូរបន្ថយការរឹតបន្តឹងលើក្រុមយុវជនបាល់ទាត់រុស្ស៊ី។ ចំណែក UEFA ក៏បានលើកឡើងទៀតថាកុមារមិនគួរត្រូវបានរងពិន័យចំពោះការប្រព្រឹត្តិរបស់មនុស្សធំឡើយ៕

Tag:
 រុស្ស៊ី​
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com