អន្តរជាតិ
ថៃ គ្រោងដាក់សម្លៀកបំពាក់ប្រពៃណីបុរាណខ្លួនទៅក្នុងបញ្ជីអង្គការយូណេស្កូ
22, Dec 2023 , 8:34 am        
រូបភាព
ថៃបង្អួតសម្លៀក​បំពាក់បុរាណនៅតាមរមណីយដ្ឋានទេសចរណ៍នានា។ រូបភាព Ticket 2 Attraction
ថៃបង្អួតសម្លៀក​បំពាក់បុរាណនៅតាមរមណីយដ្ឋានទេសចរណ៍នានា។ រូបភាព Ticket 2 Attraction
ក្រសួងវប្បធម៌ថៃ គ្រោងស្នើសុំដាក់សម្លៀកបំពាក់ប្រពៃណីថៃ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូ (UNESCO)។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ លោក Kowit Pakamart នៅថ្ងៃទី២១ ខែធ្នូ។



បន្ទាប់ពីដាក់សង្រ្កាន្តទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ថៃគ្រោងបន្ថែមដាក់សម្លៀកបំពាក់ប្រពៃណីបុរាណ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូថែមទៀត។

នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃ នៅថ្ងៃទី២១ ខែធ្នូ បានរៀបចំកិច្ចប្រជុំមួយ ជាមួយបុគ្គលពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានលើសម្លៀកពាក់ប្រពៃណី ដើម្បីរៀបចំ ដាក់សម្លៀកបំពាក់ប្រពៃណីថៃ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូ។

តាមការយល់ឃើញរបស់អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ លោក Kowit Pakamart សម្លៀកបំពាក់ប្រពៃណីថៃ គឺខុសពីបណ្តាប្រទេសផ្សេង និងមានលក្ខណៈពិសេសផ្ទាល់ខ្លួន។ បើតាមលោក Kowit ការស្លៀកសម្លៀកបំពាក់ប្រពៃណី ជាការបង្ហាញបទដ្ឋានសង្គមសម្រាប់ប្រជាជនថៃ ដែលបង្ហាញពីការការពារប្រពៃណី និងវប្បធម៌។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សម្រាប់ស្រ្តី ថៃមានសម្លៀកបំពាក់ចំនួន ៨ប្រភេទ ខណៈបុរសមាន ៣ប្រភេទ ហើយត្រូវបានពាក់នៅក្នុងកម្មវិធីខុសៗគ្នា។

យ៉ាងណាមិញ មន្រ្តីរូបនេះ មិនបានបញ្ជាក់ឡើយថា ថៃគ្រោងដាក់សម្លៀកបំពាក់បំពាក់ប្រពៃណីនៅសម័យមួយណា។ 
 
មហាក្សត្រីថៃ Sirikit បានផ្តួចផ្តើមការស្រាវជ្រាវសម្លៀកបំពាក់ប្រពៃណីបុរាណថៃរបស់ស្រ្តី នៅក្នុងសម័យកាលខុសៗគ្នា ដើម្បីរៀបចំស្លៀកពាក់អមដំណើរជាមួយស្តេច Bhumibol Adulyadej ទៅអាម៉េរិក និងអឺរ៉ុប កាល៦០ឆ្នាំមុន។

កន្លងមកថៃ បានដាក់សង្រ្កាន្ត, របៀបម៉ាស្សាថៃ, របាំ Khon និងរបាំNora ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូ៕

© រក្សាសិទ្ធិដោយ thmeythmey.com