អន្តរជាតិ
អនុរដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាម ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងការទទួលសំណូក
22, Dec 2023 , 4:29 pm        
រូបភាព
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Do Thang Hai។ រូបភាព Vietnam Government Portal
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Do Thang Hai។ រូបភាព Vietnam Government Portal
ក្រោមយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ប៉ូលិសវៀតណាមបានចាប់ខ្លួនអនុរដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក្រោមការចោទពាក់ព័ន្ធនឹងការទទួលសំណូក។ នេះបើតាមការប្រកាសរបស់ក្រសួងសន្ដិសុខ សាធារណៈវៀតណាម នៅថ្ងៃទី២១ ខែធ្នូ​។​

 
សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងសន្តិសុខសាធារណៈវៀតណាម បាន​បង្ហាញថា អនុរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Do Thang Hai ដែលមានវ័យ ៦០ ឆ្នាំ ត្រូវបានចាប់ខ្លួនក្រោមការស៊ើបអង្កេតលើបទចោទទទួលយកសំណូកពីក្រុមហ៊ុនពាណិជ្ជកម្មប្រេងមួយដែលស្ថិតនៅភាពខាងត្បូងវៀតណាម។
 
លោក Hai ជាជួររដ្ឋាភិបាលម្នាក់ក្នុងចំណោមមន្ត្រីវៀតណាមរាប់រយនាក់ទៀតដែលត្រូវបាន ស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយ។ ជាលទ្ធផល មន្ត្រីទាំងនោះជាច្រើនត្រូវបង្ខំឱ្យឈប់ ពីតួនាទី រួមទាំងអតីតប្រធានាធិបតី លោក Nguyen Xuan Phuc និងព្រមទាំងអនុនាយករដ្ឋមន្ត្រីពីររូបទៀតផងដែរ។
 
ទន្ទឹមនេះ កាសែតរដ្ឋ Tuoi Tre រាយការណ៍ថា ផ្ទះរបស់លោក Hai និងការិយាល័យរបស់លោក ត្រូវបានឆែកឆេរនាថ្ងៃទី២១ ខែធ្នូ។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មមិនបានអធិប្បាយពីព័ត៌មានលម្អិតបន្ថែមទៀតនោះឡើយ។
 
លោក Hai បានឡើងកាន់តំណែងជាអនុរដ្ឋមន្ត្រីតាំងពីឆ្នាំ ២០១៤ ហើយបានទទួលបន្ទុកលើ ការងារជាច្រើនរួមមាន ទីផ្សារក្នុងស្រុក ការលើកកម្ពស់ពាណិជ្ជកម្ម ការផលិត និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ។ លើសពីនេះលោកក៏ធ្លាប់បានធ្វើជាអ្នកនាំពាក្យនៃក្រសួងមួយផងដែរ។
 
គួរបញ្ជាក់ថា យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយបានចាក់ចូលជ្រៅក្នុងវិស័យសាវជីកម្ម វៀតណាម ដោយមានមហាសេដ្ឋី ឈ្មួញកណ្តាលកំពូល អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងសូម្បី តែនិយ័តករត្រូវបានជាប់ឃុំកាលពីឆ្នាំមុនដែលបង្កឱ្យមានការខាតបង់ប្រាក់ចំនួន ៤០ ពាន់ លានដុល្លារសម្រាប់ភាគហ៊ុន និងធ្វើឱ្យទំនុកចិត្តវិនិយោគិនធ្លាក់ចុះ។
 
យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស ក្នុងប៉ុន្មានសប្ដាហ៍មុន ប៉ូលិសបានចាប់ខ្លួនមនុស្ស ៤ នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹង ករណីក្រុមហ៊ុនធ្វើដំណើរ និងដឹកជញ្ជូនប្រេង Xuyen Viet។ អ្នកត្រូវបានចាប់ខ្លួនទាំង ៤ រូបរួម មានមន្ត្រីជាន់ខ្ពស់របស់បក្សកុម្មុយនីស្តនៅខេត្ត Ben Tre និងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់វៀតណាម៕

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com