ជាតិ
ពន្យល់ពាក្យ
ជនអន្តោប្រវេសន៍ និងជនអនន្តោប្រវេសន៍
30, Jan 2024 , 7:29 am        
រូបភាព
ដកស្រង់ពី​វចនានុក្រម​ខ្មែរ២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភា​កម្ពុជា សារព័ត៌មានឌីជីថល​ថ្មីៗ សូម​លើកយក​ពាក្យ «ជនអន្តោប្រវេសន៍» និង «ជនអនន្តោប្រវេសន៍» មក​ពន្យល់។

 
«អន្តោ​ប្រវេសន៍» មានន័យថា ១. ការចូលមកខាងក្នុង។ ការចូលមកក្នុងប្រទេសណាមួយ ដើម្បីតាំងលំនៅជាប្រាកដនៅទីនោះ ដោយឥតត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ, ដំណើរដែលជនបរទេសចូលមកតាំងលំនៅក្នុងប្រទេស :  ការប្រិតប្រៀបខាងអន្តោប្រវេសន៍, រឿងអន្តោប្រវេសន៍។  ២. ដំណើរផ្លាស់ទីរបស់អ្នកដែលមកពីប្រទេសក្រៅចូលទៅកាន់ប្រទេសណាមួយ ក្នុងបំណងតាំងទីលំនៅថ្មី (ប្រើចំពោះបម្លាស់ទីអន្តរជាតិ) :  ច្បាប់ស្ដីពីអន្តោប្រវេសន៍, ទិដ្ឋាការអន្តោប្រវេសន៍។  
 
«ជន​អន្តោប្រវេសន៍» សូរអានៈ [ជន់-អន់-តោ-ប្រ-វេស] គឺ​ជនដែលធ្វើបម្លាស់លំនៅចេញពីប្រទេសណាមួយចូលមកក្នុងប្រទេសមួយផ្សេងទៀត ដែលមិនមែនជាប្រទេសកំណើតរបស់ខ្លួន។ តាម​វចនានុក្រម​ដដែល ពាក្យ «អន្តោប្រវេសន្ត» សូរអានៈ [អន់-តោ-ប្រ-វេ-ស័ន] ក៏មានន័យថា ជនអន្តោប្រវេសន៍, អ្នកធ្វើអន្តោប្រវេសន៍ :  ជនបរទេសអន្តោប្រវេសន្ត ផងដែរ។
 
រីឯពាក្យ «ជនអនន្តោប្រវេសន៍» [ជន់-អៈ-ណន់-តោ-ប្រ-វេស] វិញ គឺ​សំដៅ​ដល់ជនដែលចូលទៅក្នុងប្រទេសណាមួយ ដើម្បីបំពេញបេសកកម្មជាតំណាងអង្គការអន្តរជាតិឬអង្គការតំបន់ជាតំណាងប្រទេស ឬដើម្បីបំពេញបេសកកម្មឬការងារផ្សេងទៀត តាមកិច្ចព្រមព្រៀងរវាងប្រទេសដើមកំណើតនៃជននោះនិងប្រទេសដែលខ្លួនចូលទៅ : បុគ្គលិកស្ថានទូតប្រចាំនៅប្រទេសណាមួយ ជាជនអនន្តោប្រវេសន៍នៅក្នុងប្រទេសនោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com