ជាតិ
ពន្យល់ពាក្យ
ផ្លាក, ស្លាក, សលាក ដូចគ្នា ឬ ខុសគ្នា?
19, Feb 2024 , 7:30 am        
រូបភាព
ពាក្យ «ផ្លាក» ត្រូវបាន​លើក​ឡើង​មកពន្យល់ក្នុង​វចនានុក្រម​ខ្មែរ២០២២របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ ដោយ​កន្លងមក វចនានុក្រម​ខ្មែរសម្តេច ព្រះសង្ឃរាជ ជួន ណាត ពន្យល់ត្រឹមតែពាក្យ «ស្លាក» និង «សលាក» ប៉ុណ្ណោះ។ មាន​ការ​ប្រើ​ប្រាស់​ឡូកឡំ​គ្នា​រវាង «ផ្លាក» និង​ «ស្លាក» របស់ស្មេរមួយចំនួន​ ដូច្នេះសារព័ត៌មានឌីជីថល​ថ្មីៗ សូម​លើក​យក​ពាក្យទាំងនេះ មក​ពន្យល់។

 
«ផ្លាក» គឺសន្លឹកធ្វើអំពីលោហៈ ឈើ ឬរបស់ផ្សេងៗទៀត ដែលមានលក្ខណៈរឹង សំប៉ែត ស្តើង តូចជាងផ្ទាំង និងមានរាងផ្សេងៗ ប៉ុន្តែជាទូទៅ ច្រើនមានរាងចតុកោណ សម្រាប់ប្រើសម្គាល់លេខរថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត គេហដ្ឋាន តួនាទី កន្លែងធ្វើការ។ល។  
 
«ផ្លាកពាណិជ្ជកម្ម» សំដៅដល់ផ្លាកដែលគេដាក់ផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈ នៅតាមថ្នល់ដែលមានចរាចរណ៍ច្រើនជាដើម :  ផ្លាកពាណិជ្ជកម្មទឹកបរិសុទ្ធ, ផ្លាកពាណិជ្ជកម្មស្រាបៀរ។  រីឯ «ផ្លាកយីហោ» គឺ
ផ្លាកដែលដាក់នៅលើទ្វារចូលទៅហាងទំនិញ ភោជនីយដ្ឋានជាដើម។  
 
«ស្លាក» មានន័យថា សំបុត្រជាកំណត់តូចៗ ជាគ្រឿងសម្គាល់ឈ្មោះជាដើម; ឆ្នោត; ទីវ; ខ្នាច់ :  សរសេរស្លាក, បិទស្លាកជាសម្គាល់; ចាប់ស្លាក; ដាក់ស្លាកជាសម្គាល់កុំឱ្យច្រឡំ។ ពាក្យកាព្យ៖ រីការបោះឆ្នោត ត្រូវកុំបញ្ឆោត បន្លំស្លាកគ្នា ត្រូវបោះត្រង់ៗ ផ្ចង់រាល់អាត្មា ទើបលោកហៅថា ស្លាកត្រូវតាមច្បាប់។  
 
«សលាក» ក៏មានន័យ​ដូចស្លាកផងដែរ ហើយន័យមួយទៀត គឺ «ឆ្នោត»។ «សលាកបរិវត្តន៍»​ គឺការផ្លាស់ឬប្ដូរស្លាក; ការផ្លាស់ឬប្ដូរឆ្នោត។  «សលាកភត្ត» ជា​ភត្តដែលទាយកប្រគេនភិក្ខុសង្ឃតាមស្លាក ដែលខ្លួនចាប់ត្រូវត្រង់នាមរបស់លោក :  ទាយកច្រើនប្រជុំគ្នា ធ្វើសលាកភត្តក្នុងរដូវដើមឆ្នាំ ។  
 
«សលាកវិចារណ៍» មានន័យថា ការចាប់ស្លាក; ការបោះឆ្នោត។  សលាកានុវត្តន៍ គឺអនុវត្តន៍តាមឆ្នោត។ ចំណែក «សលាកបត្រ» វិញ មានន័យថា ក្រដាសឬប័ណ្ណសម្គាល់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com