ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត ៖ ត្រូវចេះថែរក្សាទីផ្សារដែលមានហើយ កុំឱ្យបាត់ទៅវិញ
23, Dec 2023 , 10:40 am        
រូបភាព
រកទីផ្សារ​នាំចេញទំនិញបានហើយ​បាត់ទៅវិញ! ជាពិសេសបាត់ដោយសារអ្នកលក់ នោះ គឺមានផលបច្ច័យអាក្រក់ណាស់ដល់ប្រទេសជាតិ។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ដោយទាមទារឱ្យអ្នកផ្គត់ផ្គង់ទាំងអស់ត្រូវចេះថែរក្សាទីផ្សារដែលមានហើយ កុំឱ្យបាត់ទៅវិញ។

 
«បាត់[ទីផ្សារ]ដោយសារកត្តាអ្នកទិញ ជារឿងមួយ តែកុំឱ្យបាត់ដោយសារកត្តាអ្នកលក់​»។ សម្តេច ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងពាណិជ្ជកម្ម ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នារសៀលថ្ងៃទី២២ធ្នូ។ 
 
 
សម្តេចនាយករដ្ឋមន្ត្រី បានរំឭកថា ការបាត់ទីផ្សារនាំចេញរបស់កម្ពុជានៅតំបន់អឺរ៉ុបកន្លងមក គឺដោយសារកត្តាអ្នកបញ្ជាទិញបានរៀបចំបច្ចេកទេស​នានា​ និងដំឡើងស្តង់ដារនូវផលិតផល។ សម្តចបន្តនិយាយដូច្នេះ៖ « តែយ៉ាងណាកត្តាសំខាន់បំផុត គឺត្រូវរក្សានូវគុណភាពផលិតផលយើង​ ដើម្បីធានាភាពជឿជាក់[របស់អ្នកទិញ]។ នេះជាចំណុចធំណាស់។ ឧទាហរណ៍ ៖ យើងនាំអង្ករចេញទៅទីផ្សារអន្តរជាតិ បើសិនជាមានក្រុមហ៊ុនមួយធ្វើឱ្យខូចស្តង់ដារនៅកម្ពុជា​ គឺយើងអាចខូចទីផ្សារហ្នឹងតែម្តង សម្រាប់គ្រប់[ក្រុមហ៊ុននាំចេញអង្ករ]ទាំងអស់»។ ដូច្នេះ វាទាមទារឱ្យគ្រប់គ្នាត្រូវចូលរួមថែរក្សាទីផ្សារ។​
 
បើតាមសម្តេច បើថែរក្សាទីផ្សារបាន នោះទើបវាជួយដល់ការពង្រឹងទីផ្សារដោយបង្កើនបរិមាណនៃការនាំចេញនូវផលិតផលនីមួយៗទៅកាន់ទីផ្សារ និងបង្កើនមុខទំនិញនាំចេញបានកាន់តែប្រសើរ។ 
 
១១ខែមកនេះ ទំហំពាណិជ្ជកម្ម​រវាងកម្ពុជា ជាមួយប្រទេសដៃគូក្នុងពិភពលោក សម្រេចបាន ៤៣,៥២ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញ មានតម្លៃ២១ពាន់លានដុល្លារ កើន ជាង៤ភាគរយ ខណៈការចំណូលវិញធ្លាក់ចុះ២០ភាគរយ ដែលមានទំហំទឹកប្រាក់ ២២ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២៕​

 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com