ជាតិ
អាកាសធាតុចុះត្រជាក់ពីបង្គួរទៅខ្លាំង ដល់ថ្ងៃទី២៥ធ្នូ !
23, Dec 2023 , 12:30 pm        
រូបភាព
រូបតំណាង
រូបតំណាង
ភ្នំពេញ៖ ប្រព័ន្ធសម្ពាធខ្ពស់នៅលើប្រទេសចិន នៅតែបន្តបង្កើនឥទ្ធិពល គ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីបង្គួរទៅខ្លាំង។ ការណ៍នេះនឹងបង្កឱ្យធាតុអាកាស បន្តចុះត្រជាក់នៅពេលព្រឹក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក​ និងឧតុនិយម តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាពី១៧-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៨-៣០អង្សាសេ ហើយខ្យល់បក់មកពីទិសខាងជើង ក្នុងល្បឿនពី៥-៧ម៉ែត្រក្នុងមួយវិនាទី។ 
 
ក្រសួងបានបញ្ជាក់ថា  ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប មានសីតុណ្ហភាពអប្បបរមាពី ១៧-១៩អង្សាសេ។ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាពី១៦-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៧-២៩អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រក្នុងមួយវិនាទី។
 
ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៦-១៧°C។ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៨-៣០អង្សាសេ ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៦-៨ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់ពី១,២៥-២,០០ ម៉ែត្រ។
 
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានក្រើនរំលឹកដល់ពលរដ្ឋ ឱ្យមានការ​ប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានជិតល្អ ដើម្បីបង្ការពីជំងឺតម្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

Tag:
 អាកាសធាតុ
  ធាតុអាកាស
  ត្រជាក់
  ព្យាករណ៍អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com