ជាតិ
ជនជាតិកួយ​ធ្លាប់ជួយខ្មែរសង់ប្រាសាទ និងមានជំនាញបញ្ជាន់ថ្មផលិតជាដែក
23, Dec 2023 , 10:00 pm        
រូបភាព
សៀមរាប៖ ជនជាតិកួយ ជាជាតិសាសន៍ភាគតិចមួយនៅកម្ពុជា​ដែលល្បីល្បាញលើការផលិតឬស្លដែក។ តំណាងជនជាតិដើមភាគតិចកួយ លោកស្រី ទេព ទឹម បានបង្ហាញពីមោទកភាពក្នុងនាមជនជាតិកួយ ដែលធ្លាប់ជួយខ្មែរសាងសង់ប្រាសាទ និងផលិតដែកច្នៃជាសម្ភារសឹកសង្រ្គាម និងសម្ភារប្រើប្រាស់ផ្សេងៗ។

 
តំណាងជនជាតិកួយពីខេត្តព្រះវិហារ លោកស្រី ទេព ទឹម បានបញ្ជាក់ថា តាមប្រវត្តិសាស្រ្តជនជាតិកួយ ធ្លាប់ជួយកសាងប្រាសាទជាច្រើននៅខេត្តសៀមរាប។ ជនជាតិកួយ ជាអ្នកជំនាញស្លដែក និងចេះវិធីសាស្រ្តបញ្ជាន់ថ្មផលិតជាដែក ដែលគ្មានជាតិសាសន៍ភាគតិចណាអាចធ្វើបានឡើយ។ 
 
ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗនៅថ្ងៃទី១៩ ខែធ្នូ នាខេត្តសៀមរាប ជនជាតិដើមភាគរតិចគួយរូបនេះ ក៏បានបង្ហាញពីបំណងចង់អភិរក្សភាសា វប្បធម៌ និងប្រពៃណីរបស់ជនជាតិកួយ កុំឱ្យបាត់បង់ ទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយទៀត។លោកស្រីបញ្ជាក់ថា៖«​ខ្ញុំមើលទៅគួរឱ្យមានមោទនភាពមែនទែន ដោយជនជាតិដើមបុព្វបុរសយើង មានចំណេះជំនាញអាចធ្វើថ្ម​ឱ្យក្លាយជាដែក យកធ្វើអាវុធ និងសម្ភារប្រើប្រាស់សម្រាប់មនុស្សជាតិបាន មិនដែលមានប្រទេសណាអាចផលិតថ្មជាដែកដូចកួយបានទេ»។ 
 

លើសពីនេះ ចាស់ទុំជនជាតិកួយ លោកស្រី ទេព ទឹក ក៏មានបំណងចង់ឱ្យសហគមន៍កួយ ឱ្យក្លាយជាសហគមន៍ដែលស្របតាមច្បាប់ តាមរយៈការចុះបញ្ជីកម្មសិទ្ធិសមូហភាព។ ការធ្វើដូច្នេះ នឹងអនុញ្ញាតឱ្យជនជាតិដើមភាគតិចមួយនេះ អាចថែរក្សាភាសា សម្លៀកបំពាក់ វប្បធម៌ប្រពៃណី ដូចជារបាំ ក្រុមភ្លេង​ ដើម្បីរក្សារមតកឱ្យបានគង់វង្ស។ 



លោកស្រី ទេព ទឹម បានប្រៀបធៀបការរស់នៅក្នុងសង្គមមួយដែលមានចម្រុះជាតិសាសន៍ ដូចទៅនឹងសួនច្បារចម្រុះពណ៌ដូច្នោះដែរ។ សួនច្បារដែលមានពណ៌ចម្រុះ វានឹងស្រស់ស្អាតជាងសួនច្បារដែលមានតែមួយពណ៌។ ដូចនេះដែរ សង្គមមួយដែលមានជនជាតិចម្រុះច្រើន វានឹងជួយឱ្យសង្គមនោះកាន់តែស្រស់ស្អាត ចម្រុះវប្បធម៌ និងជាកោសិកាទ្រទ្រង់សង្គមឱ្យកាន់តែរឹងមាំ។ នេះជាការលើកឡើងរបស់លោកស្រី ទេព ទឹម តំណាងជនជាតិដើមភាគតិចកួយពីខេត្តព្រះវិហារ៕

Tag:
 ជនជាតិកួយ
  ទេព ទឹម
  ជនជាតិភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com