ជាតិ
ក្នុងវប្បធម៌ខ្មែរ ព្រះវិហារជាកន្លែងដ៏ពិសិដ្ឋបំផុតក្នុងវត្ត ខុសពីវប្បធម៌ថៃនិងភូមា
25, Dec 2023 , 8:30 am        
រូបភាព
ភ្នំពេញ៖ ព្រះវិហារនៅក្នុងវប្បធម៌ខ្មែរ គឺជាកន្លែងដ៏សំខាន់ និងពិសិដ្ឋជាងគេក្នុងវត្ត។ ព្រះវិហារនៅកម្ពុជា មានក្បាច់រចនាច្រើន ហើយសំណង់អគារក៏ធំជាង សំណង់អគារផ្សេងៗទៀតនៅក្នុងវត្តដែរ។ ប៉ុន្តែបើនៅភូមា ព្រះវិហារហាក់ដូចជាមិនសំខាន់ គ្រាន់តែជាសំណង់ធម្មតា សម្រាប់ព្រះសង្ឃធ្វើកិច្ចប៉ុណ្ណោះ។ នៅថៃក៏បែបនោះដែរ ព្រះវិហារពុំមែនជាកន្លែងសំខាន់ខ្លាំងឡើយ។

លោក ពិត តារា ជានិស្សិតបុរាណវិទ្យាជំនាន់ទី៣១ ថាដ្បិតកាន់ព្រះពុទ្ធសាសនាដូចគ្នា ប៉ុន្តែប្រទេសជិតខាងទាំងបីខាងលើ ឱ្យតម្លៃព្រះវិហារខុសៗគ្នា ទៅតាមវប្បធម៌ និង​ប្រពៃណីរៀងខ្លួន។ សម្រាប់កម្ពុជា ព្រះវិហារគឺជាទីតាំងស្នូល ឬជាចំណុចគ្រឹះពុទ្ធសាសនា ដែលចាត់ជាទីតាំងដ៏ពិសិដ្ឋបំផុតក្នុងវត្ត។ 


 សន្លឹកសីមា (រូបផ្ដល់ឱ្យដោយលោក ពិត តារា)

«នៅស្រុកខ្មែរយើងហៅវិហារ។ នៅស្រុកថៃគេហៅដោត មានវិហារដែរ ប៉ុន្តែវិហារគេហ្នឹង មិនមែនជាកន្លែងដូចយើង។ នៅស្រុកភូមាមានឈ្មោះផ្សេង។ ទាំងនៅភូមា និងនៅថៃ ព្រះវិហារជាទីតាំងមិនសូវសំខាន់។ ប៉ុន្តែនៅខ្មែរ ព្រះវិហារ គឺជាទីតាំងពិសិដ្ឋ»។ នេះជាការបន្ថែមរបស់លោក តារា។
 
ដើម្បីឱ្យព្រះវិហារក្លាយជាកន្លែងដ៏ពិសិដ្ឋបាន គេត្រូវព័ទ្ធសីមា។ សន្លឹកសីមា ប្រើសម្រាប់ព័ន្ធជុំវិញព្រះវិហារ (ឧបោសថាគារ) ក្នុងព្រះពុទ្ធសាសនាថេរវាទ។ គេបញ្ចុះសន្លឹកសីមា ដើម្បីឱ្យព្រះវិហារមួយ ក្លាយជាទីតាំងដ៏ពិសិដ្ឋ សម្រាប់ព្រះសង្ឃប្រជុំគ្នា ធ្វើសង្ឃកម្មឧបោសថកម្ម និងបវារណាកម្មជាដើម។ ប្រសិនមិនមានសីមាទេ វត្តនោះពុំអាចបំបួសព្រះសង្ឃបានឡើយ ហើយក៏មិនអាចធ្វើកឋិនបានដែរ។ ដូច្នេះហើយទើបក្នុងព្រះពុទ្ធសាសនា កំណត់ឱ្យមានការចងសីមា។ 
 
វត្ថុដែលអាចយកទៅកំណត់ជាសីមាបាន មាន៨យ៉ាង ដូចជាថ្ម ភ្នំ ឈើ ផ្លូវ ព្រៃ ដំបូក ស្ទឹង និងទឹក។ ក្នុងទីតាំងព្រះវិហារមួយ អាចប្រើវត្ថុទាំងនេះ លាយគ្នាដំណាងជាសីមាក៏បាន ឬដាក់តែវត្ថុ១ក៏បាន។ ភាគច្រើននៅអាស៊ីអាគ្នេយ៍ ភស្ដុតាងដំបូងបំផុត គឺគេប្រើប្រាស់ថ្ម យកទៅកំណត់ទីតាំងណាមួយ ជាព្រះវិហារព្រះពុទ្ធសាសនា។ ក្នុងគម្ពីព្រះពុទ្ធសាសនា គេកំណត់ឱ្យមានការចងសីមា ចំពោះទីតាំងសង់ព្រះវិហារ ហើយការចងនោះ អាចចាប់ពី៣ទិសឡើងទៅ។
 
 សន្លឹកសីមា (រូបផ្ដល់ឱ្យដោយលោក ពិត តារា)

លោក ពិត តារា ជានិស្សិតបុរាណវិទ្យាជំនាន់ទី៣១ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាន​ជ្រើសរើសធ្វើប្រធានបទ “សន្លឹកសីមា” ជាសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្របុរាណវិទ្យារបស់ខ្លួន នៅឆ្នាំ២០២៣ ដោយបានសិក្សា អំពីស្លឹកសីមានៅលើភ្នំគូលែន៖ ករណីសីមាពាមគ្រែ និងសីមាដូនមាស។ លោកថា មូលហេតុដែលលោក ស្រាវជ្រាវលើ”សន្លឹកសីមា” ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ខ្លួន ព្រោះលោកសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជា ខ្វះការសិក្សាស្រាវជ្រាវលើផ្នែកសន្លឹកសីមានេះ។ 
 
«ពីមុនមានអ្នកសិក្សាពីប្រវត្តិសិល្បៈ និងពិធីបញ្ចុះសីមាមួយដែរ ដោយអ្នកស្រាវជ្រាវជាតិបារាំង នៅឆ្នាំ៦០ ហើយគាត់ធ្វើតែមួយក្បាលហ្នឹងក៏ចប់។ ក្រោយមកទៀតមិនមានអ្នកសិក្សា។ ខ្ញុំគិតថាគួរតែមានការសិក្សាឡើងវិញ។ ទីតាំងដែលខ្ញុំរើស មានតែ២កន្លែងទេនៅភ្នំគូលែន ដោយសារតែទីតាំងនេះ មានភស្ដុតាងដំបូងនៃការកើតស្លឹកសីមាក្នុងប្រទេសកម្ពុជា។ ប៉ុន្តែភស្ដុតាងហ្នឹង មកពីសិល្បៈទ្វារវតី ស្រុកមន»។
 
លោក តារា ថាដើម្បីធ្វើកិច្ចចងសីមាបាន ទាល់តែមានភិក្ខុសង្ឃ៤អង្គឡើងទៅ។ ប្រសិនវត្តនោះ ពុំមានភិក្ខុសង្ឃគ្រប់ ត្រូវរកភិក្ខុសង្ឃមកពីវត្តផ្សេងជួយ។ ចំពោះទំហំថ្មដែលយកទៅធ្វើជានិម្មិតសីមាបាន ទំហំតូចបំផុតក៏ត្រូវប៉ុនដុំស្ករអំពៅទម្ងន់៣២បល (ខ្នាតរង្វាស់រង្វាល់)ដែលស្មើនឹង៦៤នាឡិ ហើយស្មើនឹង៣៦គីឡូក្រាម។


 សន្លឹកសីមា (រូបផ្ដល់ឱ្យដោយលោក ពិត តារា)

និស្សិតត្រៀមបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងត្រៀមបន្តយកអនុបណ្ឌិតបន្ថែមទៀតរូបនេះ ថាវត្តមួយពុំអាចធ្វើព្រះវិហារ២ឡើយ។ ហើយមុនសាងសង់វិហារថ្មី ព្រះសង្ឃត្រូវតែសូត្រដោះសីមាចាស់ ចេញជាមុខសិន បើពុំនោះទេ សីមាថ្មី នឹងមិនឡើងឡើយ(ចងមិនជាប់)។
 
និស្សិតបុរាណវិទ្យាពន្យល់៖ «ក្នុងគម្ពីរព្រះពុទ្ធសាសនា ក្នុងមួយវត្តកំណត់ឱ្យមានព្រះវិហារតែមួយទេ។ ធ្វើបែបនេះ ដើម្បីកុំឱ្យសង្ឃមានការបែងចែក ឬប្រកាន់បក្សពួក។ សីមាតូចបំផុត ត្រូវតែមានទំហំអាចផ្ទុកភិក្ខុ២១អង្គគង់ នៅក្នុងនោះបាន។ ប្រសិនតូចជាងនោះ មិនអាចកើតជាសីមាបានទេ»។ 
 
មុននឹងវិហារក្លាយជាទីសក្ការៈបូជា គេធ្វើពិធីបុណ្យបញ្ចុះសីមាជាមុនសិន។ ពិធីបញ្ចុះសីមានេះ គឺគេបញ្ចុះដុំថ្មមួយដុំទៅក្នុងដី ហើយដុំថ្មដែលបញ្ឈរនៅខាងលើ គេហៅសន្លឹក ឬក៏ស្លឹកសីមា។ ក្រោយពីបញ្ចុះសីមាហើយ ទីតាំងនោះត្រូវបានកំណត់ថាជាទីតាំងពិសិដ្ឋ ឬក៏ជាទីតាំងសក្ការៈខ្លាំងបំផុត នៅក្នុងវត្តសម្រាប់ក្នុងវប្បធម៌ខ្មែរ។ ដូច្នេះព្រះសង្ឃអាចធ្វើកិច្ចផ្សេងៗ ក្នុងព្រះវិហារនោះបាន។
 
ក្នុងជំនឿរបស់ខ្មែរ ក៏មានការប្រើប្រាស់ខ្សែសីមាដែរ ដោយខ្សែនោះ​គេព័ទ្ធលើស្លឹកសីមា ឬព័ទ្ធជុំវិញព្រះវិហា ដែលនេះជាគំនិតមួយ ចេញ​ពីព្រហ្មញ្ញសាសនា និងជំនឿដើមផ្សេងៗរបស់ខ្មែរ លាយឡំជាមួយនឹងព្រះពុទ្ធសាសនា តាំងពីសតវត្សរ៍មុនៗមក។


  សន្លឹកសីមា (រូបផ្ដល់ឱ្យដោយលោក ពិត តារា)

«ក្នុងជំនឿព្រះពុទ្ធសាសនាពីដើម គេគ្រាន់តែយកដុំថ្ម មកដាក់ជុំវិញទីតាំង ព្រះវិហារទៅបានហើយ មិនបាច់ឆ្លាក់ឡើយ។ ប៉ុន្តែក្នុងគំនិតខ្មែរ មានកប់ក្នុងដីមួយ និងមាននៅខាងលើមួយ​។ កប់នៅក្នុងដី ជាជំនឿវែងឆ្ងាយ មិនដឹងជាមានតាំងពីពេលណា។ នៅខ្មែរនិងថៃ មានដុំថ្មកប់ក្នុងដីដូចគ្នា ហើយក៏មិនដឹងជាប់តាំងពីសម័យណា។ ប៉ុន្តែនៅភូមា និងនៅស្រីលង្កា មិនប្រើដុំថ្មកប់ក្នុងដីឡើយ»។ នេះជាការបញ្ជាក់របស់លោក តារា។
 
និស្សិតស្រាវជ្រាវខាងលើថានៅស្រុកខ្មែរ តាមទំនៀមគេដាក់សន្លឹកសីមា៨ទិស ហើយសីមា១ទីតាំង អាចមាន១-២សន្លឹកដាំជាប់គ្នា។ នៅសម័យកណ្ដាល គេដាក់២សន្លឹកជាប់គ្នា (ហៅថាសីមាភ្លោះ) និងមានដុំថ្មកប់ក្នុងដីមួយទៀត។ បច្ចុប្បន្នវត្តខ្លះនៅដាក់២ វត្តខ្លះដាក់១។ ហើយវត្តខ្លះមានដល់ទៅ៣។ ទោះជាយ៉ាងណា លោក តារា មិនបានសិក្សាស្រាវជ្រាវ ករណីបញ្ចុះសីមា៣ជាប់គ្នាឡើយ លោកក៏មិនដឹងថា កន្លងទៅធ្លាប់មានអ្នកស្រាវជ្រាវផ្សេងទៀត សិក្សាលើរឿងខាងលើឬក៏អត់ឡើយ។
 
លោក តារា បន្ថែម៖ «ហេតុដែលគេហៅស្លឹកសីមា ដោយសារថ្មនៅខាងលើនោះ មានរាងដូចជាស្លឹកឈើ។ ប៉ុន្តែ​ខ្លះក៏មានរាងមូល រាងជ្រុង ហើយពេលខ្លះក៏មានដុំថ្ម (សីមា) មានរូបរាងមិនច្បាស់លាស់ និងមានឆែបខ្លះដែរ។ ប៉ុន្តែនៅក្នុងវប្បធម៌ខ្មែរ ភាគច្រើនមានរាងជាសន្លឹក។ ហើយថ្មមួយទៀតកប់ក្នុងដី គេហៅថា ឬសីមា៕
 

  សន្លឹកសីមា (រូបផ្ដល់ឱ្យដោយលោក ពិត តារា)

Tag:
 វប្បធម៌
  សាសនា
  ប្រពៃណី
 
© រក្សាសិទ្ធិដោយ thmeythmey.com