ជាតិ
នាយយ៉ាន ចូលហាងកាហ្វេមួយនៅសារមន្ទីរ វិមានសុខា ដូចត្រឡប់ទៅកាន់អតីតកាលវិញ
24, Dec 2023 , 10:20 pm        
រូបភាព
សៀមរាប៖ សារមន្ទីរ​ វិមាន​​សុខា នៅ​ក្រុង​សៀមរាប តាំង​វត្ថុ​បុរាណ​ជា​ច្រើន​មុខ ដូចជា យានជំនិះ​បុរាណ នាឡិកា​បុរាណ ឧបករណ៍​សោតទស្សន៍​បុរាណ និង​​វត្ថុ​បុរាណផ្សេងៗទៀតខ្លះៗដែរ។ សារមន្ទីរនេះ ​ក៏​មាន​ហាង​កាហ្វេ​មួយ​កន្លែង​ដែរ។ សម្ភារៈ ដែលតាំងក្នុងសារមន្ទីរនេះ ត្រូវបានគេប្រើក្នុងអំឡុងទសវត្សចាប់ពីឆ្នាំ៤០ រហូតដល់ឆ្នាំ៦០ និងមួយចំនួនទៀតផលិតតាំងពីឆ្នាំ ១៧៥៧ មក។

 

ក្នុងចំណោមវត្ថុបុរាណ និងចាស់ៗទាំងអស់ក្នុងសារមន្ទីរ មាននាឡិកាព្យួរជញ្ជាំងមួយគ្រឿង ដែលចំណាស់ជាងគេ គឺអាយុកាលជាង២៦០ឆ្នាំ។ វាគឺជានាឡិកា​បុរាណ ដែលត្រូ​វបានក្រុម​ហ៊ុន Thwaites and Reed Ltd. ផលិតនៅឆ្នាំ១៩៧៣ តាមគំរូទាំង​ស្រុងនាឡិកា​ដែល​ លោក FRANKLIN Benjamin បាន​ធ្វើ​ឆ្នាំ​១៧៥៧។ 
 
ក្រុម​ហ៊ុនដែល​បង្កើត​ឡើង​នាឆ្នាំ​១៧៤០ នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់​គ្លេស​នេះ បាន​ផលិត​នាឡិកា ១ ០០០​គ្រឿង​គត់។ លោក លី ប៉េងហេង ​ដែល​ជា​ស្ថាបនិក​សារមន្ទីរ​ វិមាន​សុខា បាន​​ធ្វើ​ដំណើរ​ទៅ​​សហរដ្ឋអាម៉េរិក ឆ្នាំ​១៩៩៨ ដើម្បីទិញ​នាឡិកាលេខ៥៤២ លើ១០០០​ នេះ។
 
ហាងកាហ្វេក្នុងសារមន្ទីរ ត្រូវបាន​តុបតែងជាមួយវត្ថុ​បុរាណ​ដូចជា នាឡិកា​ព្យួរលើ​ជញ្ជាំងយ៉ាង​ច្រើន កង់ វិទ្យុ ឧបករណ៍​ភ្លេង កាម៉េរ៉ា អាប៉ារៃ​ថតរូប ​ទូរស័ព្ទ ចង្កៀង តុក្កតា និងរូបភាព​ផ្សេងៗ ពិសេស​មាន​វត្ថុ​បុរាណ ដែល​ទាក់ទង​នឹង​ហាង​កាហ្វេ​ដូចជា ម៉ាស៊ីន​កិន​គ្រាប់​កាហ្វេ ប៉ាន់តែ ពែង ដប ថូ ម៉ាស៊ីន​ឈូស​ទឹកកក និង​កញ្ចប់​បារី។
 
លោក លី ប៉េងហេង ហៅ​តាឆ្កួត ​ដែលជាស្ថាបនិកសារម្ទីរវិមានសុខា បានព្យួរ​វត្ថុបុរាណ លើស​ពី​១០០គ្រឿង​ លើ​ជញ្ជាំងហាងកាហ្វេ នៃ​សារមន្ទីរ​វិមាន​សុខា។ លោក ប៉េងហេង បាន​អះអាង​ថា ៖ « ភ្ញៀវ​ដែល​មក​ក្នុង​កាហ្វេ​នេះ មាន​អារម្មណ៍​ថា ត្រឡប់​ទៅ​អតីតកាល​វិញ។» 
 
ជា​ការពិតណាស់ មិន​ថា​នៅ​ខេត្ត ឬ​នៅក្រុងភ្នំ​ពេញ ហាង​កាហ្វេ​ដែល​យក​របស់​បុរាណ​មក​តាំង មាន​មួយចំនួនហើយ ក៏ប៉ុន្តែ​ទូទាំង​ប្រទេស គ្មានហាងកាហ្វេ​ណា​មួយ ដែល​តាង​វត្ថុ​បុរាណ​ច្រើន​ដូច​នេះ។ ​ 
 
ហាងកាហ្វេនៃសារមន្ទីរ​ វិមាន​សុខា បើក​រៀងរាល់​ថ្ងៃ ពី​ម៉ោង៨ព្រឹក ដល់​ម៉ោង​៥ល្ងាច។ វា​ស្ថិតនៅ​ផ្លូវ​លេខ២២ ភូមិ​ត្រពាំង​សេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប៕ 

Tag:
 (នាយយ៉ាន
  សារមន្ទីរ វិមានសុខា)
© រក្សាសិទ្ធិដោយ thmeythmey.com