ជាតិ
​ចាប់ផ្ដើមពីឆ្នាំ ១៩៨៨ លោក អៀច បន្តលក់ទឹកកកឈូស ទោះបានប្រាក់ចំណេញតិច
25, Dec 2023 , 9:00 am        
រូបភាព
រូបភាព នាយ យ៉ាន តាមដងផ្លូវ សប្ដាហ៍ ទី40
រូបភាព នាយ យ៉ាន តាមដងផ្លូវ សប្ដាហ៍ ទី40
ភ្នំពេញ៖ រៀងរាល់​ព្រឹក​ ម៉ោង​៧ លោក អៀច រងចាំ​អ្នក​ដឹក​ដុំទឹកកក ដើម្បីយកទឹកកក៤ដុំ។ លោក អៀច​ ច្នៃដុំទឹកកក ឱ្យតូចល្មម សម្រាប់ឈូសលក់។ បុរសរូបនេះ ​ជិះ​កង់ចេញ​ទៅលក់​ទឹកកក​ឈូស នៅសង្កាត់​ស្ទឹងមាន​ជ័យ​ទី៣ ខ័ណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។

 

លោក អៀច ​លក់​ទឹកកកឈូសមួយកែវក្នុងតម្លៃ ១០០០រៀលរហូត​ដល់អស់ទឹកកក ប្រហែល​ម៉ោង៦ល្ងាច។ បុរសវ័យ៥៤ឆ្នាំរូបនេះ ប្រកប​មុខរបរនេះ​តាំងពីមាន​អាយុ១៩ឆ្នាំមក។ រយៈពេល៣៥ឆ្នាំមកហើយ លោក អៀច នៅបន្តប្រកបរបរលក់ទឹកកកឈូស។ របរនេះ មិនអាចក្លាយជាអ្នកមានបាននោះទេ តែគ្រាន់រួចផ្គត់ផ្គង់ម្ហូបអាហារក្នុងគ្រួសារ។ 
 
អ្នកលក់ទឹកកកឈូសរូបនេះ ​អះអាងថា ៖ «​​ ពី​មុន​មាន​អ្នកលក់​ទឹកកកឈូស​ច្រើន តែឥឡូវនៅ​សល់តែ​មួយពីរអ្នក [នៅ​សង្កាត់ស្ទឹងមានជ័យទី៣]»។ ពិតមែនហើយ សម័យឥឡូវនេះ​មិន​សូវ​និយម​ទទួលទាន​ទឹកកកឈូស​ប៉ុន្មាន​ទេ។ ពេល​បច្ចុប្បន្ន អ្នក​លក់​បង្អែមភាគច្រើន​ប្រើ​ផ្កាព្រឹល (ទឹកកកឈូសសុទ្ធ) សម្រាប់​បង្អែម​ផ្សេងៗ។ 
 
ក្រៅ​ពី​ផ្កាព្រឹល​សុទ្ធ លោកតា អៀច ប្រើ​គ្រាប់ជី ស៊ីរ៉ូ និង​ទឹកដោះគោ​ខាប់។ គាត់​មិន​ប្រើ​ទឹកស្ករទេ ពីព្រោះ​គាត់​យក​ស៊ីរ៉ូទៅ​លាយ​ជាមួយ​ស្ករស​តែ​ម្ដង។ គាត់​ប្រើ​ស៊ីរ៉ូ​ពណ៌​លឿង ពណ៌ក្រហម និង​ពណ៌​បៃតង។ ថ្ងៃណា​ក្ដៅ គាត់លក់ដាច់ ថ្ងៃ​ណា​ភ្លៀង គាត់​លក់​មិនសូវដាច់។ ជា​មធ្យម ក្នុង​មួយថ្ងៃ គាត់​ចំណេញ​បាន ៣ម៉ឺនរៀល។ ដើម្បី​លក់ទឹកកកឈូសបាន គាត់​ប្រើ​កង់​រហូតមក។ ពេល​បច្ចុប្បន្ន ​កង់​ទី៦ហើយ ដែល​គាត់​បណ្ដើរ។ 
 
កង់ម៉ាក PHOENIX នេះ មាន​អាយុកាល​ច្រើន​ជាង​លោកតា​តែម្ដង។  គាត់និយាយថា មាន​ម៉ូយ​តែ​ម្នាក់គត់ ដែល​មក​ទិញ​ទឹកកកឈូស​ជាមួយចានរបស់​ខ្លួន ដើម្បី​កុំ​ឱ្យ​បង្កើត​សំរាម។ ក្រៅ​ពីម្នាក់នេះ លោកតា​លក់ទឹកកឈូស​ក្នុង​កែវ​ប្លាស្ទិក ជាមួយ​ទុយយោ​​ប្លាស្ទិក និង​ស្លាបព្រា​​ប្លាស្ទិក ខណៈ​កាល​ពី​គាត់​ចាប់ផ្ដើម ឆ្នាំ​១៩៨៨ គាត់​ប្រើ​តែ​ចាន​ក្រដាស និង​ស្លាបព្រា​ឈើ៕

Tag:
 ( ទឹកកកឈូស
  នាយយ៉ាន)
© រក្សាសិទ្ធិដោយ thmeythmey.com