ជាតិ
វីដេអូ
វ៉ាលិសជាសម្ភារប្រើប្រាស់​មួយ​ប្រភេទ ដែល​មិន​សូវ​មានការ​វិវឌ្ឍរូបរាង​
27, Dec 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖ ​​​​វ៉ាលិសបុរាណ ៥គ្រឿង ​​ត្រូវបានគេដាក់តាំងលម្អ នៅក្នុងហាង​កាហ្វេ TEMPLE ​​​ក្នុងខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ។ វ៉ាលិសបុរាណទាំងនេះ​ ត្រូវបានផលិតក្នុងកាលបរិច្ឆេទ​ខុសៗគ្នា គឺនៅរវាង​ឆ្នាំ ១៩៣០ និង​ឆ្នាំ ១៩៧០ ហើយរូបរាងរបស់វាមិនមានការវិវឌ្ឍខុសគ្នាខ្លាំងនោះទេ។

 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 
វ៉ាលិស​ ដែល​ចាស់ជាង​គេ គឺ​ជា​វ៉ាលិសមួយ​ធ្វើ​ពី​កាតុង​ក្រាស់​រឹង និង​ក្រណាត់ក្រាស់ពណ៌​ប្រផេះ។ ​វា​មាន​អាយុកាលប្រហែល​ជា​ជិត​១០០​ឆ្នាំ។ វា​ក៏​ត្រូវ​បាន​ដេរ​ស្បែក​បន្តិច ដើម្បី​ការពារ​ផ្នែក​ខ្លះ។ ផ្នែកមួយចំនួនក៏ផលិតពីដែកដែរ ជាពិសេស​សោសុវត្ថិភាពចំនួនពីរ។ 
 

​មាន​វ៉ាលិស​មួយ​ទៀត ​ពណ៌​ត្នោត ដែល​ធ្វើ​ពី​ស្បែកដ៏ក្រាស់។ ​កែងទាំង៨របស់វា ​មាន​ដែក​ ដើម្បី​ការពារ។ វ៉ាលិស​កញ្ចាស់​នេះ ​ក៏​មាន​សោពីរដែរ សម្រាប់​សុវត្ថិភាព។ ទំនង​ត្រូវបាន​ ផលិតវា ​នា​ទសវត្សរ៍​ឆ្នាំ​១៩៣០។
 
វ៉ាលិស ៣គ្រឿងចុងក្រោយ គឺ​ជា​ប្រភេទ​វ៉ាលិស​ធ្វើ​ពី​អា​លុយមីញ៉ូម។ ទាំងអស់​មាន​កែង​ដែក​​បន្ថែម​ ដើម្បី​ការពារ។ វ៉ាលិសទាំង​អស់​នោះ ​ក៏​មាន​សោពីរដូចគ្នាដែរ សម្រាប់​សុវត្ថិភាព​។ ត្រូវបាន​ផលិតវា ​នា​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​១៩៧០។  ​
 


វ៉ាលិស​ពី​សម័យ​មុន ជំនាន់ណា​ ​ក៏​មាន​ទំហំ​មិន​សូវ​ខុស​ពី​វ៉ាលិស​សម័យ​ឥឡូវនេះ​ទេ : បណ្ដោយ ៦០សង់ទីម៉ែត្រ ទទឹង ៤០សង់ទីម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ និងទម្ងន់​ ២គីឡូក្រាម​។ គឺ​ជា​ទំហំ​ល្មម​ដើម្បី​យួរ និង​ដើរទៅ។ វ៉ាលិស​សម័យ​បច្ចុប្បន្ន​ វា​គ្រាន់តែខុសគ្នា​ត្រង់ថា វា​ធ្វើ​ពី​ជ័រ មាន​កង់ ហើយ​ស្រួល​ប្រើ​ជាង​ប៉ុណ្ណោះ។
 
ពាក្យ​ វ៉ាលិស គឺ​ជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង។ ពាក្យ​បារាំង valise [valiz] មានអត្ថន័យ​ដូច​គ្នា​ថា ជាហិប​តូច​ស្រាល មាន​ដៃ​យួរ​បាន សម្រាប់​ដាក់​អី​វ៉ាន់​ស្រាលៗ​​​​​​៕


 
 

Tag:
 វ៉ាលិស​
© រក្សាសិទ្ធិដោយ thmeythmey.com