ជាតិ
សម្ដេច ហ៊ុន ម៉ាណែត បកស្រាយជាថ្មីថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនបានខ្ចីលុយចិន មកសាងសង់ទេ
27, Dec 2023 , 11:27 am        
រូបភាព
គម្រោងព្រែកជីកហ្វូណន-តេជោ នៅតែមានភាពចម្រូងចម្រាស ដែលទាមទារឱ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចេញមកបកស្រាយម្ដងហើយ ម្ដងទៀត។ ជាពិសេសការរិះគន់ថា រដ្ឋាភិបាលកម្ពុជា បានទៅខ្ចីបំណុលចិន រាប់លានដុល្លារ សម្រាប់អនុវត្តគម្រោងព្រែកជីកនេះ។

សម្ដេច ហ៊ុន ម៉ាណែត បកស្រាយថា ការរិះគន់ និងផ្សព្វផ្សាយព័ត៌មាននេះ មិនពិតឡើយ។ ប្រមុខរដ្ឋាភិបាល បានពន្យល់ជាថ្មីថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនបានខ្ចីលុយចិន មកសាងសង់ទេ។ ប៉ុន្តែគម្រោងនេះ គឺសាងសង់ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ក្នុងទម្រង់ BOT។
 
ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្រ្តី បកស្រាយថា រដ្ឋមិនមានថវិកាគ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងព្រែកជីកនេះ ទើបត្រូវការសហការជាមួយវិស័យឯកជន ដែលជាអ្នកទទួលបន្ទុកវិនិយោគ និងចំណាយលើការសាងសង់ និងគ្រប់គ្រងលើគម្រោងនោះ ដោយមានអាណត្តិ និងរយៈពេលកំណត់ច្បាស់លាស់។
 
សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រោយពេលចប់អាណត្តិ ឬរយៈពេលនៃការព្រមព្រៀងគ្នា គ្រប់គ្រងលើគម្រោងនេះហើយ វិស័យឯកជន នឹងត្រូវប្រគល់គម្រោងនេះ មកឱ្យរដ្ឋាភិបាលគ្រប់គ្រង នឹងទទួលផលវិញម្ដង។ ដូច្នេះរដ្ឋមិនបានខ្ចីបំណុលចិន ដើម្បីមកសាងសង់គម្រោងព្រែកជីកហ្វូណន-តេជោ ឡើយ។
 
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលអនុម័តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public- Private Partnerships – PPP) ឬតាមរូបភាពសាងសង់- ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ដែលទម្រង់នេះ ត្រូវបានអនុវត្តដោយប្រទេសជាច្រើននៅលើពិភពលោក ។ កន្លងមកកម្ពុជា បានអនុវត្តទម្រង់ BOT នេះហើយ តាមរយៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។ ក្រោយសាងសង់រួចមក ផ្លូវល្បឿនលឿននេះ ស្ថិតក្រោមការគ្រប់គ្រងរបស់វិស័យឯកជន។
 
បច្ចុប្បន្ន ដៃគូឯកជន កំពុងរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោងព្រែកជីកនេះ និងគ្រោងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងវាយតម្លៃ នាពេលខាងមុខ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
កាលពីខែតុលាកន្លងមក រដ្ឋាភិបាល បានសម្រេចឱ្យក្រុមហ៊ុនចិនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) សិក្សាលម្អិត មុនឈានដល់ការចរចាលើកិច្ចព្រមព្រៀងសាងសង់។ ការសម្រេចនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ(Framework Agreement)រវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៧តុលា។ បើតាមលោក ស៊ុន ចាន់ថុល កិច្ចព្រមព្រៀងនេះ គឺជាការបើកផ្លូវឱ្យក្រុមហ៊ុនចិន CRBC សិក្សាលម្អិតលើគម្រោង«ព្រែកជីកហ្វូណនតេជោ» ក្នុងរយៈពេល៨ខែ។ 

អត្ថបទទាក់ទង

 
លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនាផលប្រយោជន៍សេដ្ឋកិច្ច បានបង្ហាញថា គម្រោងផ្លូវទឹកថ្មីនេះ ត្រូវចំណាយទុនវិនិយោគប្រមាណ១៧០០លានដុល្លារ និងចំណាយពេលសាងសង់ក្នុងរយៈពេល៤ឆ្នាំ។ កន្លងមក រដ្ឋាភិបាលបញ្ជាក់ថា គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។ 
 
គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ។ តាមរយៈគម្រោងនេះ នឹងត្រូវឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ៕

Tag:
 (ហ៊ុន ម៉ាណែត
  នយោបាយ
  ព្រែកជីកហ្វូណន)
© រក្សាសិទ្ធិដោយ thmeythmey.com