ជាតិ
គម្រោងឡូគុណ បានចុះអប់រំ និងពិនិត្យសុខភាព ដល់ពលរដ្ឋចំនួន៤ភូមិក្នុងខេត្តពោធិ៍សាត់ ដោយឥតគិតថ្លៃ
27, Dec 2023 , 7:00 pm        
រូបភាព
គម្រោងឡូគុណ «គម្រោងគ្រូពេទ្យ» ជាគម្រោងសហគមន៍មួយដែលចែករំលែកនូវចំណេះដឹង ដើម្បីអប់រំទាក់ទងនឹងការថែទាំសុខភាពព្រមទាំងផ្ដល់នូវការពិនិត្យសុខភាពដោយឥតគិតថ្លៃ។ គម្រោងនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង «ការអ​ប់រំ ការផ្សារភ្ជាប់ និងការថែទាំ»។

 
គម្រោងឡូគុណ​ បានជួយទៅដល់ប្រជាជនក្នុងភូមិចំនួន៤ ក្នុងខេត្តពោធិ៍សាត់ រួមមាន ភូមិទួលម្កាក់, ភូមិព្រៃអូម៉ាល់, ភូមិតាកែវក្រោម និងភូមិបួន។ ក្នុងបេសកកម្ម រយៈពេលជាង១០ថ្ងៃ គឺចាប់ពីថ្ងៃទី៥-១៤ ខែធ្នូ គម្រោងឡូគុណ បានស្ទង់មតិសុខភាពប្រជាជន ,អប់រំសុខភាពដល់មនុស្សពេញវ័យ និងកុមារ និងការពិគ្រោះព្យាបាល និងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ។ 
  


លើសពីនេះ ក្រុមគ្រូពេទ្យ ក៏បានចុះទៅបង្រៀនប្រជាជននៅក្នុងភូមិទាំង៤ អំពីមេរៀនទាក់ទងទៅនឹងសុខភាព មេរៀនជំងឺទឹកនោមផ្អែមនិងអាហាររូបត្ថម្ភ  ជំងឺរ៉ាំរ៉ៃ អនាម័យចំណីអាហារ និងការធ្វើចលនាពីសំណាក់គ្រូពេទ្យចលនា។



ជាមួយគ្នានេះ គម្រោងឡូគុណ ក៏បានចែកសៀវភៅជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែមនៃសមាគមបច្ចេកវិទ្យាទឹកនោមផ្អែមនិងក្រពេញកម្ពុជា CADET  ទៅដល់ពលរដ្ឋទាំង៤ភូមិផងដែរ។ សៀវភៅនេះ នឹងជាជំនួយបន្ថែមសម្រាប់អ្នកភូមិក្នុងការយល់ដឹងពីជំងឺទឹកនោមផ្អែម ដើម្បីទប់ស្កាត់ និងព្យាបាលលើជំងឺទឹកនោមផ្អែមកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀត៕ 







Tag:
 សុខភាព
 ជំងឺទឹកនោមផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com