ជាតិ
ក្រសួងយុត្តិធម៌ ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះករណីឆបោក ដែលបានយករូបអគាបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ ទៅប្រើ
28, Dec 2023 , 12:00 pm        
រូបភាព
ដោយ៖ ក្រសួងយុត្តិធម៌ បានរកឃើញក្រុមឆបោក ដែលបានបង្កើតក្រុមតេឡេក្រាម (Telegram Group) បានយករូបអគាបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា កាត់ត និងកែឈ្មោះទៅជា «EMPIREGAIN-TRADE.COM»។ ក្រោយកែរូបភាពនេះហើយ ក្រុមឆបោកទាំងនោះ បានបង្កើតក្រុមតេឡេក្រាម ដោយដាក់ឈ្មោះថា «CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT» ហើយមានសមាជិកជាង៩ពាន់នាក់ ក្នុងក្រុមតេឡេក្រាមនេះ។

តាមរយៈការពិនិត្យ និងតាមដានហើយនោះ ក្រសួងយុត្តិធម៌ មើលឃើញថា ក្រុមតេឡេក្រាមនេះ ត្រូវបានបង្កើតឡើងដោយក្រុមឧក្រិដ្ឋជន ដែលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងចេតនាទុច្ចរិត ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជន ឱ្យចូលរួមវិនិយោគខុសច្បាប់ ដែលអាចនាំឱ្យខាតបង់ផលប្រយោជន៍។


 
ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៧ ធ្នូ ថា៖«សកម្មភាពដែលកំពុងតែធ្វើឡើងតាមរយៈក្រុមតេឡេក្រាមខាងលើនេះ មិនមានការពាក់ព័ន្ធជាមួយក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌កំពុងសហការជាមួយក្រសួង ស្ថាប័នដែលពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវស៊ើបអង្កេត និងចាត់ការតាមផ្លូវច្បាប់ចំពោះករណីនេះ»។
 
ក្រុមតេឡេក្រាម ដែលមានឈ្មោះថា «CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT» នេះ គឺបង្កើតឡើង ដោយណែនាំឱ្យសមាជិកក្នុងក្រុមនេះ ដាក់ប្រាក់វិនិយោគលើប្រភេទទីផ្សាមូលបត្រ និងភាគហ៊ុនផ្សេងៗទៀតជាដើម។
 
ដោយសារបារម្ភពីបញ្ហានេះ ទើបក្រសួងយុត្តិធម៌ ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះករណីឆបោកតាមអនឡាញនេះ ជាពិសេសត្រូវចាកចេញពីក្រុមតេឡេក្រាមនេះ ដើម្បីបញ្ចៀសការចាញ់បោក ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិ និងធនធាន ជាយថាហេតុ៕

© រក្សាសិទ្ធិដោយ thmeythmey.com