ជាតិ
លោក ជា ចាន់តូ សរសើរបញ្ញវន្ត ដែលយកចំណេះដឹងទៅអភិវឌ្ឍន៍៍ភូមិកំណើតខ្លួន
28, Dec 2023 , 9:30 pm        
រូបភាព
លោក ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានថ្លែងមតិសំណេះសំណាល ក្នុងពិធីសម្ពោធមន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ ។
លោក ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានថ្លែងមតិសំណេះសំណាល ក្នុងពិធីសម្ពោធមន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ ។
ភ្នំពេញ៖​ លោក ជា ចាន់ តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា​ បានលើកសរសើរដល់បញ្ញវន្តខ្មែរ ដែលបានយកចំណេះដឹង និងជំនាញ មកអភិវឌ្ឍន៍ភូមិកំណើតរបស់ខ្លួនវិញ។ ក្នុងពិធីសម្ពោធមន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ លោក ជា ចាន់តូ បានចូលរួមត្រេកអរ និងកោតសរសើរដល់គ្រូពេទ្យម្នាក់ គឺលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន ដែលបានយកជំនាញខ្លួន មកបើកមន្ទីរពេទ្យដើម្បីជួយថែទាំសុខភាពដល់ពលរដ្ឋនៅស្រុកកំណើតខ្លួន។

 



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 
លោក ជា ចាន់ ចាត់ទុកបញ្ញវន្តខ្មែរ ដែលបានយកចំណេះដឹង មកជួយដល់សហគមន៍ខ្លួនវិញ ប្រៀបដូចជាការដឹងគុណដល់ទឹកដីកំណើត និងជាគំរូភាពដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ។ លោក ជា ចាន់ តូ បានលើកឡើងដូច្នេះ៖ «សូមសរសើរ ដែលមានអារម្មណ៍ចង់ជួយដល់អ្នកស្រុកអ្នកភូមិយើង។ នេះជាស្មារតី ជាឧត្តមគតិមួយថ្លៃថ្នូរណាស់​ ដើម្បីឱ្យយុវជនជំនាន់ក្រោយ ទៅណាក៏ដោយ មិនភ្លេចស្រុកកំណើតទេ។ ឃ្លាតកាយពិតមែន តែចិត្តនៅតែនឹកស្រុកកំណើតរបស់ខ្លួន វាជាឧត្តមគតិដ៏ថ្លៃថ្លាណាស់ ដែលយើងត្រូវបន្តសម្រាប់អ្នកជំនាន់ក្រោយទៀត»។ 
 
គួរជម្រាបថា មន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ ឯកទេសជំងឺទឹកនោមផ្អែម ត្រូវបានដាក់សម្ពោធដំណើរការក្នុងក្រុងតាខ្មៅ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ មន្ទីរពេទ្យដ៏ធំមួយនេះ មានលក្ខណៈស្ដង់ដារអន្តរជាតិ បំពាក់ទៅដោយសម្ភារៈទំនើបៗ មានតម្លៃសមរម្យ ដែលផ្ដល់ភាពងាយស្រួល និងជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។ មន្ទីរពហុព្យាបាល​ ខេ អេស តាខ្មៅ មានទីតាំងនៅតាមបណ្ដាយផ្លូវជាតិលេខ២ ចម្ងាយត្រឹមតែ៨០០ ម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលតាខ្មៅ ខេត្តកណ្ដាល៕

Tag:
 បញ្ញវន្ត
  ស្រុកកំណើត
© រក្សាសិទ្ធិដោយ thmeythmey.com