កីឡាជាតិ
ជាតិ
​តម្លៃប្រាក់រង្វាន់ ​Australian Open កើនឡើងជិត ៦០លានដុល្លារ
29, Dec 2023 , 5:00 pm        
រូបភាព
តម្លៃប្រាក់រង្វាន់ពានរង្វាន់ Australian Open ត្រូវបានកើនឡើងជាង ១៣ភាគរយ ពោលគឺមានតម្លៃ ៨៦,៥លានដុល្លារអូស្ត្រាលី (៥៩,៤លានដុល្លារ) សម្រាប់ការប្រកួតនៅក្នុងឆ្នាំ ២០២៤ តាំងពីការប្រកួតប្រជែងជុំដំបូង និងវគ្គជម្រុះ ។

ការកើនឡើងនូវតម្លៃនេះ បានន័យថា ប្រាក់រង្វាន់នៅក្នុងការប្រកួតស្ថិតក្នុងកីឡដ្ឋាន Melbourne Park ពានរង្វាន់ Grand Slam បានកើនឡើងទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយមកនេះ ។ តែយ៉ាងណាសាច់ប្រាក់នឹងត្រូវបែងចែកកាន់តែស្មើគ្នា។
 
«យើងបានបង្កើនប្រាក់រង្វាន់សម្រាប់គ្រប់ជុំនៅ Australian Open ជាមួយនឹងការកើនឡើងដ៏សំខាន់នៅក្នុងវគ្គជម្រុះ និងជុំដំបូងនៃការប្រកួតឯត្តជន និងគូ។​ យើងចង់ធានាថា ប្រទេសអូស្ត្រាលីនៅតែជាផ្ទាំង បានផ្តើមសម្រាប់រដូវកាលកីឡាវាយកូនបាល់ពិភពលោក ហើយកីឡាករ និងក្រុមរបស់ពួកគេ មានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ ដើម្បីជួយពួកគេឱ្យធ្វើបានល្អបំផុត និងបន្តភាពរីករាយជាមួយកម្មវិធី Grand Slam។»។ នេះបើតាមសម្តីរបស់លោក Craig Tiley ប្រធានការប្រកួត Australian Open តាមរយៈសេចក្តីប្រកាសព័ត៌មាន។
 
តម្លៃប្រាក់រង្វាន់កាលពីឆ្នាំ ២០២០ ម្ចាស់ជើងឯកឯកត្តជនទាំងប្រុស និងស្ត្រី ទទួលបានប្រាក់រង្វាន់ម្នាក់ៗ ៣,១៥លានដុល្លារអូស្ត្រាលី (២,១៥លានដុល្លារ) ដែលតម្លៃនេះតិចជាងពេលដែលកីឡាករ Novak Djokovic និងកីឡាការិនី Sofia Kenin ទទួលបាននៅពេលដែលឈ្នះការប្រកួតចុងក្រោយ មុនពេលជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើង។
 
បើធៀបនឹងការបង្កើនតម្លៃប្រាក់រង្វាន់សម្រាប់ការប្រកួតឆ្នាំ ២០២៤ ជាមួយនឹងឆ្នាំ ២០២០ កីឡាករម្នាក់ៗ អាចទទួលបានប្រាក់រង្វាន់តាមវគ្គនីមួយៗ ដោយចំនួនកើនឡើង ៣ដង ជាងពេលដែលពួកគេបានប្រកួតនៅក្នុងឆ្នាំ ២០២០។ កីឡាករដែលឆ្លងកាត់ការប្រកួតជុំទីមួយ ចាញ់ការប្រកួតនឹងទទួលបានប្រាក់ ១២ម៉ឺនដុល្លារអូស្ត្រាលី (៨,២ម៉ឺនដុល្លារ) សម្រាប់ឆ្នាំ ២០២៤ ដោយឡែកកាលពីឆ្នាំ ២០២០ អ្នកចាញ់ជុំទីមួយទទួលបានត្រឹម ៣ម៉ឺនដុល្លារអូស្ត្រាលី (២ម៉ឺនដុល្លារ) តែប៉ុណ្ណោះ។
 
ការប្រកួតពានរង្វាន់ Grand Slam លើកីឡាវាយកូនបាល់តេស្តន្នីស ការប្រកួត ​U.S. Open ជាការប្រកួតដែលមានតម្លៃថ្លៃជាងគេ ដោយប្រាក់រង្វាន់របស់ការប្រកួតនោះមានតម្លៃប្រមាណ ៦៥លានដុល្លារ ខណៈដែលការប្រកួតទីលាន Wimbledon មានតម្លៃ ៥៦,៩លានដុល្លារ និងការប្រកួត French Open មានតម្លៃ ៥៤,៩លានដុល្លារទាបជាងគេបង្អស់៕

Tag:
 (Australian Open
  Tennis)
© រក្សាសិទ្ធិដោយ thmeythmey.com