ជាតិ
កម្ពុជាស្វែងរកកិច្ចសហការជាមួយចិន ក្នុងវិស័យភាពយន្ត
30, Dec 2023 , 8:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបពីទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ភ្នំពេញ៖ កម្ពុជាកំពុងស្វែងរក​កិច្ចសហការជាមួយភាគីចិន លើវិស័យភាពយន្ត។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្ឃឹមថាកម្ពុជា អាចចាប់ដៃជាមួយចិន ផលិតភាពយន្តរួមគ្នា និងយកទីតាំងប្រទេសកម្ពុជា ក្នុងការផលិតកុន។ បន្ថែមពីនោះ ក្រសួងវប្បធម៌  សង្ឃឹមថាចិនអាចគាំទ្រ និងសហការ​បើកសាលាភាពយន្តនៅកម្ពុជា។

ក្នុងដំណើរចូលរួមព្រឹត្តិការណ៍ សប្ដាហ៍ភាពយន្តកម្ពុជា-ចិន ដែលជាការផ្លាស់ប្ដូរភាពយន្តគ្នា នៅឯប្រទេសចិន កាលពីពេលកន្លងទៅ លោក ប៉ុក បូរក្ស ថា វាជាឱកាសមួយ ដែលជួយឱ្យកម្ពុជា បានផ្សព្វផ្សាយពីភាពយន្តរបស់ខ្លួន ទៅកាន់ទស្សនិកជនចិន។ បើតាមលោក បូរក្ស ឱកាសមួយនេះ ក៏អាចផ្សារភ្ជាប់រវាងផលិតករកម្ពុជា ជាមួយនឹងផលិករចិន ដើម្បីបង្កើតឱកាសផលិតភាពយន្តរួមគ្នា។ ជាពិសេសទាក់ទាញផលិតករភាពយន្តចិនមកលេងកម្ពុជា ក៏ដូចជាការប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីមកផលិតកុនដែរ។ 
  

 រូបពីហ្វេសប៊ុក Cambodia Cinema Department

«ការងារដែលខ្ញុំទៅទីនោះ(ទៅចិន)គឺសំខាន់។ ហើយគោលដៅរបស់យើង បានធ្វើការងារច្រើន។ យើងបានផ្ដល់ព័ត៌មានចាំបាច់មួយចំនួន ទៅកាន់ពួកគាត់(ផលិតករភាពយន្តចិន) ដែលពីមុនព័ត៌មានទាំងនោះ មិនបានទៅដល់ពួកគាត់។ ហើយយើងបានផ្ដល់ការសម្របសម្រួល ដល់ពួកគាត់ ក្នុងករណីដែលមានការមកកម្ពុជា»។ នេះជាការបញ្ជាក់របស់លោក បូរក្ស។
 
បន្ថែមពីនោះ ​ក្រុមការងារពីកម្ពុជា បានជួបប្រជុំជាមួយភាគីសកលវិទ្យាល័យមួយចំនួន ដែលបណ្ដុះបណ្ដាលលើជំនាញភាពយន្ត ដើម្បីសិក្សាស្វែងយល់ និងស្វែងរកឱកាសចាប់ដៃគូសហការ រៀបចំថ្នាលបណ្ដុះបណ្ដាលមួយនៅក្នុងប្រទេសកម្ពុជា តាមរយៈការគាំទ្រពីខាងសកលវិទ្យាល័យ ក្នុងប្រទេសចិន។ ចំពោះការបណ្ដុះបណ្ដាលក្នុងកម្រិតណា លោកប្រធាននាយកដ្ឋានភាពយន្តកម្ពុជា ​នឹងជជែកគ្នាបន្ថែមទៀត ជាមួយភាគីចិន។
 
«ខ្ញុំមិនទាន់ហ៊ាននិយាយថា បើកក្នុងកម្រិតបរិញ្ញាបត្រ ឬក៏អីទេ ប៉ុន្តែដូចដែលយើងឃើញហើយ នៅក្នុងប្រទេសយើង មានសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាកន្លែងបណ្ដុះបណ្ដាលជំនាញ សិល្បៈវប្បធម៌ជាច្រើន។ នៅក្នុងនោះយើងមានជំនាញផ្នែកនាដកម្ម ដែលជាកន្លែងបង្ហាត់ពីការសម្ដែងដែរ។ ដូច្នេះយើងឃើញមានលទ្ធភាពល្អច្រើន ដោយសារយើងមានមូលដ្ឋាន។ អ៊ីចឹង បើសិនខាងភាគីចិន អាចថានឹងផ្ដល់ការសម្របសម្រួល ឬក៏ពិនិត្យមើលលទ្ធភាព គឺយើងមានឱកាស»។​ លោក ប៉ុក បូរក្ស បន្ថែម។


 រូបពីទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទោះជាយ៉ាងណាក៏ដោយ លោក បូរក្ស ថាការស្វែងរកកិច្ចសហការ បើកថ្នាលបណ្ដុះបណ្ដាលនេះ កម្ពុជាពុំទាន់ទទួលបានការឆ្លើយតបជាផ្លូវការណាមួយ ពីភាគីចិនឡើយ។ ប៉ុន្តែភាគីទាំងពីរ បានចាប់ផ្ដើម គំនិតផ្ដួចផ្ដើមរួមគ្នា ដែលចង់បង្កើតកិច្ចសហប្រតិបត្តិការបង្កើតថ្នាលបណ្ដុះបណ្ដាលនេះឡើង។
 
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ មានគម្រោងថតភាពយន្តខ្នាតធំ (Feature film) របស់បរទេស ថតផ្ទាល់នៅកម្ពុជា ចំនួន៣រឿង។ ប៉ុន្តែ Feature Film ទាំង៣គម្រោងនោះ បានអាក់ខាន ដោយសារបញ្ហាកុបកម្ម ក្នុងឧស្សាហកម្មហូលីវូដ។  
 
ក្រៅពីនោះ មានការថតជាវីដេអូឯកសារ ថតកម្មវិធីទូរទស្សន៍ និង ថតSpot ជិត៤០ក្រុម។ ក្នុងចំណោមនោះ ក៏មានកម្មវិធីទូរទស្សន៍ធំៗ និងល្បីរបស់ពិភពលោក ដែលមានអ្នកទស្សនាជាច្រើន នៅទូទាំងពិភពលោក មកថតនៅកម្ពុជាផងដែរ។ លោក ប៉ុក បូរក្ស ថា នេះជាចំណែកនៃការផ្សព្វផ្សាយរូបភាពវប្បធម៌ ប្រពៃណី របស់ប្រជាជនកម្ពុជា ទៅដល់ពិភពលោក៕
 
 

Tag:
 ភាពយន្ត
  កុន
  ចិន
  ក្រសួងវប្បធម៌
 
© រក្សាសិទ្ធិដោយ thmeythmey.com