ជាតិ
ពិការកាយ តែមិនពិការចំណេះ! លោក វ៉ាន សុខវ៉ាត រំពឹងទទួលបានការងារល្អ ក្រោយចប់អនុបណ្ឌិត នៅអូស្រ្តាលី
30, Dec 2023 , 7:59 pm        
រូបភាព
 
ភ្នំពេញ៖  លោក វ៉ាន សុខវ៉ាត ជាជនមានពិការភាពភ្នែកម្នាក់ ដែលបានជាប់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យ Flinders ប្រទេសអូស្រ្តាលី តាមរយៈអាហារូបករណ៍ Australia Awards។  ទោះបីមានកាយសម្បទាមិនគ្រប់គ្រាន់ដូចគេ តែលោក សុខវ់ាត  មិនផ្ដេកផ្ដួលតាមវាសនាឡើយ ដោយបុរសរូបនេះបានប្រឹងប្រែងរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីកែប្រែជីវិតឱ្យល្អប្រសើរ។

លោក វ៉ាន សុខវ៉ាត បានជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត លើជំនាញបរិយាប័ន្ន និងវិធីសាស្រ្តអប់រំ នៅសកលវិទ្យាល័យ Flinders ក្នុងឆ្នាំ២០២៣។ មិនមែនជារឿងចៃដន្យទេ សម្រាប់លោក សុខវ៉ាត ដែលបានមករៀននៅនាយសមុទ្រ។ លោក សុខវ៉ាត បានព្យាយាមជម្នះឧសគ្គជាច្រើន និងបានតស៊ូជាមួយនឹងភាពពិការភាព ដើម្បីសម្រេចបំណងរបស់ខ្លួន។ លោក សុខវ៉ាត បានរៀបរាប់ដូច្នេះ៖ «ទោះបីជាខ្ញុំពិការពិតមែន តែការប្រឡងដូចអ្នកធម្មតាដែរ។  វាពិតជាមានផលលំបាកមែនទែន ទម្រាំនឹងទទួលបាន ព្រោះតម្រូវការវាខ្ពស់»។ 
  

លោក វ៉ាន សុខវ៉ាត  និងក្រុមគ្រួសារ។ 

កើតក្នុងគ្រួសារក្រីក្រ នៅខេត្តបាត់ដំបង លោក សុខវ៉ាត បានសង្វាតចាប់យកចំណេះវិជ្ជា ទោះបីខ្លួនមានពិការភាពក៏ដោយ។ លោកសុខវ៉ាត បានបញ្ចប់ការសិក្សា​ផ្នែក អប់រំ ក្នុងឆ្នាំ២០១៤ នៅសកលវិទ្យាល័យមួយក្នុងខេត្តបាត់ដំបង។ តែពេលនោះទោះបីជា លោក សុខ​​វ៉ាត មានចំណេះរៀនចប់ក៏ដោយ ក៏ឱកាសការងារសម្រាប់អ្នកដែលមានពិការភាពដូចលោក ហាក់មិនទូលាយដូចមនុស្សធម្មតានោះឡើយ ដែលធ្វើឱ្យរូបលោកមិនអាចរកការងារធ្វើបាន។ «ខ្ញុំព្យាយាមរកការងារធ្វើ ប៉ុន្តែខ្ញុំមិនដែលរកការងារធ្វើបានទេ ដោយសារតែខ្ញុំពិការភ្នែក។ ហើយនៅសាលាដែលខ្ញុំរៀនហ្នឹង គេជ្រើសរើសបុគ្គលិកដែរ តែគេអត់យកអ្នកពិការភ្នែក ទោះមានបរិញ្ញាបត្រក៏ដោយ»។ នេះជាការអះអាងរបស់ លោក សុខវ៉ាត។ 
 
លោក សុខវ៉ាត រំលឹកថា ទោះបីជាលោកព្យាយាមស្វែងរកការងាតាមជំនាញខ្លួនយ៉ាងណា ក៏រកមិនបានឡើយ ក៏ព្រោះតែភាពពិការភាព។ តែយ៉ាងណា លោកក៏មានឱកាសធ្វើការងារជាអ្នកម៉ាស្សា តាមរយៈការជួយពីមិត្តភក្ដិ។ លោក សុខវ៉ាត រៀបរាប់ដូច្នេះ៖ «សំណាងល្អ កាលនោះមិត្តភក្តិរបស់ខ្ញុំគាត់ គាត់ហៅឱ្យមកស្នាក់នៅជាមួយ។ គាត់បើកហាងម៉ាស្សា  ខ្ញុំក៏សុំគាត់ធ្វើជាអ្នកម៉ាស្សាដែរ »។  
 
ទោះបីជាមិនបានធ្វើការងារត្រូវតាមចំណេះដូចក្ដីបំណង តែលោក សុខវ៉ាត មិនបោះបង់ការតស៊ូឡើយ ដោយលោកនៅតែចិញ្ចឹមចិត្តថា មានតែចំណេះដឹងទេ ដែលអាចជួយកែប្រែជីវិតខ្លួនបាន។ 
 
បំណងក្លាយជាការពិត! ជាមនុស្សឱ្យតម្លៃលើការសិក្សានោះ លោក សុខវ៉ាត ក៏ទទួលបានឱកាសទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្រ្ដាលី តាមបំណងប្រាថ្នា ក្នុងឆ្នាំ២០២៣ ។ សម្រាប់បុរសវ័យ៣៩ឆ្នាំរូបនេះ ការសិក្សានៅបរទេស គឺជាទំព័រជីវិតថ្មីសម្រាប់លោក ដែលអាចកែប្រែវាសនា និងជាកម្លាំងចិត្តដ៏ធំ សម្រាប់ជនមានពិការភាព ក្នុងការតស៊ូមិនចុះចាញ់តាមវាសនា។​ 
 
បុរសមានពិការភាពរូបនេះ សង្ឃឹមថា ក្រោយពីបញ្ចប់ការសិក្សាលោក នឹងអាចចូលរួមជួយវិស័យអប់រំ ជាពិសេសជួយលើការអប់រំដល់អ្នកមានពិការភាពនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ លោក សុខវ៉ាត អះអាងដូច្នេះ៖ « បើពេលត្រឡប់ទៅវិញខ្ញុំអាចរកការងារបានពាក់ព័ន្ធនឹងអប់រំ ខ្ញុំជឿថា ខ្ញុំអាចចែករំលែកចំណេះដឹងដែលខ្ញុំបានរៀនដល់អ្នកផ្សេងៗ ជាពិសេសដល់គ្រូបង្រៀន ដើម្បីជួយកែប្រែការអប់ដល់អ្នកមានពិការភាពកាន់តែប្រសើរ»៕  
 
 
 

Tag:
 ជនពិការមានពិការភាព
© រក្សាសិទ្ធិដោយ thmeythmey.com