ជាតិ
វីដេអូ
​បណ្តុំរូបិយវត្ថុហ្វ្រង់ បារាំង ​ពីឆ្នាំ​១៩៧១ ដល់ឆ្នាំ១៩៩៧​ ​ដែលដាក់តាំងនៅសារមន្ទីរវិមានសុខា
31, Dec 2023 , 7:59 am        
រូបភាព
សៀមរាប៖ សារមន្ទីរ​ វិមាន​​សុខា នៅ​ក្រុង​សៀមរាប តាំងវត្ថុ​បុរាណ​ជា​ច្រើន​មុខ ​ពិសេសយានជំនិះ​​ ឧបករណ៍សោតទស្ស​ និងនាឡិកា​។ ក្រៅពីនេះក៏​មានរូបិយវត្ថុ ជាកាក់ និងជារូបិយបណ្ណនៅជំនាន់ខុសៗគ្នា របស់ប្រទេសផ្សេងៗដែរ។ មាន​លុយ ហ្វ្រង់ ១បណ្ដុំ ដែល​គេ​ធ្លាប់​ចាយ ​នៅ​​ប្រទេស​បារាំង និង​ប្រទេស​ផ្សេងៗ​ទៀត ពីទស្សវត្សរ៍ឆ្នាំ១៩៧០ រហូត​ដល់​ទស្សវត្សរ៍​ឆ្នាំ១៩៩០។ ​ក្រដាស​ប្រាក់ទាំងអស់នោះ មានពី​ក្រដាស១០ហ្វ្រង់ ដល់​ក្រដាស៥០០ហ្វ្រង់ និងត្រូវបាន​ដាក់​ក្នុង​ស៊ុម​មួយ។ ​រូបិយបណ្ណ​ប្រភេទនីមួយៗ មាន២សន្លឹក ដើម្បី​បង្ហាញ​ឃើញ​ទាំង​​ខាងមុខ និងខាងក្រោយ។ គ្រប់ក្រដាសទាំងអស់​សុទ្ធតែ​រូប​មនុស្ស​ប្រុស​ទាំងអស់ មិន​ថាជា​សិល្បករ ឬ​អ្នក​និព​ន្ធ។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 
រូបិយបណ្ណ ១០ហ្វ្រង់ (≈ ៧០០០ ៛) ត្រូវ​បាន​ប្រើពី​ឆ្នាំ១៩៧១ ដល់​ឆ្នាំ​១៩៧៨។ មាន​រូប​លោក​គ្រូ BERLIOZ Hector ដែល​ជាព្រឹទ្ធចារ្យ​តូរ្យតន្រី កើត​ឆ្នាំ១៨០៣ និង​ទទួលមរណភាព​ឆ្នាំ១៩៦៩។ ក្រដាស​ប្រភេទ​នេះ ​ប្រើ​រយៈពេល​ខ្លី។ គឺ​ជាជំនាន់​ក្រដាស ១០ហ្វ្រង់បារាំង ចុង​ក្រោយ ព្រោះ​នៅ​ពេលនោះធនាគារ​ជាតិ​បារាំង​ បាន​សម្រេច​បង្កើត​លុយ ១០ហ្វ្រង់ ជាកាក់វិញ។
 
រូបិយបណ្ណ ២០ហ្វ្រង់ (≈ ១៤ ០០០ ៛) ត្រូវ​បាន​ប្រើពី​ឆ្នាំ១៩៨០ ដល់​ឆ្នាំ​១៩៩៧។ មាន​រូប​លោកគ្រូ DEBUSSY Claude ដែល​ជាព្រឹទ្ធចារ្យ​តូរ្យតន្រី កើត​ឆ្នាំ១៨៦២ និង​ទទួលមរណភាព​ឆ្នាំ១៩១៨។
 
រូបិយបណ្ណ ៥០ហ្វ្រង់ (≈ ៣៥ ០០០ ៛) ត្រូវ​បាន​ប្រើពី​ឆ្នាំ១៩៧៦ ដល់​ឆ្នាំ​១៩៩២។ មាន​រូប​លោកគ្រូ LA TOUR Maurice-Quentin ដែល​ជា​វិចិត្រករ កើត​ឆ្នាំ១៧០៤ និង​ទទួលមរណភាព​ឆ្នាំ១៧៨៨។
 
រូបិយបណ្ណ ១០០ហ្វ្រង់ (≈ ៧០ ០០០ ៛) ត្រូវ​បាន​ប្រើពី​ឆ្នាំ១៩៧៨ ដល់​ឆ្នាំ​១៩៩៥។ មាន​រូប​លោកគ្រូ DELACROIX Eugène ដែល​ជា​វិចិត្រករ កើត​ឆ្នាំ១៧៩៨ និង​ទទួលមរណភាព​ឆ្នាំ១៨៦៣។
 
រូបិយបណ្ណ ២០០ហ្វ្រង់ (≈ ១៤០ ០០០ ៛) ត្រូវ​បាន​ប្រើពី​ឆ្នាំ១៩៨១ ដល់​ឆ្នាំ​១៩៩២។ មាន​រូប​លោកគ្រូ SECONDAT Charles Louis ហៅ MONTESQUIEU ដែល​ជាព្រឹទ្ធចារ្យ​ទស្សនវិជ្ជា កើត​ឆ្នាំ១៦៨៩ និង​ទទួលមរណភាព​ឆ្នាំ១៧៥៥។
 
រូបិយបណ្ណ ៥០០ហ្វ្រង់ (≈ ៣៥០ ០០០ ៛) ត្រូវ​បាន​ប្រើពី​ឆ្នាំ១៩៦៨ ដល់​ឆ្នាំ​១៩៩៣។ មាន​រូប​លោកគ្រូ PASCAL Blaise ដែល​ជាព្រឹទ្ធចារ្យ​ទស្សនវិជ្ជា កើត​ឆ្នាំ១៦២៣ និង​ទទួលមរណភាព​ឆ្នាំ១៦៦២។
 
បន្ទាប់​ពី​ឈប់​ប្រើ​ក្រដាសប្រភេទខាងលើនេះ ​គឺមាន​រូបិយបណ្ណ​ហ្វ្រង់​ជំនាន់ចុង​ក្រោយ ៥ប្រភេទ​ផ្សេង​ទៀត រហូត​ដល់​ប្រទេស​បារាំងសម្រេច​បង្កើត​រូបិយវត្ថុ អឺរ៉ូ (€ EUR) ឆ្នាំ២០០២ ដោយរួមគ្នា២០ប្រទេស។ ប្រទេស​ទាំង​អស់នោះ ​ជា​សមាជិក​សហភាពអឺរ៉ុប ហើយ​មាន ៦ប្រទេស​ផ្សេងទៀត ដែល​សម្រេច​ចាយ​រូបិយវត្ថុ​អឺរ៉ូតែ​មួយដែរ។
 
​រូបិយវត្ថុ​ ហ្វ្រង់ ត្រូវបាន​បង្កើត​ឆ្នាំ១៣៦០ នៅ​ប្រទេស​បារាំង ក៏​ប៉ុន្តែ​ចាយរយៈពេល​ប្រហែល ១០ឆ្នាំ​ប៉ុណ្ណោះ។ ឆ្នាំ​១៤៣៧ ​លុយ​ហ្វ្រង់ត្រូវបានបង្កើតឡើង​វិញ ក៏​ប៉ុន្តែ​ការចាយវាយមានរយៈ​ពេល​ប្រហែល ១០ឆ្នាំ​ប៉ុណ្ណោះ។ នៅឆ្នាំ​១៥៧៥ លុយ​ហ្វ្រង់ត្រូវបានបង្កើត​ឡើង​វិញសាជាថ្មីម្ដង​ទៀត ហើយ​ចាយរយៈ​ប្រហែល​៧០ឆ្នាំ។ បដិវត្តបារាំង​បាន​ធ្វើ​ឱ្យ​រូបិយវត្ថុ ហ្វ្រង់ រស់​ឡើង​វិញ រយៈពេល​២០០ឆ្នាំ រហូត​ដល់បង្កើតលុយអឺរ៉ូ។ ក៏​ប៉ុន្តែ​ពេលនោះ ទោះ​បី​ជាប្រទេស​បារាំង ប្រទេសអង់ដូរ៉ា និង​ប្រទេស​ម៉ូណាកូ ឈប់ប្រើ​លុយ​ហ្វ្រង់​បារាំង ហើយ ប្រទេស​បែលហ្ស៊ិក ឈប់​ប្រើ​លុយ​ហ្វ្រង់​បែលហ្ស៊ិក និង​ប្រទេស​លុចសំបួរ ឈប់​ប្រើ​លុយ​ហ្វង់​លុចសំបួរក៏ដោយ លុយ​ហ្វ្រង់​មិន​ទាន់បាន​ងាប់ទេ! សម័យ​ឥឡូវនេះ ទូទាំង​ពិភព​លោក មានលុយ​ហ្វ្រង់​ផ្សេងៗ​ពី​គ្នា ៩​រូបិយវត្ថុ ដែលប្រើ​ជា​រូបិយវត្ថុ​ផ្លូវការ​ក្នុងចំនួន ២៤​ប្រទេស។
 
ហ្វ្រង់​បារាំង ជាភាសាបារាំង​ថា franc français ជា​អក្សរ​កាត់ F FF ឬ Fr តែ​តាម​ស្តង់ដារ​អន្តរជាតិគឺ FFR។ ហ្វ្រង់​ គឺ​ជាឈ្មោះជនជាតិ ដែល​បានឈ្លានពាន​ប្រទេស​បារាំង ក្នុង​សតវត្សរ៍ទី៥ ហើយ​ដាក់​ឈ្មោះ​ប្រទេស​នេះថា France។ ពាក្យ​ខ្មែរ "បារាំង" មក​ពី​ពាក្យ français ដែល​មាន​ន័យ​ថា​ ប្រជាពលរដ្ឋ​បារាំង។ តាំងពី​សម័យ​កណ្ដាល​ ពាក្យ​នេះបាន​ប្រែប្រួល​ច្រើន : ហ្វ្រង់សេស ហ្វារ៉ង់សេស បារ៉ង់សេស បារាំងសេស ហើយ​បារាំង។
 
សារមន្ទីរ​ វិមាន​សុខា ស្ថិតនៅផ្លូវ​លេខ២២ ភូមិ​ត្រពាំង​សេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បើក​រៀងរាល់​ថ្ងៃ ពី​ម៉ោង៨ព្រឹក ដល់​ម៉ោង​៥ល្ងាច។ សំបុត្រចូល​មានតម្លៃ​ ៥០០០រៀល សម្រាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់ និង ២០០០០រៀល សម្រាប់​ពលរដ្ឋ​បរទេស​ម្នាក់។ ​ក្នុង​សារមន្ទីរក៏មាន​ហាងកាហ្វេ​តុបតែងជាមួយវត្ថុបុរាណ​ច្រើន​ដែរ៕
 
 

Tag:
 រូបិយវត្ថុ
  រូបិយបណ្ណ
  លុយហ្វ្រង់
© រក្សាសិទ្ធិដោយ thmeythmey.com