ជាតិ
ភាពយន្តខ្មែរ ៧០រឿង ត្រូវបានអនុញ្ញាតឱ្យថត នៅឆ្នាំ២០២៣
31, Dec 2023 , 7:29 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក Cambodia Film Commission
រូបពីទំព័រហ្វេសប៊ុក Cambodia Film Commission
 
ភ្នំពេញ៖ ភាពយន្តកម្ពុជាខ្នាតវែងចំនួន៤០ចំណងជើង ទទួលបានការអនុញ្ញាតឱ្យថតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឆ្នាំ២០២៣។ ក្នុងនោះមាន៣៣ចំណងជើង បានចាក់បញ្ចាំងនៅរោងភាពយន្តរួចរាល់។ ចំណែកភាពយន្តខ្នាតខ្លី មានជិត៣០ចំណងជើង ដែលផលិតដោយ ផលិតករវ័យក្មេង និងផលិតករឯករាជ្យ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ថា ភាពយន្តទាំងអស់ខាងលើ សុទ្ធសឹងតែបានយកទៅត្រួតពិនិត្យ ​នៅក្រសួងវប្បធម៌ ដើម្បី​ចាត់ចំណាត់ថ្នាក់ និងធានាថា ភាពយន្តទាំងនោះ មានខ្លឹមសារ​ អាចឱ្យសាធារណជនទទួលយកបាន។ 
 

 លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

លោក ប៉ុក បូរក្ស បញ្ជាក់ថា ដើម្បីទទួលបានការអនុញ្ញាតថតភាពយន្ត ជានីតិវិធីផលិតករត្រូវសុំការអនុញ្ញាតថត ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលតម្រូវឱ្យមានភ្ជាប់សេណារីយោរឿង(Script) ភ្ជាប់ជាមួយនឹងទីតាំង ក្រុមការងារ និងព័ត៌មានផ្សេងៗមួយចំនួនទៀត។ បន្ថែមពីនោះផលិតករ ត្រូវយកភាពយន្តដែលថតចប់រួចរាល់ ទៅក្រសួងវប្បធម៌ ដើម្បីកំណត់ចំណាត់ថ្នាក់ថា រឿងនោះស័ក្ដិសមនឹងមនុស្សវ័យណាទៅមើល? 
 
លោក ប៉ុក បូរក្ស ពន្យល់បន្ថែម៖«យើងចាត់ចំណាត់ថ្នាក់ ដើម្បីដឹងថា​រឿងណា មនុស្សអាយុ១៥ឆ្នាំ​មើលបាន? រឿងណាទាល់តែអាយុ១៨ឆ្នាំទើបមើលបាន? ការកំណត់ជាភាពយន្តខ្លី គឺ​មានថេរវេលាក្រោម៤០នាទី។ បើលើសពី៤០នាទី គឺជាប្រភេទភាពយន្តខ្នាតវែង»។ 
 
លោក បូរក្ស ថា ផែនការយុទ្ធសាស្ត្រ របស់ក្រសួងវប្បធម៌ បានឯកភាពគ្នាបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យនិងវាយតម្លៃភាពយន្ត មុននឹងដាក់បញ្ចាំងក្នុងរោងកុន។ មានន័យថា ភាពយន្តដែលមានការអនុញ្ញាតពីក្រសួងរួចហើយ នឹងមានក្រុមការងារមួយទៀត ដែលមានសមាសភាពរួម រវាងរោងភាពយន្ត ផលិតករ និងអ្នកទស្សនា ផ្ដល់ពិន្ទុនិងចំណាត់ថ្នាក់ឱ្យភាពយន្ត​។ ការធ្វើបែបនេះ ដើម្បីជំរុញកាន់តែខ្លាំង ឱ្យភាពយន្តនីមួយៗ កាន់តែមានគុណភាពខ្ពស់។
  

 រូបពីទំព័រហ្វេសប៊ុក Cambodia Film Commission

«គុណភាពភាពយន្ត គិតលើកត្តាធនធានមនុស្ស ថវិកា និងទីផ្សារផងដែរ។ ធម្មតាទស្សនិកជន គាត់ឱ្យពិន្ទុទៅលើការល្អមើល ល្អសើច ប៉ុន្តែគាត់មិនបានផ្ដោតស៊ីជម្រៅ ទៅលើលក្ខណៈបច្ចេកទេស តាមវេយ្យាករណ៍ភាពយន្តទេ។ ដូច្នេះត្រូវការការរួម​ផ្សំគ្នាទាំងអស់ ដើម្បីឱ្យពិន្ទុសមរម្យ»។ នេះជាការបញ្ជាក់បន្ថែម របស់ប្រធាននាយកដ្ឋានភាពយន្ត។
 
លោក ប៉ុក បូរក្ស អះអាងថា ក្រោយការវាយតម្លៃពីគ្រប់ភាគី នៅដំណាក់កាលទី២នេះ ប្រសិនភាពយន្តណា ទទួលបានពិន្ទុខ្ពស់ នោះរោងភាពយន្ត នឹងផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ឱ្យភាពយន្តនោះ។ ក្នុងនោះ រួមមានផ្ដល់ការ​ផ្សព្វផ្សាយ និងការធ្វើទីផ្សារ ដើម្បីរុញភាពយន្តនោះកាន់តែខ្លាំង និងរួមបញ្ចូលទាំងការផ្ដល់ពេលវេលាចាក់បញ្ចាំង ក្នុងរោងកុនកាន់តែច្រើន។ លោក បូរក្ស ថានេះជាការជំរុញ​ឱ្យផលិតករ ទទួលបានអត្ថប្រយោជន៍។
 
បន្ថែមពីនោះ រាជរដ្ឋាភិបាល​ បានផ្ដល់នូវការព្យួរកាតព្វកិច្ចពន្ធ ដើម្បីលើកទឹកចិត្តផលិតករ  ឱ្យមានលទ្ធភាពផលិតកុន បានកាន់តែច្រើន និងមានគុណភាពខ្ពស់។
 
«យើងកាត់បន្ថយ ការចំណាយលើពន្ធដារ ដែលក្នុងនោះមានពន្ធ(សួយសារ)លើការបញ្ចាំង១៥ភាគរយ និងពន្ធលើចំណូល។ ដូច្នេះធ្វើឱ្យផលិតករ មានលទ្ធភាពក្នុងការប្រើប្រាស់ដើមទុនច្រើន ក្នុងការផលិត។ កាលណាមានដើមទុនច្រើនផលិត យើងអាចបង្កើនគុណភាពបាន។ កាលណាបង្កើនគុណភាពបាន យើងអាចប្រកួតប្រជែង ចូលក្នុងទីផ្សារក្រៅប្រទេសបាន។ ចំណុចទាំងអស់ហ្នឹង គឺជាការជួយលើកកម្ពស់គុណភាពកុនកម្ពុជា»។ នេះបើតាមលោក បូរក្ស។
  

  រូបពីហ្វេសប៊ុក Cambodia Cinema Department

យ៉ាងណាក៏ដោយ ដើម្បីនាំភាពយន្តកម្ពុជា ចូលទីផ្សារក្រៅប្រទេសបាន ភាពយន្ត​ត្រូវតែមានគុណភាព។ ជាពិសេសដើម្បីឱ្យបរទេស ជៀជាក់ថារឿងទាំងនោះ មានគុណភាព លុះត្រាណាមានការគាំទ្រ ពីប្រជាជនក្នុងស្រុកជាមុនសិន។ ប្រធាននាយកដ្ឋានរូបនេះ បន្ថែម។
 
លោក បូរក្ស បរិយាយដូច្នេះ៖«ទាល់តែមានការគាំទ្រក្នុងស្រុក ទើបអាចប្រាប់ទៅដៃគូក្រៅប្រទេស ថារឿងនោះបានជោគជយក្នុងស្រុក។ ដូច្នេះទាល់តែប្រជាជនយើង គាំទ្ររឿងរបស់យើងសិន ទើបគេគាំទ្រយើងដែរ»។
 
មួយផ្នែកទៀត ដើម្បីឱ្យភាពយន្តខ្មែរ ទទួលបានការគាំទ្រក្រៅប្រទេស លោក បូរក្ស ថាការផលិតរួមគ្នា រវាងផលិតករកម្ពុជា ជាមួយផលិតករបរទេស ឬរវាងតួសម្ដែងកម្ពុជា ជាមួយតួសម្ដែងបរទេស ក៏ជាផ្នែកដ៏សំខាន់ដែរ។ លោកថាកន្លងទៅ ផលិតករកម្ពុជា បានធ្វើបំណុចនេះរួចមកហើយ ដោយបានចាប់ដៃគូជាមួយប្រទេសថៃ និងភូមា។ 
 
«កាលណាផលិតរួមគ្នាមានន័យថា ផលិតករទាំងពីរនឹងសិក្សា​មាតិការរឿង ថារឿងនោះអាចចូលទីផ្សារកម្ពុជាផង ចូលទីផ្សារក្នុងប្រទេសដៃគូផង។ ចំណុចសំខាន់ដែរ គឺការប្រើប្រាស់តួអង្គ។ ជាបទពិសោធ ផលិតកររបស់យើង បានប្រើប្រាស់តួបរទេស ក្នុងការចូលរួមសហការ ថតរឿងជាមួយពួកគាត់។ នេះជាឥទ្ធិពលមួយ អាចនាំយកភាពយន្តនោះ ទៅចាក់បញ្ចាំងក្នុងប្រទេស របស់តួអង្គបរទេសនោះ។ នេះជាបទពិសោធមួយ ធ្វើឱ្យរឿងនោះ ទទួលបានជោគជយ»។ នេះជាការអះអាងរបស់លោក ប្រធាននាយកដ្ឋានភាពយន្ត។
  

  រូបពីហ្វេសប៊ុក Cambodia Cinema Department

ទោះជាយ៉ាងណាក៏ដោយ លោក ប៉ុក បូរក្ស មិនភ្លេចក្រើនរំលឹកដល់ផលិតករទាំងអស់ អំពីធាតុផ្សំដ៏សំខាន់ ដែលនាំឱ្យភាពយន្តមួយល្អឡើយ។ លោកថាអ្វីដែលនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ យកចិត្តទុកដាក់បំផុត ក្នុងការជំរុញវិស័យភាពយន្ត គឺការសរសេរសេណារីយោភាពយន្ត ( Script Writing Scrin Play) ដែលលោកថា នេះជាផ្នែកមួយដ៏សំខាន់។ 
 
«មិនប្រាកដថា យើងទៅរៀនផ្នែកសរសេរហើយ យើងអាចសរសេរផ្នែកភាពយន្តបានល្អឡើយ។ ក្នុងករណីខ្លះ យើងបណ្ដុះបណ្ដាល២០ទៅ៣០នាក់ ជួនរកតែម្នាក់ដែលសរសេរបានល្អ រកមិនបានក៏ថាបានដែរ។ នេះជាបញ្ហា ព្រោះការសរសេរ ត្រូវការទេពកោសល្យ និងការសិក្សាស្វែងយល់ច្រើន។ វាមិនមែនជាទ្រឹស្ដីមួយ គ្រាន់តែយករូបមន្តមកបូកគ្នា ហើយចេញជាការសរសេរមួយ ដ៏ល្អបានទេ។ ប៉ុន្តែវាត្រូវការអ្នកសរសេរ មាន​ចំណេះដឹងទូលំទូលាយ និងការសិក្សាស្វែងយល់បន្ថែម»៕
 
 
 

Tag:
 សិល្បៈ
  ភាពយន្ត
  កុន
  ផលិតករ
© រក្សាសិទ្ធិដោយ thmeythmey.com