ជាតិ
សិល្បះ
តើត្រូវមានគុណតម្លៃអ្វីខ្លះ ទើបអាចចូលជាមរតកមនុស្សរស់បាន?
01, Jan 2024 , 7:39 pm        
រូបភាព
ភ្នំពេញ៖ មរតកមនុស្សរស់ ត្រូវបានជ្រើសរើស និងទទួលស្គាល់ចេញពីទម្រង់ផ្សេងៗ នៃបេតិកភណ្ឌវប្បធម៌អរូបី ដែលមានលក្ខខណ្ឌដូចជា មានតម្លៃលេចធ្លោ និងជាសក្ខីភាព នៃទេពកោសល្យដ៏ប៉ិនប្រសប់  ក្នុងការបង្កើត និងការច្នៃប្រឌិតតាមឯកទេសនីមួយៗ ដែលជាឫសគល់នៃប្រពៃណី និងវប្បធម៌របស់សង្គម។



បុគ្គល ឬក្រុមមនុស្សណាមួយ ដែលត្រូវបានជ្រើសរើស ជាមរតកមនុស្សរស់ ត្រូវមានគ្រប់លក្ខណសម្បត្តិដូចជា មានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ស្នាដៃឯក ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី។ មានមនសិការខ្ពស់ ក្នុងការចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី។ 
 
មានសមត្ថភាពខ្ពស់ ក្នុងការផ្ទេរចំណេះដឹង ដោយមិនលាក់លៀម វិជ្ជាជីវៈ ជំនាញ ទេពកោសល្យ និងបច្ចេកទេស ទៅអ្នកជំនាន់ក្រោយ ដោយភាពស្មោះត្រង់ និងហ៊ានលះបង់ដើម្បីជំនាញ។ មានសីលធម៌រស់នៅថ្លៃថ្នូរ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា លុតជង្គង់ មើលទៅព្រឹទ្ធាចារ្យគង់ ណៃ ដែលអង្គុយលើរទេះរុញ ដោយមានភរិយាបង់កក្រមានៅក្បែរ

យោងតាមព្រះរាជក្រឹត ស្ដីពីប្រព័ន្ធមរតកមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ មរតកមនុស្សរស់ ត្រូវមានចរិតលក្ខណៈបង្ហាញតម្លៃឯក នៃបេតិកភណ្ឌវប្បធម៌អរូបីក្នុងតំបន់ និងសហគមន៍។ មានសារៈសំខាន់ ដែលអាចបញ្ចាក់ពី អត្តសញ្ញាណនៃតំបន់ សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។ 
 
លក្ខខណ្ឌទាំងអស់ខាងលើ ត្រូវយកទៅពិចារណា ដោយផ្ដល់អាទិភាព នូវបញ្ហាប្រឈមមួយចំនួន ដូចជាប្រឈមនឹងការថយចុះនៃអ្នកមានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ដែលកំពុងទទួលរងឥទ្ធិពលអវិជ្ជមាន នៃសកលភាវូបនីយកម្ម។ ប្រឈមនឹងការបាត់បង់ នូវសារៈសំខាន់នៃលក្ខណៈដើម។ ប្រឈមនឹងការបាត់បង់ នូវកិត្យានុភាពវប្បធម៌។ 
 
ការកំណត់ខាងលើ មានគោលដៅកំណត់អំពីប្រព័ន្ធមរតកមនុស្សរស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងមានគោលបំណង ធានាបាននូវការថែរក្សា បេតិកភណ្ឌវប្បធម៌ជាតិ ឱ្យបានគង់វង្សទៅអនាគត។ គាំពារនិងលើកកម្ពស់ធនធានមរតកមនុស្សរស់ នៅទូទាំងប្រទេស ដោយបង្កើតយន្តការសម្រាប់ការអភិរក្ស បេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ឱ្យមាននិរន្តរភាព បង្កើតប្រព័ន្ធសម្រាប់បន្តវេន និងផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី ទៅអ្នកជំនាន់ក្រោយ។



បង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាធារណជន អង្គការជាតិ អន្តរជាតិ ដើម្បីធានាការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី។ ព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តលើប្រជាពលរដ្ឋខ្មែរទាំងអស់។
 
សូមបញ្ជាក់ថា មរតកមនុស្សរស់ សំដៅដល់បុគ្គល ឬក្រុមមនុស្សមានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសកម្រិតខ្ពស់បំផុត ដែលចាំបាច់ដល់ការ បង្កើតភាពសម្រិតសម្រាំង នៃទិដ្ឋភាពជីវិតវប្បធម៌ របស់ប្រជាជន និងអត្ថិភាព បន្តនូវបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ។ ប្រព័ន្ធមរតកមនុស្សរស់ ដំដៅដល់កន្សោមយន្តការ គ្រប់គ្រងមរតកមនុស្សរស់ តាបបទប្បញ្ញត្តិច្បាប់។ 
 
មរតកមនុស្សរស់ មានក្រមសីលធម៌របស់ខ្លួន ដែលកំណត់ដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មរតកមនុស្សរស់ មានគោរមងារថ្នាក់ជាតិ ដែលទទួលស្គាល់ដោយព្រះរាជក្រឹត្យ តាមសំណើររបស់នាយករដ្ឋមន្ត្រី។
 
គណៈកម្មាធិការមរតកមនុស្សរស់ មានសមាសភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានរដ្ឋមន្ត្រីក្រសួងនេះ​ជាប្រធាន។ តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន។ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន។ តំណាងក្រសួងអប់រំយុវជន និងកីឡា ជាសមាជិក។ តំណាងក្រសួងព័ត៌មាន ជាសមាជិក។ តំណាងក្រសួងធម្មការនិងសាសនា ជាសមាជិក។ 



តំណាងក្រសួងសុខាភិបាល ជាសមាជិក។ តំណាងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ជាសមាជិក។ តំណាងរាជបណ្ឌិតសភាកម្ពុជា ជាសមាជិក។ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសមាជិក។ តំណាងគណៈកម្មការជាតិយូណេស្កូកម្ពុជា ជាសមាជិក។ តំណាងគណៈកម្មការជាតិបេតិកភណ្ឌពិភពលោក ជាសមាជិក។ តំណាងគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ជាសមាជិក។ អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លេខាធិការអចិន្ត្រៃយ៍។ 
 
មន្ត្រីជំនាញជាន់ខ្ពស់មួយចំនួន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសមាជិក។ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាលេខាធិការដ្ឋានអចិន្ត្រៃយ៍ របស់គណៈកម្មាធិការមរតកមនុស្សរស់។ សមាសភាពជាក់ស្ដែង របស់គណៈកម្មាធិការ មរតកមនុស្សរស់ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើររបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
 
គណៈកម្មាធិការមរតកមនុស្សរស់ មានភារកិច្ចពិនិត្យនិងសម្រេច ទម្រង់សិល្បៈវប្បធម៌អរូបីណាមួយ ដែលកំពុងរងគ្រោះ ឈានទៅរកការបាត់បង់។ ស្រាវជ្រាវ ពិនិត្យ ជ្រើសរើស និងវាយតម្លៃលើបេក្ខភាពមរតកមនុស្សរស់ ដែលមានលក្ខណៈសម្បត្តិស្របតាមលក្ខខណ្ឌ ដូចមានចែងក្នុងមាត្រា៥ និងមាត្រា៦ នៃព្រះរាជក្រឹត្យនេះ។ ស្រាវជ្រាវរកមរតកមនុស្សរស់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងតាមរយៈមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។



រៀបចំយន្តការផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ដល់អ្នកជំនាន់ក្រោយ។ ចាត់ចែង ប្រើប្រាស់មធ្យោបាយសម្ភារៈ ថវិកា និងគ្រឿងសម្គាល់ផ្សេងៗ សម្រាប់មរតកមនុស្សរស់។ ធានាតម្កល់ទុករាល់ឯកសារអប់រំ និងផ្សព្វផ្សាយ ស្នាដៃរបស់មរតកមនុស្សរស់ ដើម្បីជាគុណប្រយោជន៍ ចំពោះសង្គមជាតិ។
 
លើកទឹកចិត្ត ឱ្យមានការដាក់ពាក្យ ស្នើសុំជាបេក្ខជនមរតកមនុស្សរស់ ពីបុគ្គល ឬក្រុមមនុស្សទាំងឡាយ ដែលយល់ថាខ្លួន មានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសវប្បធម៌ខ្ពស់។ ស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើការស្នើសុំលាលែង និងការដកហូតតំណែងមរតកមនុស្សរស់ ពីបុគ្គល ឬក្រុមមនុស្សដែលបានទទួលការតែងតាំងហើយ។
 
មរតកមនុស្សរស់ មានកាតព្វកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដូចជា រៀបចំចងក្រងឯកសារសម្រាប់បង្ហាត់បង្រៀន ផ្សព្វផ្សាយ ដែលបម្រើប្រយោជន៍សង្គមជាតិ។ ផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសរបស់ខ្លួន ដោយគ្មានលាក់លៀម ដល់អ្នកជំនាន់ក្រោយ តាមរយៈការបណ្ដុះបណ្ដាល។ 



ផ្សព្វផ្សាយចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ដែលខ្លួនមានឱ្យបានទូលំទូលាយ ដល់សាធារណជនទូទៅ តាមគ្រប់មធ្យោបាយ។ បន្តថែរក្សាឱ្យគង់វង្ស និងអភិវឌ្ឍចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ដែលសាមីខ្លួន បានទទួលកិត្តិយស។ ទទួលភារកិច្ចផ្សេងៗទៀត ដែលគណៈកម្មាធិការមរតកមនុស្សរស់ និងរាជរដ្ឋាភិបាលប្រគល់ជូន។ 
 
បុគ្គលឬក្រុមមនុស្ស ដែលត្រូវបានទទួលស្គាល់ ជាមរតកមនុស្សរស់ អាចរងការបដិសេធចោល នូវគោរមងារ និងផលប្រយោជន៍ទាំងអស់នេះវិញ ដោយមូលហេតុ អនុវត្តពុំបានទៅតាមកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១០ នៃព្រះរាជក្រឹត្យនេះ។ ប្រព្រឹត្តផ្ទុយពីសីលធម៌វិជ្ជាជីវៈ ឬត្រូវបានតុលាការផ្ដន្ទាទោស ពីបទមជ្ឈិម ឬបទឧក្រិដ្ឋណាមួយ។
 
ប្រសិនមរតកមនុស្សរស់ ទទួលមរណភាពក្នុងកេរ្ដិ៍ឈ្មោះល្អ គោរមងារត្រូវបានរក្សា តែប្រាក់ឧបត្ថម្ភជីវភាពប្រចាំខែ ពីថវិកាជាតិត្រូវបញ្ចប់។ ស្នាដៃបេតិកភណ្ឌវប្បធម៌អរូបី របស់មរតកមនុស្សរស់ គឺជាកម្មសិទ្ធិរបស់មរតកមនុស្សរស់ ដែលត្រូវបានការពារដោយច្បាប់ ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។



ប្រភពធនធានផ្គត់ផ្គង់ ដល់មរតកមនុស្សរស់ និងគណៈកម្មាធិការមរតកមនុស្សរស់ បានមកពីថវិការជាតិ ជាកញ្ចប់ថវិកាដោយឡែក ក្នុងក្របខណ្ឌថវិកាប្រចាំឆ្នាំ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ គណៈកម្មាធិការមរតកមនុស្សរស់ មានសិទ្ធិទទួល និងគ្រប់គ្រងមូលនិធិ ដែលបានមកពីប្រភពហិរញ្ញប្បទាន សហប្រតិបត្តិការបរទេស និងពីប្រភពផ្សេងទៀត សម្រាប់បំពេញការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាព។
 
មរតកមនុស្សរស់ ត្រូវទទួលផលប្រយោជន៍ និងលាភការដូចជាប្រាក់ឧបត្ថម្ភជីវភាព ប្រចាំខែពីថវិកាជាតិ។ បើមន្ត្រីរាជការ ទទួលការតែងតាំងជាមរតកមនុស្សរស់ ត្រូវទទួលបានប្រាក់បំណាច់មួយចំនួន ដែលមានចំនួនច្រើនជាង។ ការឧបត្ថម្ភសម្ភារៈថវិកា និងមធ្យោបាយសម្រាប់ បម្រើការសិក្សាស្រាវជ្រាវ ការបណ្ដុះបណ្ដាល។ ផលប្រយោជន៍ និងលាភការរបស់មរតកមនុស្សរស់ ត្រូវកំណត់ដោយប្រកាសរួម របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

Tag:
 សិល្បៈ
  វប្បធម៌
  មរតកមនុស្សរស់
 
© រក្សាសិទ្ធិដោយ thmeythmey.com