ជាតិ
លោកស្រី សឿង រដ្ឋចាវី ជាឯកអគ្គរាជទូតកម្ពុជាប្រចាំចិន ជំនួសលោកស្រី ខែក កៃមាលី ស៊ីសូដា ដែលកាន់តួនាទី ១៧ឆ្នាំ
02, Jan 2024 , 4:12 pm        
រូបភាព
រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក លោកស្រី សឿង រដ្ឋចាវី ត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសម៉ុងហ្គោលី ដែលមាននិវេសដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន សម្រាប់អណត្តិថ្មីនេះ ជំនួសលោកស្រី ខែក កៃមាលី ស៊ីសូដា។
រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក លោកស្រី សឿង រដ្ឋចាវី ត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសម៉ុងហ្គោលី ដែលមាននិវេសដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន សម្រាប់អណត្តិថ្មីនេះ ជំនួសលោកស្រី ខែក កៃមាលី ស៊ីសូដា។
ជាង១៧ឆ្នាំហើយ ដែលលោកស្រី ខែក កៃមាលី ស៊ីសូដា (លោកជំទាវ ណានូ) បានកាន់តួនាទីជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំប្រទេសចិន។ តួនាទីនេះ ត្រូវបានជំនួសវិញ ដោយលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តជាតិ។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី២៩ ធ្នូ ២០២៣។



មុននឹងទទួលបានតំណែងនេះ លោកស្រី រដ្ឋចាវី គឺជារដ្ឋលេខាធិក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីឆ្នាំ២០២០។ ទាក់ទងនឹងប្រវត្តិការងារវិញ លោកស្រី រដ្ឋចាវី បានបម្រើការងារជាអនុប្រធានការិយាល័យច្បាប់នៃក្រសួងយុត្តិធម៌ ចន្លោះឆ្នាំ១៩៨០ ដល់១៩៩៨ មុននឹងមកទទួលភារកិច្ចជាប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ពីឆ្នាំ១៩៩៩ដល់២០០០។
 
បំពេញការងារបានរយៈពេល៣ឆ្នាំ លោកស្រី រដ្ឋចាវី ត្រូវបានថ្នាក់ដឹកនាំដំឡើងតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេសកម្ពុជា នៅឆ្នាំ២០០៣ ដល់២០០៤។ ការងារកាន់តែគាប់ប្រសើរទៀតនោះ ស្រ្តីបញ្ចប់ថ្នាក់បណ្ឌិតពីប្រទេសរុស្ស៊ីរូបនេះ ក៏ត្រូវបានផ្ដល់ឱកាសទៅជាអគ្គនាយកនៃ អគ្គនាយកដ្ឋានអាស៊ាន ពីឆ្នាំ២០០៤ដល់២០០៦។
 
មិនតែប៉ុណ្ណោះ លោកស្រី រដ្ឋចាវី ដែលមានជំនាញផ្នែកភូមិសាស្រ្តនយោបាយ និងមានបទពិសោធន៍លើកិច្ចការអាស៊ាននេះ ត្រូវបានតែងតាំងជាអគ្គលេខាធិការរង នៃលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ៣ឆ្នាំ ពី២០០៦ ដល់២០០៩ មុននឹងត្រឡប់មកកាន់តួនាទីជាអនុរដ្ឋលេខាធិការ និងជាទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេស (លោក ហោ ណាំហុង អតីតរដ្ឋមន្រ្តី) និងទទួលបន្ទុកលើកិច្ចការប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាន ពីឆ្នាំ២០០៩ ដល់២០១០។
 
បទពិសោធន៍ការងារ និងសមត្ថភាព បានរុញច្រានលោកស្រី រដ្ឋចាវី ឱ្យទទួលតំណែងជារដ្ឋលេខាធិការ និងទទួលនិងទទួលបន្ទុកលើកិច្ចការប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាន នៅកម្ពុជា ពីឆ្នាំ២០១០ ដល់២០១៧ ។
 
កើតនៅឆ្នាំ​១៩៥៨ ស្ត្រីដែលបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនយោបាយ ពីទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីរូបនេះ ត្រូវត្រឡប់ទៅបំពេញការងារឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស និងអៀឡង់ខាងជើង, ដាណាម៉ាក, ហ្វាំងឡង់, សាធារណរដ្ឋអៀឡង់, ន័រវេស និងស៊ុយអែត រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់២០២០។
 
ស្ត្រីមានជំនាញលើកិច្ចការងារអាស៊ាន ដែលអាចប្រើប្រាស់ភាសាអង់គ្លេស បារាំង អេស្ប៉ាញ និងរុស្ស៊ី រូបនេះ ក៏ធ្លាប់ជាសាស្រ្តាចារ្យបង្រៀន នៅសកលវិទ្យាល័យភូមិន្ទរដ្ឋបាល ពីឆ្នាំ១៩៩៩ ដល់២០០១ និងបង្រៀននៅរាជបណ្ឌិត្យសភាកម្ពុជា ចំណុះទីស្តីការគណៈរដ្ឋមន្រ្តី ពីឆ្នាំ២០០២ ដល់២០០៦ ទៀតផង។
 
លោកស្រី សឿង រដ្ឋចាវី ត្រូវទទួលបានមុខតំណែងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសម៉ុងហ្គោលី ដែលមាននិវេសដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន សម្រាប់អណត្តិថ្មីនេះ ជំនួសលោកស្រី ខែក កៃមាលី ស៊ីសូដា។  លោកស្រី ខែក កៃមាលី ស៊ីសូដា បានកាន់តួនាទីជាឯកអគ្គរាជទូតប្រចាំប្រទេសចិន ចាប់តាំងពីឆ្នាំ២០០៧មក ។ លោកស្រី ខែក កៃមាលី ស៊ីសូដា បានកាន់តួនាទីនេះ យូរជាងគេ ក្នុងចំណោមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ១០រូបផ្សេងទៀត។

Tag:
 នយោបាយ
  ការទូត
  សឿង រដ្ឋចាវី
  ខែក កៃមាលី ស៊ីសូដា
© រក្សាសិទ្ធិដោយ thmeythmey.com