កីឡាជាតិ
ជាតិ
កីឡាករ-ការិនីទូកកម្ពុជា ​កើនបច្ចេកទេស តែនៅស្ទើរកម្លាំងនៅឡើយ
02, Jan 2024 , 6:59 pm        
រូបភាព
កីឡាករទូកសមាគមកងទ័ពជើងទឹក
កីឡាករទូកសមាគមកងទ័ពជើងទឹក
លោក គង់ សុភាព មន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មើលឃើញថា បច្ចេកទេសរបស់កីឡាករ-កីឡាការិនី មានការរីកចម្រើន និងអវិវឌ្ឍខ្លាំង ប៉ុន្ដែនៅស្ទើរកម្លាំងនៅឡើង។



សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានសម្ដេច ស ខេង លើកទី១០ ដោយជោគជ័យ ក្រោយពីបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ។

លោក គង សុភាព បានប្រាប់សារព័ត៌មានថ្មីៗថា សមត្ថភាពអត្ដពលិកកចូលរួម មានការរីកចម្រើនជាខ្លាំង ទាំងបច្ចេកទេសនៃការអុំ លើប្រពៃណីអន្ដរជាតិ (ទូកនាគ) និងទូកផ្កាចា។ 
 

លោក គង សុភាព មន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា

ក្រោយឆ្លងកាត់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្ដេច ស ខេង លើកទី១០ នៅដងស្ទឹងសង្កែរ ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ មន្ដ្រីសហព័ន្ធកីឡាទូក លោក គង់ សុភាព បានសង្កេតឃើញការរីកចម្រើន និងភាពខ្វះខាតរបស់អត្តពលិក។ 
 
«បច្ចេកទេសរបស់ពួកគាត់រីកចម្រើនជាងឆ្នាំមុន ប៉ុន្ដែកម្លាំងរបស់ពួកគាត់មិនទាន់បានល្អនៅឡើយទេ។ បច្ចេកទេសល្អទូកផ្កាចា ពួកគាត់ មិនសូវបានហាត់ជាទៀងទាត់ទេ ប៉ុន្ដែពួកគាត់ធ្វើបានល្អ ពួកគាត់ចាប់បាន ហើយអុំបាន។ ចំណែកទូប្រពៃណី (ទូកនាគ) ពីមុនពួកគាត់ធ្វើមិនសូវល្អ ប៉ុន្ដែពួកគាត់ធ្វើបានល្អណាស់សម្រាប់ឆ្នាំនេះ។ កម្លាំងនៅស្ទើរ គាត់អុំ ដល់ទីទាំងប្រភិតប្រផើយ និងអស់កម្លាំងពីខ្លួន។»។ លោកគង់ សុភាព បាននិយាយប្រាប់ដូច្នេះ។
 

ក្រុមកីឡាករទូក សមាគមកងទ័ពជើងទឹក

មន្ដ្រីបច្ចេកទេសរូបនេះ បន្ថែមទៀតថា ចំពោះការរៀបចំការប្រកួតនេះ គណៈកម្មាធិការរៀបចំ និងសហព័ន្ធ យកចិត្តទុកដាក់ជាខ្លាំងលើសុវត្ថិភាព និងការបញ្ជៀសហានីភ័យ ដែលអាចកើតមានអំឡុងការប្រកួត ជាពិសេសសុវត្ថិភាពរបស់កីឡាករ-កីឡាការិនី។ ជាជាក់ស្ដែង ករណីលិចទូក ត្រូវបានក្រុមការងារសង្គ្រោះបន្ទាន់ បានជួយទាន់ពេល និងករណីខ្យល់គអំឡុងពេលប្រកួត ត្រូវបានពេទ្យសង្គ្រោះទាន់ពេល។ លោក គង់ សុភាព បញ្ជាក់ថា សុវត្ថិភាព របស់អត្ដពលិក ត្រូវបានយកមកជាអាទិភាពទី១។
 
ចំពោះការប្រកួតនាឆ្នាំ២០២៣នេះ មានអ្នកកីឡាករ-កីឡាការិនីចូលរួមច្រើនជាងមុន ព្រោះមាន ១៨ខេត្ត-ក្រុង ដែលជាសមាគមកីឡាទូកកានូ និងរ៉ូអ៊ីង។ ការប្រកួតនេះ មានការចូលរួម ៣៦០នាក់ ក្នុងនោះកីឡាករ ២២៨នាក់, កីឡាការិនី ៦៩នាក់, គ្រូបង្វឹក ៣៥នាក់ និងប្រតិភូដឹកនាំ ២៩នាក់។
 
វិញ្ញាសាប្រកួតទូកខ្នាតអន្ដរជាតិ៖
 
១-វិញ្ញាសា ៨០០ម៉ែត្រ ចំណុះ ១២នាក់ (បុរស)
២-វិញ្ញាសា ៥០០ម៉ែត្រ ចំណុះ ១២នាក់ (បុរស)
៣-វិញ្ញាសា ២៥០ ម៉ែត្រចំណុះ ១២នាក់ (បុរស, នារី និងចម្រុះ)
វិញ្ញាសាទូកផ្កាចារខ្នាតអន្ដរជាតិ៖
១-វិញ្ញាសា ៥០០ម៉ែត្រ ចំណុះ ៥នាក់ (បុរស, នារី)
២-វិញ្ញាសា ២៥០ម៉ែត្រ ចំណុះ ៥នាក់ (បុរស, នារី)
វិញ្ញាសាទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង៖
១-វិញ្ញាសាទូកកានូ ៥០០ម៉ែត្រ C1 (បុរស, នារី)
២-វិញ្ញាសាទូកកាយ៉ាក់ ៥០០ម៉ែត្រ K1 (បុរស, នារី)
៣-វិញ្ញាសាទូករ៉ូអ៊ី ១០០០ម៉ែត្រ 1X (បុរស, នារី)។
 

ក្រុមកីឡាការិនីកងទ័ពជើងទឹក

គួរបញ្ជាក់ថា ប្រកួតនេះ មានការចូលរួមពី ១៨សមាគមកីឡាទូក។ ១៨សមាគមនោះ មានដូចជា៖ កងទ័ពជើងទឹក, ក្រសួងមហាផ្ទៃ, កណ្ដាល, ឧត្តរមានជ័យ, ស្វាយរៀង, រតនគិរី, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ចាម, កំពង់ឆ្នាំ, ភ្នំពេញ, កោះកុង, កំពង់ស្ពឺ, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ធំ, ព្រះសីហនុ, សៀមរាប។ សមាគមកីឡាទូកកងទ័ពជើងទឹក ឈរនៅចំណាត់ថ្នាក់ទី១ ដោយដណ្ដើមបានមេដាយមាស៣ ប្រាក់២ និងសំរិទ្ធ១ តាមពីក្រោយដោយក្រសួងមហាផ្ទៃ មេដាយមាស៣។ ចំណាត់ថ្នាក់លេង៣ បានទៅលើខេត្តកណ្ដាល មេដាយមាស២ ប្រាក់១ និងសំរិទ្ធ៣ និងលេខ៤ បានទៅលើខេត្តឧត្តមានជ័យ មេដាយប្រាក់២ ស្មើគ្នាជាមួយស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ៥។ ចំណែក រតនគិរី ដណ្ដើមបានមេដាយប្រាក់១ ឈរចំណាត់ថ្នាក់លេខ៦ និងលេខ៧ បានទៅលើខេត្តបាត់ដំបង មេដាយសំរិទ្ធ២។ ដោយឡែក បន្ទាយមានជ័យ លេខ៨ និងកំពង់ចា លេខ៩ ដណ្ដើមបានមេដាយសំរិទ្ធ១ ដូចគ្នា។ សមាគមកីឡាទូកផ្សេងទៀត មិនដណ្ដើមបានមេដាយណាមួយឡើយ៕

Tag:
 កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com