កីឡាជាតិ
ជាតិ
ការប្រកួតប្រណាំងកង់ នៅខេត្តកំពង់ឆ្នាំង ដើម្បីឱ្យអត្តពលិកទទួលបានបទពិសោធន៍ប្លែក
02, Jan 2024 , 9:29 pm        
រូបភាព
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសខេត្តកំពង់ឆ្នាំង ជាទីតាំងប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ព្រោះមានផ្លូវស្អាតសម្រាប់វិញ្ញាសាកង់គួក និងវិញ្ញាសាកង់ភ្នំ ។ ម្យ៉ាងវិញទៀត សហព័ន្ធ ចង់ឲ្យកីឡាករ-កីឡាការិនី មានបទពិសោធន៍ប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍នានា ជាពិសេសស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥។



សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី៦-៨ ខែមករា ឆ្នាំ២០២៤។ លោក នូ ចំរើន បានបញ្ជាក់ប្រាប់ថា ខេត្តកំពង់ឆ្នាំង មានសក្ដានុពល សម្រាប់រៀបចំការប្រកួតនេះ។ 
 
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ ៖ «ចំណុចវិជ្ជមានខេត្ត គឺផ្លូវស្រស់ស្អាត ហើយជាផ្លូវទើបសាងសង។ នេះ គឺសម្រាប់កង់គួក។ សម្រាប់កង់ភ្នំ ស្ថានភាពផ្លូវ មានភាពបទបែនច្រើន និងផ្លូវចុះភ្នំ ដែលមានស្ថានភាពខុសពីភ្នំគូលែន ដែលសុទ្ធតែថ្ម។ យើង ចង់នាំកីឡាករឲ្យទៅតំបន់មានភាពខុសៗប្លែកពីគ្នា។ យើង ចង់បណ្ដុះអ្វី ដែលថ្មីសម្រាប់កីឡាករ ឲ្យប្រកួតប្រជែងគ្នា។»។
 
ក្រៅអំពីការសម្លឹងឃើញសក្ដានុពល និងអំណោយផលដល់ការរៀបចំការប្រកួតហើយ លោក នូ ចំរើន បានក៏បន្ថែមថា ការផ្លាស់ប្ដូទីតាំងប្រកួត គឺចង់ឲ្យកីឡាករ-កីឡាការិនី មានការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់ប្រកួតប្រជែងជាមួយអន្ដរជាតិ ក្នុងព្រឹត្តិការណ៍នានា ។ សម្រាប់ការប្រកួតលើកនេះ មាន ២វិញ្ញាសា ខុសពីឆ្នាំមុន តែកីឡាករ-កីឡាការិនីម្នាក់ៗ អាចប្រកួតបានតែ១វិញ្ញាសាប៉ុណ្ណោះ។
 
«ដូច្នេះ យើង មិនប្រកួតនៅទីតាំងដដែរទេ។ យើង ព្យាយាមឲ្យកីឡាករ-កីឡាការិនី មានការប្រកួតច្រើនដើម្បី ឲ្យបានត្រៀមសម្រាប់ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។»។ លោក ចំ រើន បានបន្ថែមបែបនេះ។
 
ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ មានអ្នកចូលរួមកើនឡើង ៥ភាគរយ បើធៀបឆ្នាំមុន ដោយក្នុងឆ្នាំនេះ មានប្រតិភូជាគ្រូបង្វឹក កីឡាករ-កីឡាការិនី មកពីបណ្ដាខេត្ត-ក្រុង សរុប ២៩៨នាក់៕

Tag:
 កីឡាទោចក្រយាន
  នូ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com