កីឡាជាតិ
ជាតិ
AFC Cup វគ្គ១/២ផ្តាច់ព្រ័ត្រ៖ ភ្នំពេញក្រោន និង Central Coast Mariners បាន៤ម៉ឺនដុល្លារដូចគ្នា
03, Jan 2024 , 2:39 pm        
រូបភាព
ភ្នំពេញក្រោន ត្រូវជួបក្រុមអូស្ត្រាលី Central Coast Mariners FC វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup វគ្គជម្រុះតំបន់អាស៊ាន (Zonal semi-finals) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលម៉ោង ៤ រសៀល [ម៉ោងនៅកម្ពុជា]។ សម្រាប់ជំនួបដែលធ្វើតែមួយជើងនៅកីឡដ្ឋាន Industree Group ប្រទេសអូស្ត្រាលី ដើម្បីកាត់សេចក្តីទៅវគ្គផ្តាច់ព្រ័ត្រ (Zonal finals) ក្រុមទាំងពីរ ទទួលបាន៤ម៉ឺនដុល្លាររៀងខ្លួន។



ភ្នំពេញក្រោនក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានឆ្លងផុតវគ្គចែកពូល ចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup តំបន់អាស៊ាន លើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយទទួលបានចំណាត់ថ្នាក់លេខពីរល្អបំផុតនៅវគ្គសន្សំពិន្ទុតាមពូល។
 
ដំបូងឡើយ ជំនួបវគ្គពាក់កណ្តាលផ្តាច់រវាងភ្នំពេញក្រោន និង Central Coast Mariners ត្រូវធ្វើប្រកួតប្តូរទឹកដីគ្នាម្នាក់មួយប្រកួត​ ប៉ុន្តែត្រូវប្តូរកម្មវិធីប្រកួតតែមួយជើងវិញ ហើយត្រូវចាប់ឆ្នោតរើសទីតាំង។ កីឡដ្ឋាន Industree Group របស់ក្រុម Central Coast Mariners ត្រូវបានចាប់ឆ្នោតជ្រើសរើសសម្រាប់ប្រកួតទល់នឹងក្រុមជើងឯកលីគកំពូលកម្ពុជា ដែលនឹងធ្វើឡើង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
 
នៅវគ្គនេះ ទាំងក្លិបភ្នំពេញក្រោន និងក្រុមពីលីគកំពូលអូស្ត្រាលី Central Coast Mariners នឹងទទួលបានថ្លៃនឿយហត់៤ម៉ឺនដុល្លារពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)។ ប្រសិនបើ ភ្នំពេញក្រោន អាចឆ្លងផុតវគ្គនេះ ដើម្បីទៅកាន់វគ្គផ្តាច់ព្រ័ត្រ នឹងទទូលបាន៤ម៉ឺនដុល្លារថែមទៀត ហើយបើឈ្នះវគ្គវគ្គផ្តាច់ព្រ័ត្រតំបន់អាស៊ាននេះ នឹងទទួលបានប្រាក់រង្វាន់ចំនួន១០ម៉ឺនដុល្លារបន្ថែមទៀត។
 
ដោយឡែក ជំនួបមួយគូទៀតនៅវគ្គនេះ ក្រុមអូស្ត្រាលី Macarthur FC ត្រូវទទួក Sabah របស់ម៉ាឡេស៊ី នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
 
សម្រាប់ការប្រជែងតំណែងស្បែកជើងមាស កីឡាករ Marco Túlio ខ្សែប្រយុទ្ធប្រេស៊ីលរបស់ក្រុម Central Coast Mariners FC កំពុងនាំមុខគេចំនួន៨គ្រាប់ តាមពីក្រោយដោយ ខ្សែប្រយុទ្ធជប៉ុន Shintaro Shimizu របស់ភ្នំពេញក្រោន ដែលរកបាន៧គ្រាប់។ Darren Lok ខ្សែប្រយុទ្ធម៉ាឡេស៊ីរបស់ក្រុម Sabah រកបាន៦គ្រាប់៕
 

Tag:
 AFC Cup
  ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com