កីឡាជាតិ
ជាតិ
តែងតាំងអ្នកបច្ចេកទេសថ្មី ណាហ្គាវើលដ៍ មិនបញ្ឈប់ការអភិវឌ្ឍខ្លួន ត្រឹមនេះទេ
04, Jan 2024 , 11:19 am        
រូបភាព
លោក Therdsak Chaiman ពាក់អាវខ្មៅ ឈរមើលការហ្វឹកហាត់របស់កីឡាករ រូបពីក្លិបណាហ្គាវើលដ៍
លោក Therdsak Chaiman ពាក់អាវខ្មៅ ឈរមើលការហ្វឹកហាត់របស់កីឡាករ រូបពីក្លិបណាហ្គាវើលដ៍
លោក Therdsak Chaiman ត្រូវបានតែងតាំងជានាយកបច្ចេកទេសក្លិបណាហ្គាវើលដជាផ្លូវការ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ហើយនេះ ក៏ជាលើកដំបូង ដែលអតីតកីឡាករថៃ បានមកធ្វើការនៅកម្ពុជាផងដែរ។ ទន្ទឹមនិងការបំពេញតួនាទីនេះ លោក Therdsak បាននិយាយថា ក្នុងវិស័យបាល់ទាត់ គឺជាការរៀនសូត្រ ដែលមិនចេះអស់ដូច្នេះ ខ្លួន ក៏ត្រូវរៀនពីកីឡាករ គ្រូបង្វឹក មន្ដ្រីបច្ចេកទេសក្នុងក្លិប ជាពិសេស រៀនពីក្លិបនានានៅកម្ពុជា។ លោក យ៉ា ប៉ោទ្រី អ្នកចាត់ការក្រុមណាហ្គាវើលដ៍ បានបញ្ជាក់ថា ការផ្លាស់ប្ដូរសមាសភាពនាយកបច្ចេកទេសនេះ ព្រោះក្លិប ចង់បានអ្វីដែលថ្មី និងអភិវឌ្ឍខ្លួន បន្ថែមលើសបច្ចុប្បន្ន។



ក្លិបណាហ្គាវើលដ៍ បានប្រកាសសមាសភាពនាយកបច្ចេកទេសថ្មី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមកកាន់មុខងារជំនួស លោក Jose Alves Borges។ យោងទៅលើវីដេអូសម្ភាសក្លិបណាហ្គាវើលដ៍ នាយកប្រតិបត្តិទើបកាន់ដំណែងនេះ បាននិយាយថា នេះ គឺជាលើកដំបូង ដែលបានមកប្រកបការងារ ក្នុងវិស័យបាល់ទាត់នៅកម្ពុជា ហើយនឹងមានការប្រកួតប្រជែងជាច្រើន ដែលត្រូវជួបប្រទះ ផងដែរ។ លោក Therdsak Chaiman បន្ថែមថា ការបំពេញការងារខ្លួន ក៏ជាពេលដែលត្រូវរៀនបន្ថែមពីបាល់ទាត់នៅកម្ពុជា ផងដែរ។
 
«នេះ គឺជាលើកដំបូង ដែលខ្ញុំមកប្រកបការងារនៅកម្ពុជា។ ខ្ញុំពិតជាសប្បាយចិត្ត ហើយខ្ញុំ នឹងធ្វើឲ្យអ្វីៗ ដែលថ្មីសម្រាប់ណាហ្គាវើលដ៍។ ខ្ញុំ គិតថានេះ គឺជាការប្រកួតប្រជែងថ្មីមួយសម្រាប់ខ្ញុំ។ ខ្ញុំ បានគិតជាច្រើនដង មុននឹងមកទីនេះ ព្រោះតែខ្ញុំ មិនធ្លាប់មកកម្ពុជាពីមុន។ ខ្ញុំ ចង់ទទួលបានអ្វី ដែលថ្មី។ ក្នុងវិស័យបាល់ទាត់ អ្នកត្រូវតែរៀនឲ្យបានច្រើនពីវា។ ខ្ញុំ នឹងរៀនពីកីឡាករកម្ពុជា គ្រូបង្វឹក បុគ្គលិក ហើយនិងក្រុមទាំងអស់។»។ លោក Therdsak Chaiman បាននិយាយដូច្នេះ។

លោក យ៉ា ប៉ោទ្រី ពាក់អាវខ្មៅ និងពាក់វែនតា ឈរនៅកណ្ដាលជួរទី១ រូបពីណាហ្គាវើលដ៍
 
លោក យ៉ា ប៉ោទ្រី អ្នកចាត់ការក្រុមណាហ្គាវើលដ៍ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា ក្លិប និងលោក Jose Elves Borges បានចប់កិច្ចសន្យាជាមួយគ្នា ហើយក៏មិនបន្ដថ្មីដែរ ហើយការនាំយកលោក Therdsak Chaiman មកជំនួស ព្រោះដើម្បីជួយ និងចែករំលែងអ្វីថ្មីក្នុងវិស័យបាល់ទាត់ ព្រោះលោក អតីតកីឡាករជម្រើសជាតិថៃដ៏ល្អមួយរូប ធ្លាប់ប្រកបអាជីពលើវាលស្មៅ ក្នុងអំឡុងឆ្នាំ២០០០-២០១០ និងជាគ្រូបង្វឹកក្លិបធំៗនៅលីគថៃផង។
 
«ក្នុងវិស័យបាល់ទាត់ អ្វី ត្រូវតែអភិវឌ្ឍ មិនអាចនៅមួយកន្លែងបានទេ។ យើង ត្រូវទៅមុខ និងរកអ្វី ដែលថ្មីៗ ទាំងការអភិវឌ្ឍយុវជន និងដើរតាមទស្សនៈវិស័យរបស់ក្លិប។ អ៊ីចឹង យើង បានយក Therdsak Chaiman ដែលជាអ្នកមានបទពិសោទច្រើន និងជាអតីតកីឡាករ ដែលជោគជ័យ ជាពិសេស ក៏ធ្លាប់ដឹកនាំក្រុមធំៗ នៅប្រទេសថៃ ដូចជានៅ Chonburi និង Rayong ជាដើម។»។ លោក យ៉ា ប៉ោទ្រី បាននិយាយដូច្នេះ៕

Tag:
 យ៉ា ប៉ោទ្រី
  ណាហ្គាវើលដ៍
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com