RFI
អន្តរជាតិ
វៀតណាម​កាត់​​ទោស​អតីត​រដ្ឋមន្ត្រី​សុខាភិបាល​ពីបទ​ពុក​រលួយក្នុង​រឿង​អាស្រូវ​តេស្ត​​កូវីដ
04, Jan 2024 , 6:59 pm        
រូបភាព
ដោយ៖អៀង សុខម៉ិញ /RFI
 
វៀតណាម​កាត់​​ទោស​អតីត​រដ្ឋមន្ត្រី​សុខាភិបាល​ និង​មនុស្ស​៣៧​នាក់ផ្សេង​ទៀត ពីបទ​ពុក​រលួយក្នុង​រឿង​អាស្រូវ​តេស្ត​​កូវីដ AFP - VIETNAM NEWS AGENCY

 
តុលាការ​ក្រុង​ហាណូយ បាន​បើក​សវនការនៅថ្ងៃពុធ​ទី​៣មករា ជំនុំ​ជម្រះ​ក្តី​អតីត​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​មន្ត្រី​៣៧​នាក់ ពី​បទ​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​សំណុំ​រឿងអាស្រូវ​ដ៏​ធំ​មួយ​ ទាក់​ទង​នឹង​​ប្រដាប់​ធ្វើ​តេស្ត​មើល​កូវីដ១៩។
 
បើ​តាម​រូបភាព​ដែល​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​សារព័ត៌មាន​ផ្លូវការ​ នា​ព្រឹក​ថ្ងៃពុធ​ទី ៣​មករា​នេះ​ ប៉ូលិស​ក្នុង​ឯកសណ្ឋាន​បានក្រៀកជន​ជាប់​ចោទ​ទាំង៣៨​នាក់ រហូត​ចូល​ដល់​ក្នុង​សាលសវនការតុលាការ​ ក្នុង​នោះ​មាន​ម្នាក់​ជា​​អតីត​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក ង្វៀនថាញ់​ឡុង និង​ម្នាក់​ទៀត​ជា​អតីត​ចៅហ្វាយក្រុង​ហាណូយ​ផង។
 
តុលាការ​សង្ស័យ​ថា​លោក​ ង្វៀន ថាញ់ឡុង អតីត​រដ្ឋមន្ត្រី​ក្រសួង​សុខភិបាល បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោយ​​ព្រមទទួល​យក​សំណូកចំនួន​២,២៥​លាន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការ​ព្រម​ព្រៀង​​​ឱ្យ​មាន​កិច្ច​សន្យាក្នុង​​តម្លៃ​រាប់​លាន​ដុល្លារ​ជា​មួយ​ក្រុមហ៊ុន​Viet A។ ​Viet A​ ក្រុមហ៊ុន​រដ្ឋ​ពាក់​កណ្តាល​ឯកជន​ផលិត​ប្រដាប់​ធ្វើ​តេស្ត​កូវីដ១៩ បាន​សិទ្ធិ​​ផ្គត់​ផ្គង់សម្ភារៈ​តេស្ត​ដល់​​មន្ទីរ​ពេទ្យ​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ដោយ​បំប៉ោង​តម្លៃ​​យ៉ាង​ខ្លាំង។ ​​តុលាការ​ដដែល​បាន​អះអាង​ទៀត​ថា​ ​ក្រុមហ៊ុន​Viet A ប្រមូល​ផល​បាន​ដល់​ទៅ​១៧២​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​៣៤​លាន​ដុល្លារ​ បាន​ទៅ​មន្ត្រី​រដ្ឋការផ្ទាល់។
 
ចំណែក​លោក​អតីត​ចៅហ្វាយក្រុង​ហាណូយ លោក ជូ ង៉ុកអាញ់ វិញ​ជាប់​ចោទ​រំលោភ​វិន័យ​ស្តីពី​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ។ ជា​សរុប​ មាន​យ៉ាងហោច​មន្ត្រី​រដ្ឋការ​និង​អ្នក​ជំនួញ​ប្រមាណ​ជាង​១០០នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​សំណុំ​រឿង​អាស្រូវ​ពុក​រលួយ​តេស្ត​កូវីដ​១៩​នេះ។ កាលពី​សប្តាហ៍​មុន តុលាការ​យោធា​​ក្រុង​ហាណូយ​ បាន​កាត់​ទោស​អគ្គ​នាយក​ក្រុមហ៊ុន​VietA លោក ផាន់ កុកវៀត ឱ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ​ពី​បទ​រំលោភ​អំណាច​និង​ច្បាប់​រកស៊ី។
 
សូម​រំលឹក​ថា​ ពេល​ផ្ទុះវិបត្តិ​កូវីដ​ភ្លាម វៀតណាម​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​ចំណាត់ការ​ល្អ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​សកល ប៉ុន្តែ​រឿង​អាស្រូវ​ពុក​រលួយ​ជា​ច្រើន​ពាក់​ព័ន្ធនឹង​វិធានការកូវីដ​​បាន​លេច​ឡើង​​​បន្តិច​ម្តងៗតាម​ក្រោយ។
 
នៅ​ឆ្នាំ​មុន ​អ្នក​ទទួល​ខុស​ត្រូវ​បី​នាក់​ បាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ឃុំឃាំង​ជា​ច្រើន​ឆ្នាំ​ពី​បទ​បាន​ទទួល​សំណូក​និង​ប្រព្រឹត្ត​អំពើ​ពុករលួយក្នុងបេសកកម្ម​ជញ្ជូន​ពលរដ្ឋ​វៀតណាមតាម​យន្តហោះ​​ឱ្យ​ត្រលប់​ចូល​ស្រុក​វិញ​ក្នុង​អំឡុង​ពេល​កូវីដ​រាតត្បាត​ខ្លាំង។​ កាលពី​ឆ្នាំ ២០២២ សភា​បាន​ទម្លាក់​អតីត​ឧបនាយករដ្ឋមន្ត្រី ទទួល​បន្ទុក​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ និង​ចាត់​ចែង​​វិបត្តិ​កូវីដ​ ចំនួន​ពីរ​​រូប ​ពី​តំណែង​។ សូម្បី​តែ​ប្រធានាធិបតី​ ង្វៀន​ស៊ុនហ្វុក ដែលមាន​ទំនួល​ខុស​ត្រូវ​នយោបាយ​នៅ​ចំពោះ​វិបត្តិកូវីដ​ ក៏​ត្រូវ​បានដក​ចេញ​​តួនាទី​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​គណៈកម្មការ​មជ្ឈិម​បក្ស​សម័យ​នោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com