កីឡាជាតិ
ជាតិ
ជួន ចាន់ចាវ មិនអាចជួយភ្នំពេញក្រោននៅ AFC Cup ដ្បិតត្រូវសម្រាកពីរបួសជើង ៧ ទៅ៨ខែ
04, Jan 2024 , 7:39 pm        
រូបភាព
កីឡាករ ជួន ចាន់ចាវ ខ្សែការពារភ្នំពេញក្រោន រូបពីក្លិបភ្នំពេញក្រោន
កីឡាករ ជួន ចាន់ចាវ ខ្សែការពារភ្នំពេញក្រោន រូបពីក្លិបភ្នំពេញក្រោន
ជួន ចាន់ចាវ មិនអាចជួយភ្នំពេញក្រោន ប្រកួតទល់នឹង Central Coast Mariners វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Cup នៃវគ្គជម្រុះក្នុងតំបន់អាស៊ាន (Asian Zone Semi Final) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ទេ ដោយសារបញ្ហារបួសជើង។ ខ្សែការពារឆ្នើមរូបនេះ ត្រូវការពេលសម្រាក ចន្លោះពី ៧-៨ខែ បន្ទាប់ពីវះកាត់របួសកជើងយ៉ាងធ្ងន់ធ្ងរ។



៨ប្រកួតក្នុងពានរង្វាន់ AFC Cup រដូវកាល ២០២៣-២៤ ចាប់តាំងពីវគ្គជម្រុះបឋមរហូតដល់វគ្គចែកពូល កីឡាករ ជួន ចាន់ចាវ តែងតែបង្ហាញខ្លួនជាជម្រើស ១១នាក់ដំបូង ដែលនេះ បញ្ជាក់ថារូបគេ ជាសមាជិកមួយ មានតួនាទីសំខាន់ណាស់ក្នុងក្រុម។ ដោយឡែក ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជម្រុះក្នុងតំបន់អាស៊ាន ខ្សែការពាររូបនេះ នឹងមិនអាចលេងបាននោះទេ ព្រោះតែត្រូវការសម្រាក់ព្យាបាលរបួសក៏ជើងយ៉ាងធ្ងន់ធ្ងរ។ តាមការបញ្ជាក់របស់ក្លិប មកកាន់សារព័ត៌មានថ្មីៗ តាមតេលេក្រាម កីឡាកររូបនេះ ត្រូវការពេលយ៉ាងហោចណាស់ចន្លោះពី ៧-៨ខែ ដើម្បីឲ្យបានជា និងអាចវិលមកទីលានប្រកួតបាន។
 
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា រដូវកាលនេះ ចាន់ចាវ ប្រហែលជាមិនអាចចូលប្រកួតបានទេ ប៉ុន្ដែសង្ឃឹមថា រូបគេ អាចលេងវិញបាន ចាប់ពីការប្រកួតមុនបើករដូវកាលក្រោយនេះ ប៉ុន្ដែអាស្រ័យលើការជាសះស្បើយរបស់កីឡាករផងដែរ។
 
«វា អាស្រ័យលើការជាសះស្បោយរបស់គេ។ រដូវកាលនេះ គាត់ប្រហែលជាមិនអាចលេងបានទេ ហើយសង្ឃឹមថាគាត់អាចលេងបាន ចាប់ពីការប្រកួតមុនបើករដូវកាល។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា កីឡាករ ជួន ចាន់ចាវ បានរបួសកជើងយ៉ាងធ្ងន់ធ្ងរ ក្នុងការប្រកួតជាមួយ អាយ អេស អាយ ដង្កោសែនជ័យ នៅដើមតង់ទី២ នាទី៤៧ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅកីឡដ្ឋាន AIA KHM Park នៃពានរង្វាន់ Cambodian Premier League។ បញ្ហារបួសនេះ​កើតឡើង នៅពេលដែល ខ្សែការពាររូបនេះ រត់ទៅទាត់បាល់ផ្ដាច់ចេញទៅក្រៅពីជើង ខ្សែប្រយុទ្ធរបស់ អាយ អេស អាយ ដង្កោសែនជ័យ ហើយភ្លាត់«កជើង»យ៉ាងធ្ងន់ធ្ងរ៕

Tag:
 ជួន ចាន់ចាវ
  ភ្នំពេញក្រោន
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com