អន្តរជាតិ
ឥណ្ឌូណេស៊ីពន្យារពេលទិញយន្តហោះចម្បាំងមួយទឹកពីកាតា ដោយសារខ្វះខាតថវិកា
04, Jan 2024 , 8:19 pm        
រូបភាព
យន្តហោះចម្បាំង Mirage 2000-5។ រូបភាព AFP
យន្តហោះចម្បាំង Mirage 2000-5។ រូបភាព AFP
អ្នកនាំពាក្យរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី៣ ខែមករា បានលើកឡើងថា រដ្ឋាភិបាល បានពន្យារពេលលើផែនការទិញយន្តហោះចម្បាំង Mirage 2000-5 ចំនួន ១២ គ្រឿង ដែលធ្លាប់ ប្រើពីមុនដោយកាតា ដោយលើកឡើងពីហេតុផលនៃដែនកំណត់ថវិកាជាតិ។

 
«រដ្ឋាភិបាល...បានពន្យារពេលការទិញយន្តហោះ Mirage ដោយសារតែសមត្ថភាពសារពើពន្ធ របស់យើងសម្រាប់ពេលនេះមិនអាចគាំទ្រការទិញបែបនេះបានទេ»។ អ្នកនាំពាក្យនៃរដ្ឋមន្ត្រី ការពារជាតិឥណ្ឌូណេស៊ីលោក Dahnil Anzar Simanjuntak បានបញ្ជាក់បែបនេះនៅ ក្នុងបទសម្ភាសជាមួយទូរទស្សន៍ TV One រួចបន្តថា ការពន្យារពេលនេះត្រូវបានសម្រេច ដោយក្រសួងការពារជាតិ និងហិរញ្ញវត្ថុ។
 
លោក Dahnil បន្ថែមថា ជំនួសទៅវិញ យោធានឹងបញ្ជាឱ្យជួសជុលយន្តហោះ Sukhoi និង F16 ឡើងវិញដែលមានស្រាប់។ 
 
ការសម្រេចចិត្តពន្យារពេលការទិញយន្តហោះ Mirage នៅតែធ្វើឡើង ទោះបីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានឯកភាពបង្កើនការចំណាយលើវិស័យការពារជាតិប្រមាណ ២០ភាគរយរហូតដល់ដំណាច់ឆ្នាំ២០២៤ ក៏ដោយ ដើម្បីធ្វើទំនើបកម្មយោធា។ 
 
ឥណ្ឌូណេស៊ីបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនការពារជាតិឆែក (CSG) ដើម្បីទិញយន្តហោះចម្បាំង Mirage 2000-5 ចំនួន ១២ គ្រឿង ក្នុងខែមករា ឆ្នាំ ២០២៣ ដែលមានតម្លៃ ៨០១,៦៨ លានដុល្លារ។​ យន្តហោះទាំង ១២ គ្រឿង ​ត្រូវ​បាន​កំណត់​ថា​នឹង​ត្រូវ​ប្រគល់​ឱ្យ​ក្នុង​រយៈពេល​២៤​ខែ​បន្ទាប់​ពី​កិច្ចព្រមព្រៀង​ត្រូវ​បាន​ចុះហត្ថលេខា​។ 
 
យន្តហោះទាំងនោះត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់ ដោយសារឥណ្ឌូណេស៊ីរង់ចាំការមកដល់នៃយន្តហោះចម្បាំងរបស់បារាំង Rafale ចំនួន ៤២ គ្រឿងដែលត្រូវបានទិញ ក្នុងឆ្នាំ ២០២២ ក្នុងទំហំទឹកប្រាក់ ៨,១ ពាន់លានដុល្លារ។
 
គួរបញ្ជាក់ផងដែរថា គម្រោង​ទិញ​យន្តហោះ Mirage ត្រូវ​បាន​សមាជិក​សភា​មួយ​ចំនួន​រិះគន់​ ព្រោះ​យន្តហោះ​ទាំង​នោះ​ត្រូវ​បាន​​ចាត់​ទុក​ថា​ ជាយន្តហោះចាស់ទៅហើយ៕

Tag:
 ឥណ្ឌូណេស៊ី
  យន្តហោះចម្បាំង
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com