RFI
អន្តរជាតិ
អ.ស.ប. អំពាវនាវឲ្យ​​អាជ្ញាធរ​អាមេរិក​​ពិចារណា​ឡើងវិញ មុននឹង​​ប្រហារជីវិត​​អ្នកទោស​​ដោយ​​ប្រើ​ឧស្ម័ន​អាហ្សូត
05, Jan 2024 , 7:59 am        
រូបភាព
សកម្មជនធ្វើបាតុកម្ម​ប្រឆាំងនឹងទោសប្រហារជីវិត នៅខាងមុខ តុលាការកំពូលសហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី​២៩ មិថុនា២០២៣ AFP - OLIVIER DOULIERY
សកម្មជនធ្វើបាតុកម្ម​ប្រឆាំងនឹងទោសប្រហារជីវិត នៅខាងមុខ តុលាការកំពូលសហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី​២៩ មិថុនា២០២៣ AFP - OLIVIER DOULIERY
ដោយ៖ម៉ម ពិសី/RFI
 
នៅថ្ងៃ២៥មករាខាងមុខនេះ តុលាការនៅរដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក មានគម្រោង​ប្រហារជីវិតអ្នកទោសម្នាក់ ដោយ​ប្រើប្រាស់ឧស្ម័នអាហ្សូត ជាលើកដំបូងបង្អស់។ តែយ៉ាងណា ក្រុមអ្នកជំនាញ​នៃអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យអាជ្ញាធរអាមេរិក​ពិចារណាឡើងវិញឲ្យច្បាស់ ចំពោះការ​ប្រើប្រាស់វិធីនេះ ព្រោះវាអាចធ្វើ​ឲ្យ​អ្នកទោស លំបាកក្នុងខ្លួនខ្លាំងមុននឹងដាច់ខ្យល់ស្លាប់។ ពោលគឺវាអាចត្រូវគេចាត់ទុកបានថា ជាការធ្វើទារុណកម្ម យ៉ាងអមនុស្សធម៌។



អ្នករាយការណ៍​ពិសេសនៃអង្គការសហប្រជាជាតិ បានចេញលិខិតប្រកាសមួយ នៅថ្ងៃទី​៣មករា ដោយ​បានបរិហារ វិធីប្រហារជីវិតប្រើប្រាស់ឧស្ម័នអាហ្សូត ដែលអាជ្ញាធររដ្ឋអាឡាបាម៉ាគ្រោងនឹងប្រើប្រាស់ ដើម្បីប្រហារជីវិតអ្នកទោស។ លិខិតនេះអះអាងថា វា​ជាលើកទីមួយហើយ​ ដែលមាន​គម្រោងប្រហារជីវិតមនុស្សដោយ​របៀបនេះ​។ សម្រាប់អង្គការសហប្រជាជាតិ វិធីប្រហារជីវិត​របៀបនេះ គឺវាអាច​ធ្វើ​ឲ្យអ្នកទោស មានការឈឺចាប់ពិបាកក្នុងខ្លួនពន់ពេកណាស់ មុននឹងស្លាប់​។ ពោលគឺវា ជា​ទារុណកម្ម ព្រៃផ្សៃ ​អនុមនុស្ស​ធម៌​ និងធ្វើឲ្យ​បាត់បង់តម្លៃជាមនុស្ស​របស់អ្នកទោស​។
 
សូមបញ្ជាក់​ថា ជន​ឈ្មោះ Kenneth Smith បច្ចុប្បន្ន​មានអាយុ​៤៨ឆ្នាំ ជាប់ពិរុទ្ធពីបទមនុស្សឃាត ក្នុងនាមជាឃាតករស៊ីឈ្នួល ប្រព្រឹត្តិនៅឆ្នាំ​១៩៨៨។ ត្រូវតុលាការ​រដ្ឋអាឡាបាម៉ា កាត់ទោសប្រហារជីវិត ជននេះធ្លាប់ត្រូវបានគេប្រហារជីវិតម្តងរួចហើយ ដោយការចាក់ថ្នាំចូលក្នុងសរសៃឈាមឲ្យស្លាប់ កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២២ ក៏ប៉ុន្តែមិនស្លាប់។ អាជ្ញាធររដ្ឋអាឡាបាម៉ា បានរៀបចំ​ការប្រហារជីវិតជាលើកទី២ ដែលនឹងគ្រោងធ្វើនៅថ្ងៃទី​២៥មករា។ តែលើកនេះ គេនឹងប្រើប្រាស់​វិធីថ្មី ដើម្បី​ប្រហារជីវិត គឺដោយឲ្យ​អ្នកទោស ស្រូបបឺតយក​ឧស្ម័នអាហ្សូតចូលក្នុងខ្លួន។ ធ្វើបែបនេះ អ្នកទោសនឹងលែងមានអុកស៊ីសែនក្នុងខ្លួន ហើយឈានទៅដាច់ដង្ហើមស្លាប់។
 
គួរ​បញ្ជាក់ដែរ​ថា នៅសហរដ្ឋអាមេរិក រដ្ឋខ្លះដែល​នៅមានទោសប្រហារជីវិត គឺជាទូទៅ គេប្រើវិធីចាក់ថ្នាំ​ប្រភេទ Barbiturique ចូល​ក្នុងសរសៃឈាម​អ្នកទោស។ តែពន្ធនាគារ​នៅ​រដ្ឋខ្លះ បាន​លើកឡើងថា​មានការលំបាកក្នុងការទិញសារធាតុ​ថ្នាំប្រភេទនេះ ដែល​ភាគច្រើនផលិតនៅអឺរ៉ុប។ សហភាពអឺរ៉ុបបានចេញច្បាប់ ហាមឃាត់មិន​ឲ្យ​មន្ទីរពិសោធន៍ ​លក់សារធាតុថ្នាំ Barbiturique ទៅឲ្យ​មន្ទីរឃុំឃាំងដែលអាចយកវាទៅប្រើ​ដើម្បី​ប្រហារជីវិតអ្នកទោស។ ហេតុដូច្នេះហើយ ទើបមានការពិចារណា សាកល្បងប្រើវិធីផ្សេងដើម្បី​ប្រហារជីវិតអ្នកទោស។
 
យ៉ាងណាក៏ដោយ មេធាវីកាពារក្តីឲ្យ​អ្នកទោសឈ្មោះ Kenneth Smith បានបរិហារថា ការ​​ប្រហារជីវិតមនុស្ស​ដោយ​ប្រើឧស្ម័ន​អាហ្សូតទៅលើកូនក្តីខ្លួន ​វាគឺជាការសាកល្បងលើកទី១​សុទ្ធសាធ ដោយ​អាជ្ញាធរពុំធ្លាប់​បាន​សាកល្បងវាពីមុនមកទេ។ ទង្វើ​បែបនេះ គឺវាជាការបំពាននឹង​រដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិក ដែល​បានចែង​ហាមឃាត់ រាល់ការដាក់ទោសណា ដែលមានលក្ខណៈឃោរឃៅ អមនុស្សធម៌​។ ជាងនេះទៀត មេធាវីការពារក្តីរបស់អ្នកទោស បាន​លើកឡើងថា ការប៉ុនប៉ង​ប្រហារ​​ជីវិតជាលើកទី​២​ ទៅលើកូនក្តីខ្លួន គឺវាជារឿងមួយ អាចត្រូវបានទុកថា វាផ្ទុយទៅនឹង​​រដ្ឋធម្មនុញ្ញរួចទៅហើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com