អន្តរជាតិ
តើការខូចខាតដោយសារគ្រោះរញ្ជួយដីនៅជប៉ុនមានទំហំប៉ុនណា?
05, Jan 2024 , 8:39 am        
រូបភាព
ក្រុងជាច្រើន នៅក្នុងខេត្ត Ishikawa ដែលរងគ្រោះរញ្ជួយដីនៅថ្ងៃទី១ ខែមករា បានរងការខូតខាតយ៉ាងខ្លាំង ខណៈអាជ្ញាធរជប៉ុន បានព្រមានពីកម្រិតអាសន្ននៃរលកយក្សស៊ូណាមិថែមទៀត មុនពេលលើកចោល។ ជប៉ុន បានដាក់រញ្ជួយដីនេះ ទៅក្នុងកម្រិត៧ ដែលក្នុងទំហំបែបនេះ សូម្បីតែមនុស្សក៏ពិបាកនឹងឈរកើតដែរ។ មកទល់ពេលនេះ មនុស្សជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត ហើយមនុស្សជាច្រើនម៉ឺននាក់ផ្សេងទៀត បានភៀសខ្លួន ខ្វះទឹក និងអគ្គិសនីប្រើប្រាស់។ ចំណែកផ្លូវ ក៏រងការខូតខាតខ្លាំង ដែលធ្វើឱ្យអាជ្ញាធរជប៉ុនពិបាកក្នុងការដឹកជំនួយទៅកាន់ប្រជាជនរងគ្រោះ។

 
ការខូចខាតដោយសារគ្រោះរញ្ជួយដី
 
នៅថ្ងៃទី១ ខែមករា ជប៉ុន បានប្រឈមនឹងគ្រោះរញ្ជួយដីនៅលើឧបទ្វីប Noto និងតំបន់នៅភាគកណ្តាលជប៉ុន។ ខេត្តដែលរងគ្រោះខ្លាំងជាងគេគឺ ខេត្ត Ishikawa ស្ថិតនៅតាមបណ្តោយសមុទ្រជប៉ុន ឬសមុទ្រខាងកើត។ ក្នុងគ្រោះធម្មជាតិនេះ ផ្ទះសម្បែងរបស់ប្រជាជន ហាងលក់ទំនិញ ផ្លូវ និងទ្រព្យសម្បត្តិផ្សេងទៀត​ ត្រូវបានខូចខាត ដោយសារតែរញ្ជួយដីក្នុងកម្រិត ៧,៦ រ៉ិចទ័រ។ 
 
តាមការបញ្ជាក់របស់ទីភ្នាក់ងារឧតុនិយមជប៉ុន រញ្ជួយដីនេះ មានទំហំប្រមាណ ៣០គីឡូម៉ែត្រនៅក្នុងក្រុង Wajima ក្នុងខេត្ត Ishikawa និងមានជម្រៅប្រមាណ ១៦គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ ជប៉ុន បានដាក់កម្រិតរញ្ជួយទៅក្នុងកម្រិត៧ ដែលជាទំហំដ៏ខ្ពស់បំផុត នៅក្នុងក្រុង Shika។ រញ្ជួយដីក្នុងកម្រិត ៧នេះ សូម្បីតែមនុស្សក៏ពិបាកនឹងឈរកើតដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ វាបានបង្កឱ្យផ្ទះសម្បែង អគារ និងហាងទំនិញផ្សេងៗត្រូវបានរលំ។ 
 
បើទោះមកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន មិនទាន់បានបញ្ចេញពីតួលេខ ឬទំហំនៃការខូតខាត និងការប្រើប្រាស់ថវិកា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញក៏ដោយ ប៉ុន្តែការខូចខាតអាចមានចំនួនរាប់រយលានដុល្លារឯណោះ។
 
គិតត្រឹមរសៀលថ្ងៃទី៤ ខែមករា មនុស្សយ៉ាងហោចណាស់ ៧៨នាក់ ត្រូវបានរាយការណ៍ថា បាត់បង់ជីវិត និងមានអ្នករបួសជាច្រើនរយនាក់។ មិនតែប៉ុណ្ណោះ មនុស្សនៅក្នុងខេត្ត Ishikawa ប្រមាណ៣៣០០០នាក់ ត្រូវបានជម្លៀស ហើយផ្ទះចំនួន ៣ម៉ឺនខ្នង គឺគ្មានអគ្គិសនីប្រើប្រាស់។ ចំណែកផ្ទះប្រមាណ ១១ម៉ឺនខ្នង ក្នុងខេត្ត Toyama និងខេត្ត Niigata គឺគ្មានទឹកស្អាតប្រើប្រាស់តែម្តង។ ក្រុងWajima មានចំនួនអ្នកស្លាប់ច្រើនជាងគេ។ 
 
លើសពីនេះ ផ្ទៃដីយ៉ាងហោចណាស់ ១០០ ហិចតានៃក្រុងចំនួនពីរក្នុងខេត្ត Ishikawa ត្រូវបានជន់លិចដោយសាររលកស៊ូណាមិ។ យ៉ាងណាមិញ ទំហំខូចខាតលម្អិត មិនទាន់ដឹងច្បាស់នោះឡើយ។ កន្លងជប៉ុនបានរាយការណ៍ថា រលកកម្ពស់ខ្ពស់បំផុត មានរហូតដល់ ១,២ម៉ែត្រ។ 
 
ផ្ទះបាក់រលំដោយសាររញ្ជួយដី។ រូបភាព AFP

ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការជួយសង្រ្គោះប្រជាជន
 
ក្នុងសន្និសីទសារព័ត៌មានកន្លងមក លោកគីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដែលដឹកនាំកិច្ចខិតខំជួយសង្រ្គោះដោយផ្ទាល់ បានចាត់ទុកកិច្ចខិតខំជួយសង្រ្គោះមនុស្ស ជាអាទិភាពបំផុត និងប្តេជ្ញាខិតខំឱ្យអស់ពីលទ្ធភាពនៅក្នុងកិច្ចការជួយសង្រ្គោះជីវិតមនុស្ស។ ចាប់តាំងពីថ្ងៃទី១ ខែមករាមក អាជ្ញាធរជប៉ុន បានដុតដៃដុតជើង ដើម្បីជួយសង្រ្គោះប្រជាជនជាច្រើននាក់ ដែលស្ថិតនៅក្នុងផ្ទះបាក់រលំ និងដឹកជញ្ជួនស្បៀង។ 
 
មិនតែប៉ុណ្ណោះ កម្លាំងស្វ័យការពារជប៉ុន បានរៀបចំឧទ្ធម្ភាគចក្រសម្រាប់ដឹកជញ្ជូនស្បៀង ទៅតំបន់ដែលត្រូវបានកាត់ផ្តាច់ ខណៈអាជ្ញាធរតំបន់ទាំងនោះ បានស្នើរដ្ឋាភិបាលជប៉ុនឱ្យបញ្ជូនកម្លាំងស្វ័យការពារទៅតំបន់កាត់ផ្តាច់ ដើម្បីបំពេញបេសកកម្មជួយសង្រ្គោះ។ 
 
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣ ខែមករា លោកគីស៊ីដា បានបញ្ជាក់ថា រដ្ឋាភិបាលសម្រេចបង្កើនចំនួនកម្លាំងស្វ័យការពារសម្រាប់ធ្វើការនៅក្នុងតំបន់ ដែលរងការវាយប្រហារដោយសារគ្រោះរញ្ជួយដីពី១ពាន់នាក់ ទៅ២ពាន់នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
ការបង្កើនកិច្ចខិតខំនេះ ធ្វើឡើងមុនពេលរយៈពេល ៧២ម៉ោង ត្រូវបិទបញ្ចប់ បើគិតចាប់តាំងពីមានគ្រោះរញ្ជួយដីនៅថ្ងៃទី១ ខែមករាមក។ 
 
ក្រុមជួយសង្រ្គោះជប៉ុន។ រូបភាព AFP

បញ្ហាប្រឈមរបស់អាជ្ញាធរក្នុងការជួយសង្រ្គោះប្រជាជន
 
មកទល់ពេលនេះ អាជ្ញាធរតំបន់ ក្រុមពន្លត់អគ្គិភ័យ និងកម្លាំងស្វ័យការពារនៅតែសស្រាក់ក្នុងការជួយសង្រ្គោះប្រជាជន មុនពេលរយៈពេល ៧២ម៉ោង ត្រូវបានបញ្ចប់។ រយៈ ៧២ម៉ោងនេះ ត្រូវបាន អាជ្ញាធរចាត់ទុកថាសំខាន់ ក្នុងការជួយសង្រ្គោះជីវិតមនុស្ស ដែលជាប់ឃុំនៅក្នុងផ្ទះបាក់រលំ។ 
 
តែយ៉ាងណា កិច្ចខិតខំទាំងនោះ ត្រូវជួបបញ្ហាលំបាកខ្លាំង ដោយសារតែផ្លូវទៅកាន់តំបន់មួយចំនួនត្រូវខូចខាតខ្លាំង និងពិបាកក្នុងការដឹកកម្លាំងជួយសង្រ្គោះទៅជួយ។ ហេតុនេះ ជប៉ុន បានប្រើប្រាស់ ឧទ្ធម្ភាគចក្រសម្រាប់ដឹកជញ្ជូនស្បៀង និងកងកម្លាំងទៅជួយសង្រ្គោះប្រជាជននៅក្នុងតំបន់ដែលរងគ្រោះខ្លាំង។ 
 
បន្ថែមពីនេះ កិច្ចខិតខំរឹតតែជួបការពិបាកថែមទៀត ដោយសារតំបន់នោះមានភ្លៀងធ្លាក់។ ជុំវិញបញ្ហានេះ អាជ្ញាធរ បានអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះការបាក់ដីផងដែរ។ 
 

ក្រុមជួយសង្រ្គោះជប៉ុន។ រូបភាព AFP

បញ្ហាប្រឈមរបស់ប្រជាជននៅក្នុងតំបន់រងគ្រោះ
 
អាហារ ទឹក និងអគ្គិសនី ជាគ្រឿងដែលប្រជាជនត្រូវការចាំបាច់ជាងគេបំផុតនៅពេលនេះ ដោយសារតែការផ្គត់ផ្គង់ស្បៀង មានការពិបាក ទៅក្នុងតំបន់រងគ្រោះខ្លាំង ហើយផ្លូវធ្វើដំណើរមានការកាត់ផ្តាច់។ មិនតែប៉ុណ្ណោះ ប្រជាជននៅតំបន់ខ្លះហូបបបរ និងនំបុ័ងប៉ុណ្ណោះ។ 
 
នៅក្នុងក្រុងNoto ក្នុងថ្ងៃទី៣ ខែមករា រដ្ឋាភិបាលជប៉ុនបានចែកនំបុ័ង ខណៈប្រជាជនក្នុងក្រុងបានចែកបបរខ្លះដល់ប្រជាជន។ បើតាមអាជ្ញាធរក្រុង Noto ប្រជាជនជាច្រើន បានទៅលេងផ្ទះក្នុងថ្ងៃឆ្លងឆ្នាំ។ ហេតុនេះហើយ ចំនួនអ្នកជម្លៀសគឺលើសពីការរំពឹងទុក ខណៈស្តុកអាហារមានមិនគ្រប់គ្រាន់ឡើយ។ 
 
ចំណែកនៅក្រុងSuzu ប្រជាជនបានយកសាលារៀន ធ្វើជាកន្លែងស្នាក់នៅបណ្តោះអាសន្ន។ ដោយសារតែខ្វះស្បៀង ប្រជាជនបានយកអាហារ ទឹក បន្លែ និងសម្ភារផ្សេងទៀតមកពីផ្ទះរបស់ខ្លួនដែលបាក់រលំ មកជួយគ្នា ដើម្បីជួយទប់ស្កាត់ភាពអត់ឃ្លាន។ 
 
ផ្ទះចំនួន ៣ម៉ឺនខ្នង នៅក្នុងខេត្ត Ishikawa គឺគ្មានអគ្គិសនីប្រើប្រាស់ទេ ខណៈផ្ទះប្រមាណ ១១ម៉ឺនខ្នង ក្នុងខេត្ត Toyama និងខេត្ត Niigata គឺគ្មានទឹកប្រើប្រាស់តែម្តង៕ 

Tag:
 ជប៉ុន
  រញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com