អន្តរជាតិ
ក្រុងប៉េកាំង ព្រមានចាត់វិធានការចាំបាច់ ដើម្បីការពារប្រជាជនខ្លួននៅតាមតំបន់ព្រំដែន
05, Jan 2024 , 9:48 am        
រូបភាព
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ( ឆកោណ) និងកងទ័ពរំដោះជាតិTa
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ( ឆកោណ) និងកងទ័ពរំដោះជាតិTa'ang មានវត្តមាននៅក្នុងក្រុង Namhsan រដ្ឋភាគខាងជើងShan។ រូបភាព AFP និងក្រសួងការបរទេសចិន
បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា គ្រាប់​កាំភ្លើង​ធំ​បាន​ផ្ទុះ​ឆ្លង​កាត់​ព្រំដែន ទីក្រុងប៉េកាំង នៅថ្ងៃទី៤ ខែមករាបានសម្ដែងការមិនពេញចិត្តជាខ្លាំងដែលការប៉ះទង្គិចគ្នានៅប្រទេសជិតខាង ខ្លួនគឺមីយ៉ាន់ម៉ាបានបង្កគ្រោះថ្នាក់ដល់ប្រជាជនចិន។ ក្រុងប៉េកាំងក៏បានសន្យានឹងចាត់វិធាន ការចាំបាច់ដើម្បីការពារប្រជាពលរបស់ខ្លួនផងដែរ។

 
ជម្លោះប្រដាប់អាវុធបានផ្ទុះឡើងនៅក្នុងរដ្ឋ Shan ភាគខាងជើងមីយ៉ាន់ម៉ា ចាប់តាំងពី ខែតុលាឆ្នាំមុន នៅពេលសម្ព័ន្ធក្រុមជនជាតិភាគតិចបានបើកការវាយប្រហារលើយោធា។ ខណៈការបាញ់បោះនៅតែបន្ត ប្រព័ន្ធផ្សព្វផ្សាយចិនមួយចំនួន នៅថ្ងៃទី៣ ខែមករា បានរាយការណ៍អំពីគ្រាប់កាំភ្លើងធំដែលបាញ់ចេញពីមីយ៉ាន់ម៉ា និងបានធ្លាក់ឆ្លងកាត់ព្រំដែនចិននៅទីក្រុងណានសាន (Nansan) នៃខេត្តយូណាន (Yunna)។ គ្រាប់កាំភ្លើង នេះបានផ្ទុះ និងបង្កឱ្យមនុស្សមួយចំនួនរងរបួស។
 
ទាក់ទងនឹងហេតុការណ៍ខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក  Wang Wenbin នៅថ្ងៃទី៤ ខែមករា បានឆ្លើយសំណួរក្នុងសន្និសីទប្រចាំថ្ងៃថា ចិនមិនពេញចិត្តយ៉ាង ខ្លាំងដែលជម្លោះប្រដាប់អាវុធបានបណ្តាលឱ្យពលរដ្ឋចិនរងរបួស។
 
«ចិនទាមទារម្តងទៀតថា ភាគីទាំងអស់នៅក្នុងជម្លោះភាគខាងជើងមីយ៉ាន់ម៉ា បញ្ឈប់ជាបន្ទាន់នូវអរិភាព និងចាត់វិធានការជាក់ស្តែងដើម្បីទប់ស្កាត់ហេតុការណ៍ដ៏អាក្រក់បន្ថែមទៀតដែលបង្កគ្រោះថ្នាក់ដល់សន្តិភាព និងភាពស្ងប់ស្ងាត់នៅតាមព្រំដែន»។ លោក Wang មានប្រសាសន៍បែបនេះរួចបន្តថា ​ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្លួន។
 
យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះមិន​បាន​បញ្ជាក់​អំពីចំនួន​មនុស្ស​​ដែលបានស្លាប់ ឬ​រង​របួស​ក្នុង​ឧបទ្ទវហេតុ​នោះ​ទេ។
 
កាលពីខែធ្នូ ឆ្នាំ ២០២៣ ក្រុងប៉េកាំងបានអះអាងថា បានជួយសម្របសម្រួលកិច្ចចរចារវាង ភាគីទាំងពីរ ហើយសម្រេចបានកិច្ចព្រមព្រៀងគ្នាលើបទឈប់បាញ់បណ្តោះអាសន្ន។ យ៉ាងណាមិញ ការប៉ះទង្គិចគ្នានៅតែបន្តនៅក្នុងផ្នែកខ្លះនៃរដ្ឋ Shan ហើយស្ថានទូតចិនកាល ពីសប្តាហ៍មុនបានស្នើឱ្យពលរដ្ឋរបស់ខ្លួនជម្លៀសទៅតំបន់តាមបណ្តោយព្រំដែនរួមគ្នា ដោយ បារម្ភពីហានិភ័យសន្តិសុខ៕

Tag:
 ចិន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com