អន្តរជាតិ
រដ្ឋមន្ត្រីអុីតាលី៖ ទ្វីបអាហ្វ្រិក និង AI នឹងជាបញ្ហាធំៗសម្រាប់កិច្ចប្រជុំ G7
05, Jan 2024 , 10:59 am        
រូបភាព
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni។ រូបភាព AP
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni។ រូបភាព AP
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នៅថ្ងៃទី៤ ខែមករា បានលើកឡើងថា ទ្វីបអាហ្វ្រិក និងគ្រោះថ្នាក់ដែលបង្កដោយបញ្ញាសប្បនិមិ្មត (AI) ជាប្រធានបទសំខាន់ៗពីរ សម្រាប់កិច្ចប្រជុំបណ្ដាប្រទេសមានសេដកិច្ចរីកចម្រើនទាំង៧ (G7) ខណៈអ៊ីតាលីជាប្រធានផ្លាស់វេនរយៈ ពេលមួយឆ្នាំនៃប្លុកមួយនេះ។

 
អ៊ីតាលីនៅដើមខែមករាបានចូលកាន់តំណែងជាប្រធានប្តូរវេននៃ G7 ដែលមានសមាជិក ដូចជា អាម៉េរិក កាណាដា ជប៉ុន អាល្លឺម៉ង់ បារាំង និងអង់គ្លេស។ ប្រទេសមួយនេះនឹងធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលនឹងធ្វើឡើងជាបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំកំពូលរបស់មេដឹក នាំនៅក្នុងខែមិថុនាផងដែរ។ 
 
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Meloni និយាយថា លោកស្រី ចង់រៀបចំវគ្គពិសេសមួយមុនខែមិថុនា ដោយផ្តោតលើ AI ។
 
«​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ផល​ប៉ះពាល់​របស់ AI លើ​ទីផ្សារ​ការងារ។ ថ្ងៃនេះយើង ប្រឈមមុខនឹងបដិវត្តន៍ដែលបញ្ញា (មនុស្ស) ស្ថិតក្នុងគ្រោះថ្នាក់នៃការជំនួស»។ លោកស្រី បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ដើម្បី​អបអរដំណាច់​ឆ្នាំ២០២៣បែបនេះ ហើយក៏បានសម្គាល់ ពីការចាំបាច់សម្រាប់ការពិភាក្សាលើតម្រូវការគាំទ្រដល់ការអភិវឌ្ឍអាហ្វ្រិកដូចជា ការជំរុញសេដ្ឋកិច្ចក្នុងស្រុក និងកម្រិតជីវភាពរស់នៅ ដើម្បីបង្ការជនចំណាកស្រុកដែលនឹងត្រូវធ្វើដំណើរទៅកាន់អឺរ៉ុបផងដែរ។
 
មេដឹកនាំរូបនេះ លើកឡើងបន្ថែមថា អ្វីដែលលោកស្រីគិតឃើញត្រូវធ្វើនៅក្នុងទ្វីបអាហ្រ្វិក មិនមែនជាកម្មវិធីសប្បុរសធម៌ទេ ប៉ុន្តែគឺការកសាងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជា យុទ្ធសាស្ត្រស៊ីជម្រៅនិងស្មើភាពគ្នា ព្រមទាំងការវិនិយោគ និងយុទ្ធសាស្ត្រផ្សេងៗដែលចាំបាច់។
 
ក្នុងចំណោមបញ្ហាផ្សេងទៀតដែលទំនងជានឹងគ្របដណ្ដប់សម្រាប់កិច្ចប្រជុំឆ្នាំនេះគឺសង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែន និងជម្លោះនៅតំបន់កាហ្សារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស៕

© រក្សាសិទ្ធិដោយ thmeythmey.com