អន្តរជាតិ
មួយថ្ងៃក្រោយចូលនិវត្តន៍ អតីតអនុរដ្ឋមន្រ្តីពាណិជ្ជកម្មវៀតណាមត្រូវចាប់ខ្លួនពីបទរំលោភអំណាច
05, Jan 2024 , 11:59 am        
រូបភាព
អតីតអនុរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម លោក Hoang Quoc Vuong។ រូបភាព Food Expo Vietnam
អតីតអនុរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម លោក Hoang Quoc Vuong។ រូបភាព Food Expo Vietnam
លោក Hoang Quoc Vuong អតីតអនុរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ត្រូវបានចាប់ខ្លួន នៅមួយថ្ងៃក្រោយចូលនិវត្តន៍ ជុំវិញបទចោទរំលោភអំណាច នៅក្រុមហ៊ុនអគ្គិសនីរដ្ឋ Vietnam Electricity (EVN)។

 
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈ លោក To An Xo នៅថ្ងៃទី៤ ខែមករា លោក Hoang Quoc Vuong អតីតអនុរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ត្រូវបានចាប់ខ្លួននៅថ្ងៃទី២ ខែមករា។ ការចាប់ខ្លួននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយលោកចូលនិវត្តន៍។ 
 
លោក Hoang ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទចោទរំលោភអំណាចនៅក្រុមហ៊ុនអគ្គិសនីរដ្ឋ Vietnam Electricity។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ 
 
មួយរយៈចុងក្រោយនេះ វៀតណាម បានចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ស្ទើរតែរាល់ថ្ងៃពីបទពាក់ព័ន្ធនឹងអំពើពុករលួយ និងបទរំលោភអំណាចជាដើម។ មន្រ្តីទាំងនោះមានចាប់ពីឋានៈចៅហ្វាយខេត្តរហូតដល់រដ្ឋមន្រ្តី។ 
 
មុនកាន់តំណែងជាអនុរដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Hoang បានធ្លាប់បំពេញតួនាទីជាច្រើន ហើយលោកក៏ធ្លាប់កាន់តំណែងជាចៅហ្វាយខេត្ត Thai Nguyen ផងដែរ។
 
នៅក្នុងឆ្នាំ២០១២ មន្រ្តីវៀតណាមរូបនេះ បានក្លាយជាប្រធានក្រុមប្រឹក្សាគ្រប់គ្រង និងជាលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តវៀតណាម នៅក្នុងក្រុមហ៊ុន Vietnam Electricity។ 
 
រហូតដល់ឆ្នាំ២០១៥ លោក Hoang បានលាឈប់ពីកិច្ចការទាំងនោះ និងវិលត្រលប់មកកាន់តំណែងជាអនុរដ្ឋមន្រ្តីពាណិជ្ជកម្មរហូតដល់ឆ្នាំ២០២០។ ក្នុងតំណែងជាអនុរដ្ឋមន្រ្តី លោក Hoang ទទួលបន្ទុកលើផ្នែកអគ្គិសនី ថាមពលកកើតឡើងវិញ បរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព និងបច្ចេកវិទ្យាព័ត៌មាន។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីរូបនេះ បានក្លាយជាប្រធានក្រុមប្រឹក្សាគ្រប់គ្រងក្រុមហ៊ុនប្រេង និងហ្គាស Petrovietnam មុនពេលលោកចូលនិវត្តន៍នៅថ្ងៃទី១ ខែមករា កន្លងមកនេះ៕ 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com