អន្តរជាតិ
កូរ៉េខាងជើងបាញ់កាំភ្លើងធំប្រមាណ ២០០គ្រាប់ ទៅក្នុងដែនទឹកក្បែរឆ្នេរភាគខាងលិច
05, Jan 2024 , 12:34 pm        
រូបភាព
រូបភាព Korean Times
រូបភាព Korean Times
កូរ៉េខាងជើង បានបាញ់កាំភ្លើងធំប្រមាណ ២០០គ្រាប់ទៅក្នុងដែនទឹកក្បែរឆ្នេរភាគខាងលិច នៅថ្ងៃទី៥ ខែមករា។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។ មុនពេលការបាញ់កាំភ្លើងធំនោះ កូរ៉េខាងត្បូងក៏បានជម្លៀសប្រជាជននៅក្បែរព្រំដែនភាគខាងលិចផងដែរ ដើម្បីការពារសុវត្ថិភាពពីសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង។

 
ភាពតានតឹងលើឧបទ្វីបកូរ៉េ មិនបានថមថយឡើយ បើគិតចាប់តាំងពីកូរ៉េខាងជើង បានទទួលជោគជ័យលើការបាញ់បង្ហោះផ្កាយរណបចារកិច្ចទៅក្នុងគន្លងរបស់ផែនដី។ នៅក្នុងភាពតានតឹងចុងក្រោយ យោធាកូរ៉េខាងត្បូង ក្នុងថ្ងៃទី៥ ខែមករា បានរាយការណ៍ថា កូរ៉េខាងជើង បានបាញ់កាំភ្លើងធំប្រមាណ ២០០គ្រាប់ទៅក្នុងដែនទឹកក្បែរឆ្នេរភាគខាងលិច។ 
 
តាមការបញ្ជាក់របស់ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ខ្លួនបានចាប់សញ្ញានៃការបាញ់កាំភ្លើងធំពីតំបន់ Jangsan Cape និងតំបន់ Deungsan Cape ដែលស្ថិតនៅភាគខាងជើងកោះ Baengnyeong និងកោះ Yeonpyeong របស់កូរ៉េខាងត្បូង។ 
 
គ្រាប់របស់កាំភ្លើងធំទាំងនោះ បានធ្លាក់ទៅក្នុងតំបន់ដែនទឹកដែលកំណត់មិនឱ្យមានយោធា ស្ថិតនៅភាគខាងជើងនៃបន្ទាត់ Northern Limit Line (NLL) ដែលជាព្រំដែនទឹកបែងចែកកូរ៉េទាំងពីរ។
 
ដែនទឹកដែលកំណត់មិនឱ្យមានយោធា ត្រូវបានកំណត់នៅក្នុងកិច្ចព្រមព្រៀង កាត់បន្ថយភាពតានតឹងអន្តរកូរ៉េ នៅក្នុងឆ្នាំ២០១៨។ កន្លងមកកូរ៉េខាងជើង បានហែកកិច្ចព្រមព្រៀងនោះចោលហើយ ក្រោយពេលកូរ៉េខាងត្បូងព្យួរដោយផ្នែក។ 
 
ពាក់ព័ន្ធនឹងការបាញ់កាំភ្លើងធំនេះ កូរ៉េខាងត្បូង បានបញ្ជាជម្លៀសប្រជាជនស៊ីវិលរហូតដល់ទៅពីរលើក ដែលរស់នៅលើកោះ Yeonpyeong។ ការជម្លៀសនេះ ធ្វើឡើងដើម្បីការពារសុវត្ថិភាពប្រជាជនស៊ីវិល ពីសកម្មភាពរករឿងណាមួយរបស់កូរ៉េខាងជើង៕ 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com