កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ថា Barca គ្មានលទ្ធភាពទិញកីឡាករខ្លាំងៗដូច Haaland, Mbappe នោះទេ
05, Jan 2024 , 2:47 pm        
រូបភាព
ខណៈទីផ្សារដោះដូរពាក់កណ្តាលរដូវកាលឈានមកដល់ ក្លិប Barcelona បានបង្ហាញពីកង្វះខាតក្នុងការចាយប្រាក់ ទិញយកកីឡាករមានតម្លៃខ្លួនថ្លៃៗទៅរួមក្រុម។ លោក Xavi Hernandes អ្នកចាត់ការទូទៅលើកឡើងថាក្លិបយក្សអេស្ប៉ាញគ្មានលទ្ធភាពក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើមដូចជា Erling Haaland និង Kylian Mbappe ឡើយ។


កន្លងមក Barca ជាក្លិបដែលគេល្បីថាបានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ក្នុងការនាំយកកីឡាករទៅចូលរួមក្រុម តួយ៉ាងដូចជាអតីតកីឡាករ Phillippe Coutinho, Antoine Griezmann និង Ousmane Dembele ដែលមានតម្លៃផ្ទេរជាង ១០០លានអឺរ៉ូ (១០៩,២លានដុល្លារ) រៀងៗខ្លួន ចន្លោះឆ្នាំ ២០១៧ ដល់ ២០១៩។ ការផ្ទេរកីឡាករទាំងនេះ ក៏បានធ្វើឱ្យក្លិបជួបបញ្ហាហិរញ្ញវត្ថុមកដល់ពេលនេះ។ 
 
បញ្ហាហិរញ្ញវត្ថុទំនងធ្វើឱ្យក្លិប Barca មិនអាចនាំយកកីឡាករល្បីៗឈ្មោះទៀតឡើយក្នុងទីផ្សារដោះដូរពាក់កណ្តាលរដូវកាល ២០២៣-២៤នេះ។
លើបញ្ហាការផ្ទេរ លោក Xavi រំពឹងក្នុងការនាំយកកីឡាករថ្មីមួយចំនួន តែលោកអះអាងថាក្លិបគ្មានលទ្ធផលនាំយកកីឡាករមានតម្លៃខ្លួនថ្លៃ និងល្បីដូចជា Mbappe ឬក៏ Haaland នោះទេ។
 
«ខ្ញុំត្រូវតែដោះស្រាយជាមួយកីឡាករដែលខ្ញុំមាន ព្រោះពេលនេះយើងមិនអាចគិតអំពីការចុះហត្ថលេខាប្រភេទទាំងនោះបានទេ។ ជាអកុសល យើងមិនស្ថិតក្នុងស្ថានភាពដែលមានឯកសិទ្ធិខាងសេដ្ឋកិច្ចដើម្បីធ្វើដូច្នេះទេ ខ្ញុំនៅសល់កីឡាករដែលខ្ញុំមាន ហើយជាមួយកីឡាករទាំងនោះ យើងត្រូវឈ្នះ យើងត្រូវដែលឈ្នះពានរង្វាន់ និងត្រូវលេងឱ្យបានល្អ ព្រោះថាកម្រិតនោះគឺពិតជាខ្ពស់ខ្លាំងណាស់។»។ Xavi បាននិយាយប្រាប់អ្នកកាសែតបែបនេះមុនជំនួបទល់នឹងក្រុម Las Palmas នាថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៣។
 
បច្ចុប្បន្នក្រុម Barca ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ក្នុងក្របខណ្ឌ La Liga ដោយកំពុងមានគម្លាត ១០ពិន្ទុពីក្រុមកំពូលតារាង Real Madrid ចំនួន ១០ពិន្ទុ ដែលមានការប្រកួតលើសក្រុមរបស់លោក Xavi ចំនួន ១ប្រកួត៕
 
ដោយឡែកសម្រាប់ Mbappe ក៏ដូចជា Haaland ពួកគេទាំងពីរសុទ្ធសឹងតែជាកីឡាករកំពុងតែមានភាពលេចធ្លោរខ្លាំង ហើយថែមទាំងជាកីឡាករដែលគេកំពុងចាប់អារម្មណ៍ខ្លាំងថានឹងអាចក្លាយជាដៃគូប្រកួតប្រជែង សម្រាបជំនាន់ថ្មីបន្ទាប់ពីតារាបាល់ទាត់ Lionel Messi និង Cristiano Ronaldo ដែលធ្លាប់បានប្រកួតប្រជែងគ្នាកក្រើកពិភពបាល់ទាត់ជិត២០ឆ្នាំ៕

Tag:
 Xavi Hernandes
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com