កីឡាអន្តរជាតិ
អន្តរជាតិ
Onana បង្ហាញខ្លួនឱ្យ Man Utd ១ប្រកួតចុងក្រោយ មុនទៅជួយជម្រើសជាតិកាម៉េរូន
05, Jan 2024 , 8:19 pm        
រូបភាព
អ្នកចាំទី Andre Onana នឹងបង្ហាញខ្លួនឱ្យ Manchester United មួយប្រកួតចុងក្រោយក្នុងជំនួបពានរង្វាន់ FA Cup ជុំទី៣ ទល់ Wigan Athletic មុនទៅជួយក្រុមជម្រើសជាតិកាម៉េរូនក្នុងការប្រកួតពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations។



បិសាចក្រហមនឹងប៉ះ ក្រុមមកពីលីគទី៣អង់គ្លេស Wigan នៅថ្ងៃទី៨ ខែមករា ហើយក្រុមកាម៉េរូន ក៏ត្រូវតទល់ក្រុមសាំប៊ី ជំនួបមិត្តភាពនៅថ្ងៃទី៩ ខែមករា មុនពេលដែលក្រុមត្រូវធ្វើដំណើរទៅប្រកួតពានរង្វាន់ AFCON នៅថ្ងៃទី១៥ ខែមករា ក្នុងប្រទេសកូតឌីវ័រ។
 
លោក Ten hag បាននិយាយទាក់ទងនឹងអ្នកចាំទី Onana ដូច្នេះថា ៖«ខ្ញុំមិនដឹងឡើយថាគេអាចនឹងលេងទល់ក្រុម Spurs ឬយ៉ាងណា តែគេនឹងនៅទីនេះលេងការប្រកួតទល់នឹងក្រុម Wigan។»។
 
ហាក់បីដូចជាការវិលចុះឡើងសម្រាប់ក្រុមបិសាចក្រហម ដោយពួកគេកាលពីប៉ុន្មានសប្តាហ៍មុនបានបំបាក់ក្រុម Aston Villa លទ្ធផល ៣-២ ប៉ុន្តែនៅសប្តាហ៍បន្ទាប់ក៏បានបែរមកចាញ់ក្រោមថ្វីជើង Nottingham Forest លទ្ធផល ២-១។ 
 
លទ្ធផលមិនល្អបន្តដាក់សម្ពាធលើតំណែងរបស់លោក Ten Hag ទោះជាក្លិបត្រូវបានកាន់កាប់ដោយម្ចាស់ថ្មីលោក Jim Ratcliffe ម្ចាស់ក្រុមហ៊ុន INEOS ហើយកាលពីពេលថ្មីនេះបុរសទាំងពីរ បានជួបគ្នាលើកដំបូងនៅទៅលានហ្វឹកហាត់។
 
អ្នកចាត់ការសញ្ជាតិហូឡង់ អះអាងថាលោកបានជជែកគ្នារយៈពេលយូរជាមួយនឹងលោកមហាសេដ្ឋី Ratcliffe ដែលអ្នកកាន់កាប់ក្លិបថ្មី ជាមួយភាគហ៊ុន ២៥ភាគរយ និងសម្លឹងមើលការបំពេញការងារជាមួយគ្នាទៅមុខទៀត។ បុរសវ័យ ៥៣ឆ្នាំ បង្ហាញក្តីរំពឹងថានឹងមានការផ្លាស់ប្តូរខ្លាំងសម្រាប់ក្រុម ក្រោមការដឹកនាំរបស់ម្ចាស់ថ្មីនេះ។
 
ក្រុមបិសាចក្រហមបច្ចុប្បន្ន មានត្រឹមតែ ២ពានរង្វាន់ តែប៉ុណ្ណោះដែលត្រូវប្រកួតប្រជែង ក្នុងនោះមានពានរង្វាន់ ​FA Cup និង Premier League បន្ទាប់ពីពួកគេបានធ្លាក់ចេញពីពានរង្វាន់អឺរ៉ុប Champions League និងពានរង្វាន់លំដាប់ទី៣ អង់គ្លេស EFL Cup ទៅហើយ៕
 

Tag:
 Andre Onana
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com