អន្តរជាតិ
មនុស្ស៤នាក់ស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើងបុកគ្នានៅឥណ្ឌូណេស៊ី
05, Jan 2024 , 4:49 pm        
រូបភាព
រថភ្លើងបុកគ្នានៅឥណ្ឌូណេស៊ី ក្នុងថ្ងៃទី៥ ខែមករា បង្កឱ្យមនុស្សចំនួន ៤នាក់បាត់បង់ជីវិត នៅលើខេត្តជ្វាខាងលិច។ រូបភាព AFP
រថភ្លើងបុកគ្នានៅឥណ្ឌូណេស៊ី ក្នុងថ្ងៃទី៥ ខែមករា បង្កឱ្យមនុស្សចំនួន ៤នាក់បាត់បង់ជីវិត នៅលើខេត្តជ្វាខាងលិច។ រូបភាព AFP
យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ បានបាត់បង់ជីវិត និង២២នាក់ រងរបួស នៅក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅខេត្តជ្វាខាងលិចរបស់ឥណ្ឌូណេស៊ី។

 
តាមសេចក្តីរាយការណ៍របស់មន្រ្តីឥណ្ឌូណេស៊ី រថភ្លើងចំនួន២ខ្សែបានបុកគ្នា ដោយក្បាលរថភ្លើងទាំងពីរ ត្រូវបានបំផ្លាញ ខណៈផ្នែករថភ្លើងផ្សេងទៀត បានធ្លាក់ទៅក្នុងស្រែ នៅក្នុងខេត្តជ្វាខាងលិច របស់ឥណ្ឌូណេស៊ី។ ហេតុការណ៍នេះ បានកើតឡើងនៅ៦ ​និង ៣នាទីព្រឹក (ម៉ោងនៅឥណ្ឌូណេស៊ី) ក្នុងថ្ងៃទី៥ ខែមករា។ 
 
ទាក់ទិននឹងហេតុការណ៍នេះ មនុស្សយ៉ាងហោចណាស់ ៤នាក់ ដែលជាបុគ្គលិកបម្រើការលើរថភ្លើង បានស្លាប់បាត់បង់ជីវិត ខណៈអ្នកដំណើរជិត៥០០នាក់ មិនទាន់ត្រូវបានរាយការណ៍ពីករណីស្លាប់ឡើយ។ 
 
ក្រុមហ៊ុន  PT KAI ដែលជាប្រតិបត្តិករផ្លូវដែកមួយនៅឥណ្ឌូណេស៊ី បានចូលរួមរំលែកទុក្ខចំពោះអ្នកស្លាប់ និងក្រុមគ្រួសារ។ អ្នកស្លាប់នោះមានដូចជាអ្នកបើកបររថភ្លើង ជំនួយការ អ្នកបម្រើលើរថភ្លើង និងសន្តិសុខ។ 
 
ចំណែកចំនួនអ្នករបួស ត្រូវបានរាយការណ៍ខុសៗគ្នារវាងប៉ូលិស និងប្រតិបត្តិករផ្លូវដែក។ តាមមន្រ្តីប៉ូលិស អ្នករបួសមានចំនួន ៣៧នាក់ ខណៈប្រតិបត្តិករផ្លូវដែកថា មានចំនួន២២នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
មកទល់ពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ី មិនទាន់ដឹងពីមូលហេតុដែលបង្កឱ្យមានរថភ្លើងបុកគ្នាឡើយ ហើយមន្រ្តីកំពុងស៊ើបអង្កេត។ 
 
សូមបញ្ជាក់ថា ឧបទ្ទវហេតុបុកគ្នារវាងមធ្យោបាយដឹកជញ្ជូន គឺកើតមានជាញឹកញាប់នៅឥណ្ឌូណេស៊ី ដែលរថយន្តក្រុង រថភ្លើង និងយន្តហោះជាដើម មិនត្រូវបានថែទាំឱ្យបានល្អឡើយ។ នៅក្នុងខែវិច្ឆិកាកន្លងមក ហេតុការណ៍បុកគ្នារវាងរថភ្លើង និងរថយន្តក្រុងខ្នាតតូច សម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់ បាត់បង់ជីវិត៕ 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com