សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៤ នឹងប្រសើរឡើងទេ​?
05, Jan 2024 , 9:59 pm        
រូបភាព
មនុស្សដើរ និងជិះកង់លើស្ពាន Brooklyn នៅទីក្រុង New York ។ រូបភាព ៖ AFP
មនុស្សដើរ និងជិះកង់លើស្ពាន Brooklyn នៅទីក្រុង New York ។ រូបភាព ៖ AFP
សេដ្ឋកិច្ចពិភពលោកដែលបានបិទបញ្ចប់នៅឆ្នាំ ២០២៣ បានបង្ហាញពីទិដ្ឋភាពល្អប្រសើរជាងការរំពឹងទុក។ អាម៉េរិក​មិន​ត្រឹម​តែ​ជៀស​វាង​វិបត្តិ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ថែមទាំងមានអត្រាកំណើនគួរឲ្យកត់សម្គាល់។ ចំណែកអត្រានៃភាពអត់ការងារធ្វើមានកម្រិតទាបហើយអតិផរណាកំពុងធ្លាក់ចុះភាគច្រើនតាមប្រទេសនានាជុំវិញពិភពលោក។ យ៉ាងណាទស្សនវិស័យសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៤ នៅតែមានភាពមិនប្រាកដប្រជា។

 
កំណើនសេដ្ឋកិច្ចពិភពលោកបានកើនឡើងលើសពីការរំពឹងទុកនៅឆ្នាំ២០២៣ បើទោះបីជាមានការរឹតបន្តឹងរូបិយវត្ថុដោយធនាគារកណ្តាលជុំវិញពិភពលោកក៏ដោយ។ សេដ្ឋវិទូមកពីធនាគារអាម៉េរិក JP Morgan រំពឹងថាសេដ្ឋកិច្ចពិភពលោកនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ចរយៈពេលខ្លី។ 
 
លោក Bruce Kasman ប្រធានសេដ្ឋវិទូរបស់ JP Morgan Global បានប្រាប់ទស្សនាវដ្តី Harvard Business Review ថា រលកនៃសុទិដ្ឋិនិយមអំពីសេដ្ឋកិច្ចពិភពលោកកំពុងកើនឡើង ដោយប្រូបាបនៃសេណារីយ៉ូនេះគឺមានប្រមាណ ៤០ភាគរយ។ យ៉ាងណាមិញ សន្ទុះកំណើនសេដ្ឋកិច្ចពិភពលោកទំនងជានឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៥ ជាមួយនឹងអតិផរណាប្រហែល ៣ភាគរយ។
 
លោក Kasman បញ្ជាក់ថា ៖« យើងបន្តផ្តោតខ្លាំងបំផុតលើសេណារីយ៉ូពីការកើនឡើងអត្រាការប្រាក់ ដែលជំរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ក្នុងវិបត្តិ។ យើងគិតថាមានឱកាស ៦០ភាគរយនៃរឿងនេះដែលអាចកើតឡើង»។ 
 
ការព្យាករអតិផរណាតាមប្រទេសធំៗមួយចំនួនសម្រាប់ឆ្នាំ ២០២៣ និង ២០២៤ ។ រូបភាព ៖ JP Morgan 

ទន្ទឹមនេះ នៅតាមបណ្តាប្រទេសសេដ្ឋកិច្ចសំខាន់ៗមួយចំនួន អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានព្យាករថា  ផលិតផលក្នុងស្រុកសរុប (GDP) របស់អាម៉េរិក តំបន់ចាយប្រាក់អឺរ៉ូ និងចិនក្នុងឆ្នាំ ២០២៤ នឹងកើនឡើង ១,៥ភាគរយ ០,៩ភាគរយ និង៤,៧ភាគរយរៀងគ្នា​។ 
 
អគ្គលេខាធិការ OECD លោក Mathias Cormann បាននិយាយថា សេដ្ឋកិច្ចពិភពលោកបន្តប្រឈមមុខនឹងបញ្ហាពីកំណើនទាប និងអតិផរណាខ្ពស់ ជាមួយនឹងការថយចុះបន្តិចនៅឆ្នាំក្រោយ ដែលភាគច្រើនដោយសារតែការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
 
តើអតិផរណាត្រូវបានទប់ស្កាត់ដែរឬទេ?
 
កាលពីខែមិថុនា ឆ្នាំ២០២២ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅអាម៉េរិកបានឡើងដល់ជាង ៩ភាគរយ ក្រោយមកបានធ្លាក់ចុះមកត្រឹម ៣,១ភាគរយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមិនឆ្ងាយពីគោលដៅរបស់ធនាគារកណ្តាលអាម៉េរិក (Fed) ចង់សម្រេចបាន ២ភាគរយនោះទេ។ ធនាគារ JP Morgan ព្យាករថា អតិផរណាសកលនៅឆ្នាំ២០២៤ នឹងបន្តនិន្នាការថយចុះ ដោយសារតែសម្ពាធតម្លៃថាមពលធ្លាក់ចុះ និងទីផ្សារការងារកាន់តែខ្សោយ។
 
លោក Mathias Cormann ដែលជាអគ្គលេខាធិការ OECD បាននិយាយថា អតិផរណាបានធ្លាក់ចុះពីកម្រិតកំពូលកាលពីឆ្នាំ២០២២ ។ លោករំពឹងថា អតិផរណានឹងត្រលប់ទៅកម្រិតគោលដៅរបស់ធនាគារកណ្តាលនៅឆ្នាំ២០២៥ នៅតាមបណ្តាប្រទេសភាគច្រើន។
 
នៅប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក តម្លៃជួលផ្ទះដែលស្មើនឹងការចំណាយរបស់ប្រជាជនបានក៏ធ្លាក់ចុះយ៉ាងខ្លាំង។ ប៉ុន្តែ​សម្រាប់អ្នក​វិភាគ​សេដ្ឋកិច្ច​លោក Matthew Klein រឿងនេះមិន​អាច​ធានា​បាន​ទាំង​ស្រុង​ទេ។ លោកអះអាងថា អតិផរណាពិភពលោកនៅតែខ្ពស់ជាងអំឡុងពេលមានការរាលដាលជំងឺកូវីដ-១៩ ដោយសារប្រាក់ឈ្នួល និងការចំណាយបានកើនឡើងខ្លាំង។ ប្រសិនបើការចំណាយលើការលក់រាយជាមូលដ្ឋានកើនឡើងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ វាទំនងជាអតិផរណានឹងមិនស្ថិតនៅកម្រិត ២ភាគរយ សម្រាប់រយៈពេលយូរនោះទេ។
 
សម្រាប់ឆ្នាំ២០២៣ ដែលទើបតែបញ្ចប់ Fed បានបង្ហាញសញ្ញាណល្អ ដោយមិនត្រឹមតែរក្សាអត្រាការប្រាក់ឱ្យមានថេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ពីលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំ ២០២៤ ផងដែរ។ សាស្ត្រាចារ្យហិរញ្ញវត្ថុ Mihir Desai នៅសាលា Harvard Business ព្យាកថា បើគ្មានវិបត្តិសេដ្ឋកិច្ចដ៏ធំណាទេ ដំណើរការនៃការកាត់បន្ថយអតិផរណាមកត្រឹម២ភាគរយនឹងចំណាយពេលយូរ និងមានភាពច្របូកច្របល់ជាងអ្វីដែលយើងគិតទៅទៀត។
 
តើទីផ្សារការងារនឹងមានភាពល្អប្រសើរឬទេ?
 
ការជជែកដេញដោលដ៏ធំមួយក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះថាតើគួរតែបង្កើន​អត្រា​អត់​ការងារ​ធ្វើដើម្បី​ឲ្យ​អតិផរណា​ធ្លាក់ចុះដែរឬ​ទេ? ជារួមមិនចាំបាច់បង្កើនច្រើនទេ។ សម្រាប់អ្នកវិភាគសេដ្ឋកិច្ច Matthew Klein នេះនៅតែជាពេលវេលាដ៏ល្អបំផុតមួយនៃប្រវត្តិសាស្ត្រអាម៉េរិកក្នុងការស្វែងរកការងារធ្វើ។
 
យោងតាមក្រុមហ៊ុន ​​Nasdaq មានសញ្ញារួមដែលថាទីផ្សារការងារកំពុងត្រលប់ទៅកម្រិត ធម្មតាវិញ ដោយសារការជ្រើសរើសបុគ្គលិក ការឈប់សម្រាក និងអត្រានៃការចូលរួមកម្លាំងពលកម្មបានត្រឡប់មកដូចមុនការរាលដាលជំងឺកូវីដ-១៩​។ ចំណែកកាសែត The Economist យល់ថា ទស្សនវិស័យរយៈពេលវែងសម្រាប់កម្មករធ្វើការនៅអាម៉េរិក និងអឺរ៉ុបនៅតែរឹងមាំ។
 
តើអត្រាការប្រាក់ខ្ពស់អាចធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានស្ថិរភាពដែរឬទេ? 
 
កាលពីខែមីនា ឆ្នាំ២០២៣ សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធអាម៉េរិក (FDIC) បានកាន់កាប់ធនាគារ Silicon Valley បន្ទាប់ពីអត្រាការប្រាក់ខ្ពស់បានធ្វើឱ្យផលប័ត្រនៃមូលបត្របំណុលរបស់ខ្លួនមានតម្លៃទាប ដែលធ្វើឲ្យអតិថិជនមានការព្រួយបារម្ភជាខ្លាំងដោយនាំគ្នាដកប្រាក់ ទីបំផុតធនាគារបានបានដួលរលំ។ ទន្ទឹមនេះ ធនាគារ Signature Bank និង First Republic ក៏ដួលរលំភ្លាមៗ។
 
ជារួមកាល​ពី​ឆ្នាំ២០២៣ អត្រា​ការ​ប្រាក់​នៅតាមបណ្តាប្រទេសភាគច្រើនបានកើនឡើង​ខ្ពស់ ដែល​បាន​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច និងធ្វើ​ឲ្យ​​ម្ចាស់បំណុលមានការរារែកដើម្បី​បង្កើនការចំណាយថ្លៃដើមសម្រាប់ប្រាក់កម្ចី ។ ដូច្នេះ តើ​វា​នឹង​បន្ត​គំរាមកំហែង​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​នេះ​ឬ​ទេ?
 
លោកសាស្ត្រាចារ្យ Mihir Desai បាននិយាយថា ផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់គឺនៅតែបន្តកើតឡើង ប៉ុន្តែក្នុងល្បឿនយឺតជាងមុន ​ហើយក្រុមហ៊ុន​នឹង​មិន​មាន​ការ​ដួល​រលំ​ភ្លាមៗ​ទេ។  នៅអាម៉េរិក អត្រានៃការក្ស័យធនរបស់ក្រុមហ៊ុនបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន ប៉ុន្តែនៅតែមានកម្រិតទាបជាងអំឡុងវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៩ ។ 
 
ចំណែកប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ផ្សេងទៀតដូចជា អូស្ត្រាលី កាណាដា អឺរ៉ុប និងអង់គ្លេស គឺមានប្រាក់កម្ចីរយៈពេលខ្លីជាងអាម៉េរិក។ សាស្ត្រាចារ្យ Mihir Desi បានកត់សម្គាល់ថា កំណើនដ៏រឹងមាំនៅក្នុងប្រទេសទាំងនេះនៅក្នុងពេលថ្មីៗ នៅតែជួយឱ្យអាជីវកម្មទប់ទល់នឹងអត្រាការប្រាក់ខ្ពស់បាន។ លោក​​បញ្ជាក់ថា ខណៈ​ពេល​ដែល​នឹង​មាន​ការ​លំបាក​នាពេលអនាគតសម្រាប់​ប្រទេស​ខ្លះ ផល​ប៉ះពាល់​សេដ្ឋកិច្ច​ជា​រួម​ទំនង​ជា​មិន​មាន​ទំហំ​ធំ​នោះ​ទេ​​។ 
 
ជារួម សម្រាប់ឆ្នាំ២០២៤ ហាក់មានភាពប្រសើរបើសង្កេតទៅលើទីផ្សារហិរញ្ញវត្ថុ ការងារ និងអត្រាការប្រាក់ ត្រូវបានព្យាករឲ្យឃើញពីសញ្ញាណវិជ្ជមានច្រើន៕ 

Tag:
 សេដ្ឋកិច្ច
  អតិផរណា
  អត្រាការប្រាក់
  Fed
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com