កីឡាជាតិ
ជាតិ
អ្នកប្រដាល់អ៊ូច ធារិទ្ធ៖ ការប្រើស្នៀតកែងរបស់កីឡាករកម្ពុជា ធ្វើឲ្យបរទេសខ្លាច
05, Jan 2024 , 5:29 pm        
រូបភាព
កីឡាករ អ៊ូច ធារិទ្ធ ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
កីឡាករ អ៊ូច ធារិទ្ធ ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
អូច ធារិទ្ធ កីឡាករប្រដាល់គុនខ្មែរ មើលឃើញថា ការប្រើស្នៀតកែងរបស់កីឡាករកម្ពុជា ធ្វើឲ្យអ្នកប្រដាល់បរទេសជាច្រើនខ្លាចរអា។ ខ្លាច ព្រោះកែងជាក្បាច់អាចបង្កគ្រោះថ្នាក់ខ្លាំងទៅដល់គូប្រកួត ដូចជាបែកមុខ និងសន្លប់ជាដើម។ កីឡាកកម្ពុជារូបនេះ ត្រូវប្រកួតជាមួយ Aref Mirjalili កីឡាករមកពីអ៊ីរ៉ង នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នៅស្រុកបវេល ខេត្តបាត់ដំបង លើប្រភេទទម្ងន់ ៦០គីឡូក្រាម។



កីឡាករ អូច ធារិទ្ធ បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗថា ការប្រើប្រាស់ស្នៀតកែង គឺអាចធ្វើឲ្យគូប្រកួតគ្រោះថ្នាក់ និងរបួសធ្ងន់ រហូតអាចឈានដល់ការបែកមុខ និងសន្លប់លើសង្វៀនជាដើម ប៉ុន្ដែ ការប្រើស្នៀតកែង ដ៏ប៉ិនប្រសប់របស់កីឡាករកម្ពុជា បានធ្វើឲ្យអ្នកប្រដាល់បរទេសជាច្រើនញញឺត។ 
 
ចំពោះការស្នៀតកែងនោះ កីឡាករបរទេសមួយចំនួន ក៏ធ្លាប់បានប្រើក្នុងការប្រកួតដែរ ហើយក៏ធ្លាប់ធ្វើឲ្យកីឡាករកម្ពុជារបួសផ្ទៃមុខដូចគ្នា។ ដោយឡែក ការប្រើកែងរបស់ពួកគេ ដូចជាមិនសូវប្រសប់ដូចកីឡាករម្ចាស់ក្បាច់ឡើយ។ កីឡាករ អូច ធារិទ្ធ ដែលហាត់នៅក្លិបគុជសារសគុនខ្មែរ យល់ថាកីឡាករបរទេសអាចប្រើកែងបាន ប៉ុន្ដែពួកគេ ហាក់បីដូចជាញញឺតនិងស្នៀតនេះ។

Face-off រវាង អូច ធារិទ្ធ និង Aref Mirjalili

«ខ្ញុំ គិតថាបរទេសខ្លាចកីឡាករគុនខ្មែររបស់យើង គឺជាកែង ព្រោះវាជាអាវុធ ដ៏សាហាវមួយ។ ខ្ញុំ គិតថាសម្រាប់កីឡាករបរទេស គេមិនសូវជាហ៊ានប្ដូកែងទេ ព្រោះជាអវុធដែលគ្រោះថ្នាក់ ឲ្យតែត្រូវ១ កែងហើយ បើមិនបែក ក៏សន្លប់ដែរ។»។ អ៊ូច ធារិទ្ធ បាននិយាយដូច្នេះ។
 
ដោយឡែក កីឡាករមកពីក្លិបគុជសារសគុនខ្មែររូបនេះ ក៏ត្រូវប្រកួតជាមួយកីឡាករ Aref Mirjalili លើប្រភេទទម្ងន់ ៦០គីឡូក្រាម នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ធារិទ្ធ ហាក់បីដូចជាមិនព្រួយបារម្ភចំពោះការប្រកួតនេះ បើទោះជារូបគេ មិនបានត្រៀមខ្លួន បាន១០០ភាគរយក៏ដោយ។ ការត្រៀមខ្លួន មិនបានគ្រប់លក្ខណៈនេះ ធារិទ្ធ បានបញ្ជាក់ថា ដោយសារ ឈុត សេរីវ៉ាន់ថង រវល់ទើប ខ្លួនឡើងមកប្រកួតជំនួស។
 
កីឡាករមកពីក្លិបគុជសារសគុនខ្មែររូបនេះ និយាយដូច្នេះថា៖«ខ្ញុំ ត្រៀមខ្លួនមិនបានពេញលេញទេ ព្រោះមកជំនួសកីឡាករ ឈុត សេរីវ៉ាន់ថង។ ប៉ុន្ដែការប្រកួតនេះ មិនមែនជាបញ្ហាប៉ុន្មានទេ សម្រាប់ខ្ញុំ។ ខ្ញុំ មានជំនឿចិត្តលើខ្លួនខ្ញុំ ៧០ភាគរយ បើទោះជាការប្រកួតនេះ ខ្ញុំ មកជំនួសគេក៏ដោយ ខ្ញុំទុកចិត្តខ្លួនឯងជានិច្ច។»។
 
គួរបញ្ជាក់ថា ក្នុងសង្វៀនដដែលនោះ ការប្រកួតសរុបទាំងអស់ ៨គូ ដូចជា៖
 
១- នួន រ៉ាថេប ប្រកួតជាមួយ វ៉ែន សុវណ្ណ លើ ៦៥គីឡូក្រាម
២- ខេម ចាន់ ប្រកួតជាមួយ Chokchai Munrat កីឡាករថៃ លើទម្ងន់ ៥៧គីឡូក្រាម
៣- ខាំ កូនខ្លា ប្រកួតជាមួយ Thanachai Khamoon កីឡាករថៃ លើទម្ងន់ ៦០គីឡូក្រាម
៤- សោម វិច្ឆ័យ ប្រកួតជាមួយ Souliya Keopaseuth កីឡាករឡាវ លើទម្ងន់ ៦៣,៥គីឡូក្រាម
៥- សូត្រ វាសនា ប្រកួតជាមួយ Serpico Chrostopher Arriaga កីឡាករសហរដ្ឋអាមេរិក លើទម្ងន់ ៦៣,៥គីឡូក្រាម
៦- អ៊ូច ធារិទ្ធ ប្រកួតជាមួយ Aref Mirjalili កីឡាករអ៊ីរ៉ង លើទម្ងន់ ៦០គីឡូក្រាម
៧- អ៊ុង វិរៈ ប្រកួតជាមួយ Shahin Hosseinzadeh កីឡាករអ៊ីរ៉ង លើទម្ងន់ ៨០គីឡូក្រាម
៨- មឿន សុខហ៊ុច ប្រកួតជាមួយ Amarsanaa Tserenkhand មកពីម៉ុងហ្គោលី លើទម្ងន់ ៦០គីឡូក្រាម៕

Tag:
 អ៊ូច ធារិទ្ធ
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com