អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីតប្រធានាធិបតី ត្រាំ បានទទួលលុយបរទេស ក្នុងពេលកាន់តំណែង?
05, Jan 2024 , 5:59 pm        
រូបភាព
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ។ រូបភាព ៖ AFP
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ។ រូបភាព ៖ AFP
កាសែត New York Times នៅថ្ងៃទី៤ ខែមករា បានដកស្រង់របាយការណ៍របស់គណបក្សប្រជាធិបតេយ្យនៅក្នុងសភាអាម៉េរិកថា ក្រុមហ៊ុនរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលប្រាក់យ៉ាងហោចណាស់ ៧,៨លានដុល្លារពីរដ្ឋាភិបាលនៃប្រទេសចំនួន ២០ នៅពេលដែលលោកនៅកាន់តំណែង។

 
សភាអាម៉េរិកមកពីបក្សប្រជាធិបតេយ្យបានបញ្ចេញរបាយការណ៍មួយថា អាជីវកម្មរបស់អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទទួលប្រាក់យ៉ាងតិច ៧.៨លានដុល្លារពីរដ្ឋាភិបាលបរទេសរួមទាំងចិន អំឡុងពេលដែលលោកនៅសេតវិមាន។
 
របាយការណ៍នេះបានពិពណ៌នាអំពីរបៀបដែលរដ្ឋាភិបាលបរទេស និងអង្គការពាក់ព័ន្ធធ្វើប្រតិបត្តិការជាមួយអាជីវកម្មរបស់លោក ត្រាំ នៅពេលលោកធ្វើជាប្រធានាធិបតី។ យោងតាមរបាយការណ៍ខាងលើ រដ្ឋាភិបាល និងអង្គការបរទេសផ្សេងៗបានចំណាយប្រាក់រាប់លានដុល្លារសម្រាប់សណ្ឋាគារ Trump International Hotel នៅវ៉ាស៊ីនតោនឌីស៊ី សណ្ឋាគារ Trump International នៅ Las Vegas អគារ Trump Tower និង Trump World Tower ក្នុងទីក្រុងញូវយ៉ក។
 
តាមរបាយការណ៍ដដែលនេះ ក្នុងចំណោមប្រទេសដែលទាក់ទងនឹងទ្រព្យសម្បត្តិរបស់លោក ត្រាំ មានចិនជាប់ចំណាត់ថ្នាក់លេខ១ ជាមួយទឹកប្រាក់ ៥,៥លានដុល្លារដែលបានចំណាយលើអាជីវកម្មរបស់អតីតប្រធានាធិបតីរូបនេះ។ អារ៉ាប៊ីសាអូឌីតជាអ្នកចំណាយច្រើនជាងគេទី២ ដែលមានច្រើនជាង ៦១ម៉ឺនដុល្លារសម្រាប់ Trump World Tower និង Trump International Hotel។ 
 
លោក Eric Trump ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតីបានលើកឡើងជាច្រើនដងហើយថា ផលប្រយោជន៍បរទេសមិនមានឥទ្ធិពលលើតំណែងប្រធានាធិបតីរបស់ឪពុកលោកទេ។ លោកបន្តថា ប្រាក់ចំណេញណាមួយដែលក្រុមហ៊ុនបានពីការស្នាក់នៅសណ្ឋាគារត្រូវបានប្រគល់ជូនរដ្ឋាភិបាលសហព័ន្ធតាមរយៈការបង់ប្រាក់ស្ម័គ្រចិត្តប្រចាំឆ្នាំទៅក្រសួងរតនាគារជាតិ។
 
កាលពីថ្ងៃទី៤ ខែមករា លោក Eric Trump បានសរសេរក្នុងអ៊ីមែលថា ធនាគារចិនដែលមានឈ្មោះក្នុងរបាយការណ៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ ២០០៨ ដើម្បីជួលនៅអគារ Trump Tower រយៈពេល ២០ឆ្នាំ ជិតមួយទសវត្សរ៍មុនពេលឪពុករបស់លោកក្លាយជាប្រធានាធិបតី។
 
​«ច្បាស់​ណាស់​ដែល​ឪពុក​របស់​លោក​មិន​អនុញ្ញាត​ឲ្យ​អាជីវកម្ម​មាន​ឥទ្ធិពល​លើ​សកម្មភាព​របស់ខ្លួន​ក្នុង​នាម​ជា​ប្រធានាធិបតី»។ លោក Eric Trump សង្កត់ធ្ងន់បែបនេះដោយបន្តថា គ្មានប្រធានាធិបតីអាម៉េរិកណាម្នាក់ក្នុងប្រវត្តិសាស្ត្រ ដែលតឹងរ៉ឹងជាមួយចិនជាងលោកជាងលោក ដូណាល់ ត្រាំនោះឡើយ។ ទន្ទឹមនេះ លោកក៏បានលើកឡើងពីពន្ធសំខាន់ៗដែលអតីតប្រធានាធិបតី ត្រាំ បានដាក់លើទំនិញ និងសេវាកម្មរបស់ចិន ព្រមទាំងបញ្ជាក់ថា «អាជីវកម្មរបស់ Trump មិនមានសមត្ថភាពក្នុងការរារាំងនរណាម្នាក់ពីការកក់បន្ទប់តាមរយៈភាគីទីបីនៅសណ្ឋាគារនោះទេ»។
 
ជុំវិញរឿងនេះ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានច្រានចោលព័ត៌មាននេះ ដោយលើកហេតុផលថាមិនមានអ្វីខុសទេដែលលោក ត្រាំ ទទួលបានប្រាក់ចំណូលពីរដ្ឋាភិបាលបរទេសនៅពេលលោកកាន់តំណែង។ ទន្ទឹមនេះ ពួកគេក៏បានងាកមករិះគន់អាជីវកម្មរបស់គ្រួសារប្រធានាធិបតី ចូ បៃឌិន វិញ។ 
 
នៅក្នុងរបាយការណ៍ខាងលើក៏អំពាវនាវឱ្យសភាពិចារណាលើការអនុម័តច្បាប់បញ្ចេញព័ត៌មានថ្មី ដើម្បីជួយសមាជិកសភាទទួលបានព័ត៌មានសម្រាប់ការត្រួតពិនិត្យ។ ក្នុងនោះ របាយការណ៍បានផ្តល់អនុសាសន៍ឱ្យមានលំនាំជាផ្លូវការជាងនេះ សម្រាប់ប្រធានាធិបតី និងមន្ត្រីដទៃទៀត ដើម្បីស្វែងរកការយល់ព្រមពីសភា នៅពេលដែលពួកគេទទួលបាន និងចង់រក្សាទុកវត្ថុមានតម្លៃពីប្រទេសផ្សេងៗ៕ 

Tag:
 អាម៉េរិក
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com