សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិកបានក្លាយជាអ្នកនាំចេញឧស្ម័នរាវធំបំផុតរបស់ពិភពលោក
06, Jan 2024 , 8:59 am        
រូបភាព
ទូកត្រៀមអូសកប៉ាល់ដឹកឧស្ម័នធម្មជាតិនៅ Cameron ក្នុងរដ្ឋ Louisiana ។ រូបភាព ៖ Bloomberg
ទូកត្រៀមអូសកប៉ាល់ដឹកឧស្ម័នធម្មជាតិនៅ Cameron ក្នុងរដ្ឋ Louisiana ។ រូបភាព ៖ Bloomberg
អាម៉េរិកទើបតែក្លាយជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ដ៏ច្រើនបំផុតរបស់ពិភពលោកជាលើកដំបូងក្នុងឆ្នាំ២០២៣ ជាមួយនឹងបរិមាណ ៩១,២លានតោនដោយអូស្ត្រាលី និងកាតាតាមពីក្រោយ។

 
អាម៉េរិកបាននាំមុខអូស្ត្រាលី និងកាតា ដើម្បីក្លាយជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ដ៏ធំបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៣។
 
បើតាមសារព័ត៌មាន Bloomberg នៅឆ្នាំ២០២៣ អាម៉េរិកបាននាំចេញ LNG ចំនួន ៩១,២ លានតោន។ សកម្មភាពនាំចេញមានភាពប្រសើរឡើងបន្ទាប់ពីរោងចក្រនាំចេញឈានមុខគេ Freeport LNG បានដំណើរការឡើងវិញបន្ទាប់ពីការផ្អាករយៈពេល ៨ខែដោយសារភ្លើងឆេះនៅខែមិថុនា ឆ្នាំ២០២២។
 
ទន្ទឹមនេះ បណ្តាប្រទេសរបស់សហភាពអឺរ៉ុប (EU) កំពុងបង្កើនការនាំចូលថាមពល ដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នពីរុស្ស៊ី។


 
អូស្ត្រាលីជាប្រទេសនាំចេញ LNG ធំជាងគេទី២ កាលពីឆ្នាំមុន។ ចំណែក កាតាដែលជាអ្នកនាំមុខគេក្នុងការនាំចេញ LNG ក្នុងឆ្នាំ២០២២ បានធ្លាក់ចុះមកចំណាត់ថ្នាក់លេខ៣ជាមួយនឹងការថយចុះ ១,៩ភាគរយនៃទិន្នផលដែលបានផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោក។
 
នៅឆ្នាំនេះ គម្រោង LNG ថ្មីចំនួនពីររបស់អាម៉េរិកនឹងចាប់ផ្តើមប្រតិបត្តិការ និងរុករកឧស្ម័ន។ ទាំងនេះមានរោងចក្រ Venture Global LNG មានទីតាំងនៅ Plaquemines រដ្ឋ Louisiana និងមជ្ឈមណ្ឌល Gloden Pass ក្នុងរដ្ឋតិចសាស់ ដែលជាគម្រោងបណ្តាក់ទុនរួមគ្នារវាង Exxon Mobil និង QatarEnergy ។ នៅពេលដំណើរការពេញលេញ គម្រោងទាំងពីរនេះនឹងជួយបង្កើនទិន្នផល LNG របស់អាម៉េរិកឲ្យបានចំនួន ៣៨លានតោនក្នុងមួយឆ្នាំ៕ 
 

Tag:
 ឧស្ម័នរាវ
  ពិភពលោក
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com