កីឡាអន្តរជាតិ
អន្តរជាតិ
Oscar ម្ចាស់មេដាយមាសប៉ារ៉ាឡាំពិក៦ ត្រូវដោះលែង ក្រោយជាប់ឃុំ១១ឆ្នាំ ពីបទ សម្លាប់មិត្តស្រី
06, Jan 2024 , 10:59 am        
រូបភាព
លោក Oscar Pistorius ម្ចាស់មេដាយមាសប៉ារ៉ាឡាំពិកចំនួន៦ ត្រូវបានដោះលែងពី ពន្ធនាគារនៅអាហ្វ្រិកខាងត្បូង ក្រោយជាប់ឃុំជិត ១១ឆ្នាំ ជុំវិញករណីសម្លាប់ មិត្ត ស្រីរបស់ខ្លួននាង Reeva Steenkamp។



Oscar ដែលបច្ចុប្បន្នមានអាយុ ៣៧ ឆ្នាំបានបាញ់មិត្តស្រីខ្លួននាង Steenkamp ដែល ជាតារាម៉ូឌែល ជាច្រើនគ្រាប់នៅច្រកទ្វារផ្ទះកាលពីឆ្នាំ២០១៣។ មូលហេតុឈានដល់ ការបាញ់នោះ អត្តពលិកពិការជើងទាំងសងខាងរូបនេះ អះអាងថាខ្លួនច្រឡំមិត្តស្រីជាចោរគាស់ផ្ទះ។

ទោះអះអាងយ៉ាងនេះក្តី ទីបំផុត Oscar ដែលជាកំពូលកីឡាករអត្តពលកម្មប៉ាឡាំពិក អាហ្វ្រិកខាងត្បូង ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៣ឆ្នាំ ពីបទមនុស្សឃាតនៅឆ្នាំ ២០១៥ ក្រោយរួចខ្លួននៅក្រៅឃុំជារើយៗ រយៈពេល២ឆ្នាំ។

ជិត១១ឆ្នាំ ដោយគិតពីឆ្នាំ២០១៣មក Oscar ទីបំផុតក៏ត្រូវបានដោះឡែងវិញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ។ ម្តាយរបស់ Steenkamp ទទួលយកការសម្រេចចិត្តដោះលែង អតីតអត្តពលិកប៉ារ៉ាឡាំពិករូបនេះ ប៉ុន្តែគ្រួសារខ្លួនប្រៀបដូចត្រូវបានកាត់ទោសមួយជីវិត។

នៅក្រោមច្បាប់របស់ប្រទេសអាហ្រ្វិកខាងត្បូង ជនល្មើសទាំងអស់មានសិទ្ធិ ត្រូវបាន ពិចារណាឱ្យនៅក្រៅឃុំ នៅពេលដែលពួកគេបានអនុវត្តការកាត់ទោសសរុបពាក់កណ្តាល នៃកាលកំណត់រយៈពេល ១៣ឆ្នាំ។

យ៉ាងណាក៏ដោយ ម្ចាសមេដាយមាសប៉ារ៉ាអូឡាំពិកចំនួន៦ លើប្រភេទកីឡាអត្តពលកម្ម នៅប៉េកាំង ក្រុងឡុងដ៍ និងអាតែន ត្រូវរស់នៅក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹង រួមទាំងមិនអាចនិយាយអ្វីទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ រហូតដល់ការកាត់ទោសរបស់ខ្លួនផុតកំណត់៕

Tag:
 Oscar Pistorius
  Reeva Steenkamp
© រក្សាសិទ្ធិដោយ thmeythmey.com