អន្តរជាតិ
ទីប្រឹក្សាយោបល់សន្តិសុខហ្វីលីពីនថា ខ្លួននៅតែបើកចំហការពិភាក្សាការទូតជាមួយចិន
06, Jan 2024 , 1:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ទីបឹ្រក្សាយោបល់សន្ដិសុខជាតិហ្វីលីពីន លោក Eduardo Ano នៅថ្ងៃទី៥ ខែមករា បានបញ្ជាក់ថា ក្រុងម៉ានីលនឹងនៅតែបើចំហសម្រាប់កិច្ចពិភាក្សាការទូតជាមួយចិន ហើយជឿជាក់ថាប្រទេសទាំងពីរនឹង សម្រេចបានដំណោះស្រាយដោយកិច្ចចរចាសន្តិភាពសម្រាប់ជម្លោះនៅសមុទ្រចិនខាងត្បូង។

 
លោក Eduardo Ano ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន នៅថ្ងៃទី៥ ខែមករា បានថ្លែងសុន្ទរកថាមួយ ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយចិន។ ការអះអាងរបស់លោក Ano ធ្វើឡើងក្រោយអ្នកនាំពាក្យក្រសួងការបរទេសចិន បានហៅការល្បាតរួមគ្នានាពេលថ្មីៗនេះរវាងអាម៉េរិក និងហ្វីលីពីន ក្នុងសមុទ្រចិនខាងត្បូងថាជាការបង្កហេតុ និង គ្មានការទទួលខុសត្រូវ។
 
«ការល្បាតរួមគ្នារបស់យើងជាមួយអាម៉េរិក និងសកម្មភាពដែលអាចកើតឡើងនាពេលខាង មុខជាមួយប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត បង្ហាញពីការប្តេជ្ញាចិត្តទៅវិញទៅមករបស់យើង ចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ និងសម្រាប់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពតំបន់»។ លោក Ano បានលើកឡើងបែបនេះរួចបន្ថែមថា ហ្វីលីពីននៅតែបើក ចំហចំពោះការពិភាក្សាការទូតជាមួយចិន ហើយបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសទាំងអស់។
 
លោកជឿជាក់ផងដែរថា ការសន្ទនាដោយសន្តិវិធី និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ អាចសម្រេចបាននូវដំណោះស្រាយដែលបម្រើផលប្រយោជន៍ល្អបំផុតសម្រាប់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងតំបន់។
 
តាមយោធាហ្វីលីពីននាថ្ងៃទី៤ ខែមករា នាវាកងទ័ពជើងទឹកចិនចំនួនពីរបាន នៅតាមពីក្រោយនាវាហ្វីលីពីន និងអាម៉េរិក ដែលធ្វើការល្បាតរួមគ្នា ហើយទើបនឹងបញ្ចប់ ថ្មីៗនេះ។ សមយុទ្ធដែនសមុទ្ររយៈពេលពីរថ្ងៃមាននាវាចំនួន ៤ មកពីកងទ័ពជើងទឹក ហ្វីលីពីន នាវាចំនួន ៤ ផ្សេងទៀតមកពីកងនាវាឥណ្ឌូប៉ាស៊ីហ្វិករបស់អាម៉េរិក រួមទាំងនាវាដឹកយន្តហោះចម្បាំង Nimitz គឺ USS Carl Vinson ផងដែរ។ ការល្បាតបានបញ្ចប់នៅក្នុងរយៈពេល ២ ថ្ងៃ ហើយនាវាអាម៉េរិកបានត្រឡប់ទៅកំពង់ផែក្រុងម៉ានីលនាថ្ងៃទី៦ ខែមករា។
 
គួរបញ្ជាក់ថា ការល្បាតរួមគ្នាខាងលើនេះ ជាលើកទី២ ដែលហ្វីលីពីន និងអាម៉េរិកធ្វើឡើង ក្នុងរយៈពេលតិចជាងពីរខែនៅក្នុងសមុទ្រចិនខាងត្បូង ខណៈភាពតានតឹងជុំវិញការទាមទារ ទឹកដីនៅសមុទ្រដ៏ចម្រូងចម្រាសនេះកំពុងផ្ទុះឡើង៕

Tag:
 ហ្វីលីពីន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com