កីឡាអន្តរជាតិ
អន្តរជាតិ
ដឹកនាំមិនល្អ ប្រេស៊ីលបញ្ចប់លោក Diniz ពីតំណែងគ្រូបង្វឹក
06, Jan 2024 , 2:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) នៅថ្ងៃទី៥ ខែមករា បានបញ្ចប់តំណែងលោក Fernando Diniz ជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល។ ៦ប្រកួតក្រោមការដឹកនាំរបស់លោក Diniz ប្រេស៊ីលឈ្នះតែ២លើកប៉ុណ្ណោះ។


 
លោក Diniz វ័យ៤៩ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបណ្តោះអាសន្ន ក្នុងកិច្ចសន្យាមួយឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០២៣។ ក្រោមការដឹកនាំ៦ប្រកួតក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ក្រុមរហស្សនាមសាំបា ចាញ់៣លើក ស្មើមួយ និងឈ្នះ២។ 
 
លទ្ធផលដឹកនាំមិនសមប្រកមខុសពីការរំពឹងទុកនេះ បានធ្វើឱ្យ CBF សម្រេចបញ្ចប់តំណែងលោក Diniz មុនកិច្ចសន្យាតែម្តង និងរកបេក្ខភាពថ្មីជំនួសតំណែងនេះ។
«CBF សូមអរគុណលោក Fernando Diniz សម្រាប់ការងារជិតកន្លះឆ្នាំ ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ក្រុមជម្រើសជាតិប្រេស៊ីល»។ នេះជាការអះអាងរបស់ CBF។ 
ប្រធាន CBF លោក Ednaldo Rodrigues លើកឡើងថាលោកសម្រេចចិត្តបញ្ចប់លោក Diniz ដោយជួលគ្រូបង្វឹកអចិន្ត្រៃយ៍តែម្តង ដើម្បីរៀបចំក្រុមសម្រាប់ការប្រកួត FIFA World Cup ឆ្នាំ ២០២៦។
 
សម្រាប់តំណែងគ្រូថ្មីប្រេស៊ីល CBF កំពុងមើលឃើញលោក Carlo Ancelotti អ្នកចាត់ការទូទៅ Real Madrid ដើម្បីដឹកនាំនៅដើមឆ្នាំនេះតែម្តង។ យ៉ាងណាក៏ដោយ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះចង់បន្តកិច្ចសន្យាថ្មីជាមួយ Real Madrid។ 
 
ក្រៅពី Ancelotti លោក Rodrigues ក៏ពេញចិត្តការដឹកនាំរបស់លោក Dorival Junior គ្រូ Sao Paulo សព្វថ្ងៃផងដែរ។
 
ឆ្លងកាត់វគ្គជម្រុះ FIFA World Cup តំបន់អាម៉េរិកឡាទីន ៦ប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Diniz ប្រេស៊ីល ស្ថិតនៅចំណាត់ថ្នាក់ទី៦ ជាប់តំបន់ត្រូវកាត់ចោល ដោយរកបាន៧ពិន្ទុប៉ុណ្ណោះ។ អាហ្សង់ទីន ឈរកំពូលតារាងមាន១៥ពិន្ទុ៕
 

Tag:
 CBF
  Fernando Diniz
  ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com